ខេត្តកណ្តាល៖ចោរលួចស្រាបៀរ GANZBERG ចំនួនមួយកេសនៅស្រុកលើកដែក កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវបានលោក អាត ចន្ឌ័ដារា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៤ ខែតុលា តាមមាត្រា៣៥៤ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទឈ្មោះថន វ៉ាន់ថា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះទន ហ៊ន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។
នគរបាលស្រុកលើកដែកបានប្រាប់អោយដឹងថា នៅមុនពេលកេីតហេតុជនរងគ្រោះកំពុងតែអង្គុយរាប់លុយជាមួយកូននៅក្នុងផ្ទះ ។ ពេលនោះជនរងគ្រោះបានឃើញជនសង្ស័យលីស្រាបៀរចេញពីផ្ទះរបស់ខ្លួនដើរយ៉ាងលឿនតាមមាត់ព្រែកសំដៅទៅទិសខាងលិច ។
ជនរងគ្រោះបានដើរតាមពីក្រោយជនសង្ស័យបានចម្ងាយប្រហែលជា១០០០ម៉ែត្រ ឃើញជនសង្ស័យដាក់ស្រាបៀរចុះជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាងយកមកប៉ុស្តិ៍រដ្ឋបាល រួចបញ្ជូនមកកាន់អធិការដ្ឋានបន្តដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី ៕ ឆ ដា