ខេត្តបាត់ដំបង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោលបានចុះបង្រ្កាបអ្នកញៀននឹងល្បែងជល់មាន់មួយកន្លែងឃាត់មនុស្សបានចំនួន៣នាក់ រឹមអូសមាន់ជល់២ក្បាល ម៉ូតូ១៣គ្រឿង និងឧបករណ៍បម្រើឲ្យសង្វៀនជល់មានមួយចំនួន ។
ប្រតិបត្តិការបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនេះធ្វើឡើងដោយកម្លាំងនគរបាលស្រុកថ្មគោលនេះបានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃ សុក្រ៥រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី១៨ តុលា នៅចំណុចភូមិទួល ឃុំរូងជ្រៃ ស្រុកថ្មគោលខណ:ដែលមនុស្សរាប់សិបនាក់ បានរត់បាតជើងសព្រាត ហើយសមត្ថកិច្ចឃាត់ខ្លួនបានតែ៣នាក់ ។
របាយការណ៍លោកផង់ សុភាព អធិការស្រុកថ្មគោល បានឲ្យដឹងថា ល្បែងជល់មាន់ខាងលើនេះ ត្រូវបានក្រុមអ្នកញៀននឹងល្បែងនេះ នាំគ្នាបើកលេងលួចលាក់ច្រើនថ្ងៃមកហើយ តែក្រោយពីសមត្ថកិច្ចទៅទូលបានព័ត៌មាន ទើបសុំគោលការណ៍ពីលោកស្នងការនគរបាលខេត្ត ដើម្បីចុះបង្ក្រាបតែម្ដង ។ លោកអធិការបានបញ្ជាក់ថា ជាមួយនឹងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនអ្នកប្រព្រឹត្តល្បែងចំនួន៣នាក់ និងវត្ថុតាងមួយចំនួនទៀត ។ អ្នកញៀនល្បែងទាំង៣នាក់ ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ សន គ្រុយ ភេទប្រុស អាយុ៥៣ឆ្នាំ ២-ឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ៥៤ឆ្នាំ ទាំង២នាក់នេះ រស់នៅភូមិទំនាប ឃុំតាម៉ឺន ស្រុកថ្មគោល និង៣-ឈ្មោះ ភូ វ៉េីន ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ។ រីឯវត្ថុតាងដែលដកហូតមានមាន់ជល់២ក្បាល, សង្វៀនមួយឈុត និងម៉ូតូចំនួន១៣គ្រឿងផងដែរ។
លោកផង់ សុភាព បានបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ទាំង៣នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។ ប៉ុន្តែលោកស្នងការខេត្ត គ្រាន់តែបង្គាប់ឲ្យក្រុមអ្នកលេងល្បែងទាំងនេះ ធ្វើកិច្ចសន្យាបញ្ឍប់ប្រព្រឹត្តល្បែងស៊ីសង និងឲ្យមន្ត្រីជំនាញធ្វើការអប់រំហើយឲ្យពួកគេត្រឡប់ទៅផ្ទះវិញផ្ទះចុះព្រោះពួកគាត់មានវ័យចំណាសៗអស់ហើយ។ ដោយឡែកវត្ថុតាងទាំងអស់ត្រូវបានដកហូតរក្សាទុកដើម្បីអនុវត្តតាមនិតិវិធី ៕
ដោយ៖ ប្រាថ្នា