អាមេរិកមានគ្រាប់បែកបរមាណូជាច្រើនរក្សាទុកនៅតាមបណ្តាប្រទេសតំបន់អឺរ៉ុប ក្នុងនោះមានប្រទេសជាសមាជិកណាតូ ដើម្បីការពារប្រទេសជាសម្ព័ន្ធមិត្ត ។ ក្នុងនោះមានប្រទេសតួកគីជាដើម ។ នៅពេលនេះ ដោយសារតែតួកគីមិនស្តាប់អាមេរិក ទើបទីក្រុងវ៉ាស៊ីនតោន ប្រកាស ដកគ្រាប់បែកបរមាណូ៥០គ្រាប់ ចេញពីតួកគី ហើយកាត់ផ្តាច់សម្ពន្ធមិត្តជាមួយទីក្រុង អែនការ៉ា។
អាមេរិកមានគ្រាប់បែកបរមាណូ ៥០គ្រាប់រក្សាទុកនៅក្នុងប្រទេសតួកគី ស្ថិតនៅទីតាំងទាហានអាកាស Incirlik មានចម្ងាយពីព្រំដែនស៊ីរី១៦០ គីឡូម៉ែត្រ ។ ក្រោយពេលប្រឈមមុខតានតឹងជាមួយតួកគី អាមេរិក មានគម្រោងដកគ្រាប់បែកទាំងនោះចេញ ។
សារព័ត៌មាន New York Times នៅថ្ងៃទី១៤ខែតុលា បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថា គ្រាប់បែកបរមាណូ B-61 អាចនឹងត្រូវយកចេញពីទីតាំង Incirlik ក្នុងពេលដែលកំពុងតែតានតឹង ដោយសារតែតួកគីវាយប្រហារជនជាតិឃឺដនៅក្នុងប្រទេសស៊ីរី។
គ្រាប់បែកបរមាណូ B-61 គឺជាឧបករណ៍សម្រាប់គំរាមកំហែងដល់ប្រទេសរុស្ស៊ី និងបង្ហាញពីការសន្យា របស់អាមេរិកការពារប្រទេសជាសមាជិកណាតូទាំង២៨ ។
មន្ត្រីយោធាអាមេរិក បាននិយាយទៅកាន់សារព័ត៌មាន New York Times ថា មន្ត្រីទទួលបន្ទុកគ្រប់គ្រងថាមពលនៅអាមេរិក កំពុងតែត្រួតពិនិត្យ វិធីសាស្ត្រដើម្បី ដឹកជញ្ជូនអាវុធបរមាណូ ចេញពី ប្រទេសតួកគី។
សារព័ត៌មានខាងលើរបស់អាមេរិក បានផ្សាយថា«ការដកគ្រាប់បែកបរមាណូចេញពី ទីក្រុង Incirlik គឺជាការ បញ្ចប់សម្ព័ន្ធមិត្ត អាមេរិក តួកគី ។ មន្ត្រីអាមេរិក មិនបានបញ្ជាក់ថាអាវុធបរមាណូទាំងនោះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសណានោះឡើយ។ ប៉ុន្តែក្រុមអ្នកឯកទេសបញ្ជាក់ថា អាមេរិកនឹងយកទៅរក្សាទុកនៅក្នុងប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្តណាតូផងដែរ។
នៅពេលនេះដែរ អាមេរិក បានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីជាន់ខ្ពស់ជាច្រើនរូប របស់ប្រទេសតួកគីនិងដំឡើងពន្ធ ៥០ភាគរយដល់ផលិតផលដែកថែបរបស់ប្រទេសនេះ ។ ជាមួយគ្នានេះអាមេរិក ក៏បានលុបកិច្ចពិភាក្សា វិស័យពាណិជ្ជកម្មដែលមានតម្លៃជាង ១០០ពាន់លានដុល្លារ ។
ពាក់ព័ន្ធនឹងសកម្មភាពយោធានៅក្នុងប្រទេសស៊ីរី រដ្ឋាភិបាលតួកគីទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីណ្តាប្រទេសតំបន់អឺរ៉ុប។ជាមួយគ្នានោះអឺរ៉ុបបានប្រកាសឈប់លក់អាវុធទៅឲ្យតួកគី ។
ជាមួយគ្នានោះដែរ ប្រធានាធិបតីតួកគី នឹងសងជនភៀសខ្លួន៣លាននាក់ ទៅឲ្យស៊ីរីវិញ។
ប្រធានាធិបតីតួកគី លោក Erdogan បានព្រមានថា តួកគី នឹងបញ្ជូនក្រុមជនភៀសខ្លួនវិលត្រឡប់ទៅកាន់ស៊ីរី វិញ ឬបើកទ្វារឲ្យចូលទៅកាន់អឺរ៉ុប ប្រសិនបើអឺរ៉ុបនៅតែរារាំង ដល់បេសកកម្មយោធា របស់ តួកគីវាយប្រហារទៅលើក្រុមទាហានជនជាតិឃឺដ។
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃទី១៥ខែតុលាបានបញ្ជាក់ថាកម្លាំងទាហានតួកគី មានគម្រោង បណ្តេញក្រុមទាហានជនជាតិឃឺដចេញពីស្រុក Manbij ក្នុងខេត្ត Aleppo ភាគឦសាននៃប្រទេសស៊ីរីជិតព្រំដែនប្រទេសអ៊ីរ៉ាក់ ដើម្បីបង្កើតតំបន់សុវត្ថិភាព ដែលតួកគីគ្រប់គ្រង់ ហើយនឹងបញ្ជូន ជនភៀសខ្លួនស៊ីរី ៣លាននាក់ វិលត្រឡប់ទៅរស់នៅទីនោះ។
ចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើងនៅឆ្នាំ២០១១ ក្រុមជនជាតិស៊ីរី បានភៀសខ្លួនទៅកាន់ប្រទេសតួកគី ។ គិតមកដល់ពេលនេះ មានជនភៀសខ្លួនស៊ីរីនៅក្នុងទឹកដីតួកគី រហូតដល់ទៅ៣លាននាក់ ។ លោក Erdogan បញ្ជាក់ថា ដំណាក់កាលដំបូងមានពលរដ្ឋភៀសខ្លយនស៊ីរី១លាននាក់ ត្រូវវិលត្រឡប់ទៅកាន់ស៊ីរីវិញ និងដំណាក់កាលទី២មានពីរលាននាក់។
តួកគីតែងតែត្អូនត្អែថា ខ្លួនត្រូវទទួលរងនៅអម្រែកយ៉ាងធ្ងន់ ដែលត្រូវចិញ្ចឹម ពលរដ្ឋស៊ីរី៣លាននាក់ ចំណុចទាំងនោះហើយបានជាតួកគី ខិតខំបញ្ចប់សង្គ្រាមស៊ីវិលនៅស៊ីរី ដើម្បីឲ្យពលរដ្ឋទាំងនោះត្រឡប់ទៅវិញ។
ពាក់ព័ន្ធនិងការវាយប្រហារនៅប្រទេសស៊ីរី គិតដល់ថ្ងៃទី១៥ខែតុលា កម្លាំងទាហានរដ្ឋាភិបាលតួកគី បានរំដោះ ផ្ទៃដី១ពាន់គីឡូម៉ែត្រក្រឡា ពីក្រុង ទាហានជនជាតិឃឺដ ។
ពាក់ព័ន្ធនិងវិវាទរវាង តួកគីនិងស៊ីរី ពេលនេះរុស្ស៊ីបានចេញមុខ ដោយសន្យាថា នឹងជួយទប់ស្កាត់ជម្លោះប្រដាប់អាវុធ រវាងប្រទេសទាំងពីរ ។
រុស្ស៊ីបានសន្យាថានឹងមិនអនុញ្ញាតឱ្យតួកគី និងកងទ័ពរដ្ឋាភិបាលស៊ីរីប៉ះទង្គិចគ្នានោះទេ ខណៈយោធាតួក គី នៅតែបន្តវាយសម្រុកចូលកាន់តែជ្រៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ និងបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនភៀសខ្លួនស៊ីរី។
បេសកជនពិសេសរុស្ស៊ីទទួលបន្ទុកកិច្ចការស៊ីរី លោក Alexander Lavrentyev ធ្វើការអះអាងបែប នេះ នាឱកាសបំពេញទស្សនកិច្ចអមដំណើរលោក ពូទីន ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Lavrentyev បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រតិបត្តិការយោធារបស់ តួកគីនៅស៊ីរី គឺជារឿងមិនអាចទទួលយកបាន…ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យកងកម្លាំងនៃប្រទេស ទាំងពីរប៉ះទង្គិចគ្នានោះទេ»។
គួរបញ្ជាក់ថា រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏ធំនៃរដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់សាដ ហើយ បើតាមក្រសួងការពារជាតិរុស្ស៊ី យោធារបស់ខ្លួនដែលមានវត្តមាននៅក្នុងប្រទេសស៊ីរីចាប់តាំងពី ឆ្នាំ២០១៥ កំពុងធ្វើការទំនាក់ទំនងជាមួយយោធាតួកគី និងស៊ីរី ដើម្បីបញ្ជៀសរាល់ជម្លោះប្រដាប់ អាវុធរវាងប្រទេសទាំងពីរ៕