វិភាគអន្តរជាតិ ៖ ក្រោយមិនចុះសម្រុងនិងគ្នា អាមេរិកគ្រោងដកគ្រាប់បែកបរមណូ​៥០គ្រាប់ចេញពីតួកគី 

ចែករំលែក៖

អាមេរិកមានគ្រាប់បែកបរមាណូជាច្រើនរក្សាទុកនៅតាមបណ្តាប្រទេស​តំបន់អឺរ៉ុប ក្នុងនោះមានប្រទេសជាសមាជិកណាតូ ដើម្បីការពារប្រទេសជាសម្ព័ន្ធមិត្ត ។ ក្នុងនោះមានប្រទេសតួកគីជាដើម ។ នៅពេលនេះ ដោយ​​សារតែតួកគីមិនស្តាប់អាមេរិក ទើបទីក្រុងវ៉ាស៊ីនតោន ប្រកាស ដកគ្រាប់បែកបរមាណូ​៥០គ្រាប់ ចេញ​ពីតួកគី​ ហើយកាត់ផ្តាច់សម្ពន្ធមិត្តជាមួយទីក្រុង អែនការ៉ា។

អាមេរិកមានគ្រាប់បែកបរមាណូ​ ៥០គ្រាប់រក្សាទុកនៅក្នុងប្រទេសតួកគី  ស្ថិតនៅទីតាំងទាហានអាកាស  Incirlik ​មានចម្ងាយពីព្រំដែនស៊ីរី​១៦០ គីឡូម៉ែត្រ ។ ក្រោយពេលប្រឈមមុខតានតឹងជាមួយតួកគី អាមេ​រិក មានគម្រោងដកគ្រាប់បែកទាំងនោះចេញ ។​

សារព័ត៌មាន​ New York Times ​នៅថ្ងៃទី​១៤ខែតុលា បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក​បានបញ្ជាក់​ថា គ្រាប់បែកបរមាណូ B-61 អាចនឹងត្រូវយកចេញពីទីតាំង  Incirlik ​ក្នុងពេលដែលកំពុងតែតានតឹង​ ដោយសារតែតួកគីវាយប្រហារជនជាតិឃឺដនៅក្នុងប្រទេសស៊ីរី​។

គ្រាប់បែក​បរមាណូ​ B-61 គឺជាឧបករណ៍សម្រាប់គំរាមកំហែងដល់ប្រទេសរុស្ស៊ី និងបង្ហាញពីការសន្យា របស់អាមេរិកការពារប្រទេសជាសមាជិកណាតូ​ទាំង​២៨ ។

មន្ត្រីយោធាអាមេរិក បាននិយាយទៅកាន់សារព័ត៌មាន​ New York Times ថា មន្ត្រីទទួលបន្ទុកគ្រប់គ្រងថាមពលនៅអាមេរិក កំពុងតែត្រួតពិនិត្យ វិធីសាស្ត្រ​ដើម្បី ដឹកជញ្ជូនអាវុធបរមាណូ ចេញពី ប្រទេសតួកគី។

សារព័ត៌មានខាងលើរបស់អាមេរិក បានផ្សាយថា​«ការដកគ្រាប់បែកបរមាណូចេញពី ទីក្រុង​ Incirlik  គឺជាការ បញ្ចប់សម្ព័ន្ធមិត្ត អាមេរិក តួកគី ។ មន្ត្រីអាមេរិក មិនបានបញ្ជាក់ថាអាវុធបរមាណូទាំងនោះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសណានោះឡើយ។ ប៉ុន្តែក្រុមអ្នកឯកទេសបញ្ជាក់ថា អាមេរិកនឹងយកទៅរក្សាទុកនៅក្នុងប្រទេសផ្សេងទៀតដែលជាសម្ព័ន្ធមិត្តណាតូផងដែរ។

នៅពេលនេះដែរ អាមេរិក បានដាក់ទណ្ឌកម្ម ទៅលើមន្ត្រីជាន់ខ្ពស់ជាច្រើនរូប របស់ប្រទេសតួកគី​​និងដំឡើង​ពន្ធ ៥០ភាគរយ​ដល់ផលិតផលដែកថែបរបស់ប្រទេស​នេះ ។ ជាមួយគ្នានេះអាមេរិក ក៏បានលុបកិច្ចពិភាក្សា វិស័យពាណិជ្ជកម្មដែលមានតម្លៃជាង ១០០ពាន់លានដុល្លារ ។

ពាក់ព័ន្ធនឹងសកម្មភាពយោធានៅក្នុងប្រទេសស៊ីរី រដ្ឋាភិបាលតួកគីទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីណ្តាប្រទេសតំបន់អឺរ៉ុប​។​ជាមួយគ្នានោះអឺរ៉ុបបានប្រកាសឈប់លក់អាវុធទៅឲ្យតួកគី ។

ជាមួយគ្នានោះដែរ ប្រធានាធិបតីតួកគី នឹងសងជនភៀសខ្លួន​៣លាននាក់ ទៅឲ្យស៊ីរីវិញ។

ប្រធានាធិបតីតួកគី លោក​ Erdogan បានព្រមានថា តួកគី នឹងបញ្ជូនក្រុមជនភៀសខ្លួន​វិលត្រឡប់​ទៅកាន់ស៊ីរី វិញ ឬ​បើកទ្វារឲ្យចូលទៅកាន់អឺរ៉ុប ប្រសិនបើអឺរ៉ុបនៅតែរារាំង ដល់បេសកកម្មយោធា របស់ តួកគី​វាយប្រហារទៅលើក្រុមទាហានជនជាតិឃឺដ។

ប្រធានាធិបតីតួកគី លោក​ Recep Tayyip Erdogan  កាលពីថ្ងៃទី​១៥ខែតុលាបានបញ្ជាក់ថាកម្លាំងទាហាន​តួកគី មានគម្រោង បណ្តេញក្រុមទាហានជនជាតិឃឺដចេញពី​ស្រុក​ Manbij ​ក្នុងខេត្ត​ Aleppo ​ភាគឦសាន​នៃប្រទេសស៊ីរីជិតព្រំដែនប្រទេសអ៊ីរ៉ាក់​ ដើម្បីបង្កើតតំបន់សុវត្ថិភាព ដែលតួកគីគ្រប់គ្រង់​ ហើយនឹងបញ្ជូន ជនភៀសខ្លួនស៊ីរី ៣លាននាក់ វិលត្រឡប់ទៅរស់នៅទីនោះ​។

ចាប់តាំងពីសង្គ្រាមស៊ីវិលផ្ទុះឡើងនៅឆ្នាំ​២០១១ ក្រុមជនជាតិស៊ីរី បានភៀសខ្លួនទៅកាន់ប្រទេសតួកគី ។ គិតមកដល់ពេលនេះ មានជនភៀសខ្លួនស៊ីរីនៅក្នុងទឹកដីតួកគី រហូតដល់ទៅ​៣លាននាក់ ។​ លោក Erdogan បញ្ជាក់ថា ដំណាក់កាលដំបូង​មានពលរដ្ឋភៀសខ្លយនស៊ីរី​១លាននាក់ ​ត្រូវវិ​លត្រឡប់ទៅកាន់ស៊ីរីវិញ និងដំណាក់កាលទី​២មានពីរលាននាក់​។

តួកគីតែងតែត្អូនត្អែថា​ ខ្លួនត្រូវទទួលរងនៅអម្រែកយ៉ាងធ្ងន់ ដែលត្រូវចិញ្ចឹម ពលរដ្ឋស៊ីរី​៣លាននាក់  ចំណុចទាំងនោះហើយបានជាតួកគី ខិតខំបញ្ចប់សង្គ្រាមស៊ីវិលនៅស៊ីរី ដើម្បីឲ្យពលរដ្ឋទាំងនោះត្រឡប់ទៅវិញ។

ពាក់ព័ន្ធនិងការវាយប្រហារនៅប្រទេសស៊ីរី គិតដល់ថ្ងៃទី​១៥ខែតុលា កម្លាំងទាហានរដ្ឋាភិបាលតួកគី បានរំដោះ ផ្ទៃដី​១ពាន់គីឡូម៉ែត្រក្រឡា ពីក្រុង ទាហានជនជាតិឃឺដ​ ។

ពាក់ព័ន្ធនិងវិវាទរវាង តួកគីនិងស៊ីរី ពេលនេះរុស្ស៊ីបានចេញមុខ ដោយសន្យាថា នឹងជួយទប់ស្កាត់ជម្លោះប្រដាប់អាវុធ រវាងប្រទេសទាំងពីរ ។

រុស្ស៊ីបានសន្យាថានឹងមិនអនុញ្ញាតឱ្យតួកគី និងកងទ័ពរដ្ឋាភិបាលស៊ីរីប៉ះទង្គិចគ្នានោះទេ ខណៈយោធាតួក គី នៅតែបន្តវាយសម្រុកចូលកាន់តែជ្រៅក្នុងតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធឃើដ និងបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនភៀសខ្លួនស៊ីរី។ 

បេសកជនពិសេសរុស្ស៊ីទទួលបន្ទុកកិច្ចការស៊ីរី លោក Alexander Lavrentyev ធ្វើការអះអាងបែប នេះ នាឱកាសបំពេញទស្សនកិច្ចអមដំណើរលោក ពូទីន ទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Lavrentyev បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រតិបត្តិការយោធារបស់ តួកគីនៅស៊ីរី គឺជារឿងមិនអាចទទួលយកបាន…ប៉ុន្តែយើងនឹងមិនអនុញ្ញាតឱ្យកងកម្លាំងនៃប្រទេស ទាំងពីរប៉ះទង្គិចគ្នានោះទេ»។

គួរបញ្ជាក់ថា រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏ធំនៃរដ្ឋាភិបាលលោកប្រធានាធិបតី បាស្សា អាល់សាដ ហើយ បើតាមក្រសួងការពារជាតិរុស្ស៊ី យោធារបស់ខ្លួនដែលមានវត្តមាននៅក្នុងប្រទេសស៊ីរីចាប់តាំងពី ឆ្នាំ២០១៥ កំពុងធ្វើការទំនាក់ទំនងជាមួយយោធាតួកគី និងស៊ីរី ដើម្បីបញ្ជៀសរាល់ជម្លោះប្រដាប់ អាវុធរវាងប្រទេសទាំងពីរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print