ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០១៩នេះ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខជនសង្ស័យ ជាជនជាតិចិន ចំនួន៤នាក់ ដើម្បីអោយអ្នកសារព័ត៌មាន បានថតរូប និងធ្វើព័ត៌មាន មុននឹងបញ្ជូនមុខសញ្ញាទាំងនោះ ទៅកាន់សាលាដំបូងខេត្ត។
លោកឧត្តមសេនីយ៍ត្រីកុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ជនសង្ស័យទាំង៤នាក់មានឈ្មោះ
១/ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
២/ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
៣ / Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤ / Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនជាតិចិនទាំង៤នាក់ គ្មានលិខិតឆ្លងដែនទាំងអស់។
លោក កុល ផាលី ស្នងការរង បានបញ្ជាក់បន្ថែមថា ៖ កន្លងមក មុខសញ្ញាជនជាតិចិនទាំង៤នាក់នេះ បានប្រព្រឹត្តអំពើចោរកម្ម ប្រើប្រាស់ឧបករណ៍ទំនើបៗ អាចដោះសោរស្វ័យប្រវត្តិ ហើយលួចយកទ្រព្យសម្បត្តិជាច្រើនករណី ជាពិសេសកាច់សោរកលួចម៉ូតូ ។
តាមចម្លើយសារភាព របស់ជនសង្ស័យទាំង៤ បានឲ្យដឹងថា ៖ មាន២នាក់ ក្នុងចំណោមគ្នាវា៤នាក់ គឺ ឈ្មោះ Zhou Wen និង ឈ្មោះ Tan Bei បានធ្វើសកម្មភាពវាយប្លន់ជនរងគ្រោះម្នាក់ ជាជនជាតិចិនដូចគ្នា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅតាមផ្លូវ ជិតអង្គការ ម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ សំភារៈបាត់បង់៖ ប្រាក់១,៧០០$, ទូរស័ព្ទ ១គ្រឿងម៉ាក i-Phone។
នៅព្រឹកមិញនេះ នគរបាលបានប្រគល់ម៉ូតូមួយគ្រឿងជូនម្ចាស់ម៉ូតូវិញផងដែរ ក្រោយដកហូតបានពីក្រុមជនសង្សយ័ដែលបានលួចយកមុនពេលចាប់ខ្លួន៕
ដោយ៖ ឆ្លាម សមុទ្រ