ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង ឯកឧត្តម ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជា អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
នៅក្នុងឱកាសនៃពីធីនោះផងដែរ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។ អញ្ជើញអមដំណើរ សម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ ហើយនៅក្នុងពិធីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងជួបដោយឡែកជាមួយ ឯកឧត្ដម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនឹងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
សូមបញ្ជាក់ថា ឯកឧត្តម ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ២០១៩-២០២៤ ហើយការអញ្ជើញចូលរួមរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕