ភ្នំពេញ៖ តារាសម្តែងជើងចាស់តួម្តាយ អ្នកស្រីអ៊ឹម ផល្លា បានទម្លាយរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺការប៉ង លោតទឹកសម្លាប់ខ្លួនក្រោយពីដើរដល់ផ្លូវទាល់គ្មានលុយបង់បន្ទប់ជួល ហើយគេឈប់លែងឲ្យនៅ។
ថ្លែងទាំងទឹកភ្នែកហូររហាមអ្នកស្រី អ៊ឹម ផល្លា បានបញ្ជាក់ថា ដោយសារជំងឺប្រចាំកាយនិងមិនមានការសម្តែងច្រើនដូចមុនទើបអ្នកស្រីមិនមានចំណូលសម្រាប់បង់ថ្លៃផ្ទះជួលរយៈពេល៣ជិត៤ខែហើយ។ មិនមានទីពឹងខណៈកូនប្រុសត្រូវជាប់ឃុំនៅឡើយទើបអ្នកស្រីអស់សង្ឃឹមហើយចង់បញ្ចប់ជីវិតដោយការលោតទឹក ប៉ុន្តែដោយសារអ្នកជិតដិតជាអ្នកសិល្បៈដូចគ្នាជួយលួងលោមលើកទឹកចិត្ត និងរៃគ្នាតិចតួចដើម្បីជួយ ទើបអ្នកស្រីបានប្តូរចិត្ត។
អ្នកស្រីថាផ្ទះជួលនោះត្រូវបានម្ចាស់ចាក់សោរលែងឲ្យចូល ហើយសម្លៀកបំពាក់ក៏គ្មានដែរមានតែមួយចង្កះ ហើយត្រូវអ្នកសិល្បៈជិតដិតជួយទិញឲ្យខ្លះប៉ុណ្ណោះ។ ទោះជាយ៉ាងណាអ្នកស្រីមិនបន្ទោសម្ចាស់ផ្ទះទេព្រោះយូរខែហើយដែរដែលអ្នកស្រីមិនមានលទ្ធភាព។ អ្វីដែលអ្នកស្រីចង់បានគឺការជួយពីសប្បុរសជនខ្លះដើម្បីបាន លុយ បង់ផ្ទះនិងបន្តការងារចិញ្ចឹមជីវិត។
ក្រោយពីការអំពាវនាវ ពីអ្នកសិល្បៈរួមអាជីពមួយចំនួនអ្នកស្រីក៏ទទួលបានការជួយជាថវិកាមួយចំនួនពីសប្បុរសជន និងអ្នកសិល្បៈដូចគ្នា។
គួរបញ្ជាក់ផងដែរថាអ្នកស្រី អ៊ឹម ផល្លាវ័យ៥៦ឆ្នាំ គឺជាអតីតអ្នករបាំបុរាណម្នាក់ ហើយបានផ្លាស់ប្តូរមកសម្តែងក្នុងតួជាម្តាយ អ្នកបម្រើ មេដោះ ជាដើម អស់រយៈពេលជាង១០ឆ្នាំមកហើយ។ អ្នកស្រីជួលផ្ទះជាន់លើតូចមួយលើដំបូលគេនាតំបន់ផ្សារថ្មី។ កន្លងទៅអ្នកស្រីក៏ធ្លាប់ទទួលបានជំនួយខ្លះៗពីសមាគមសិល្បរខ្មែរផងដែរ៕ ដោយ វឌ្ឍនា