ក្រុងហ្សាការ ៖ នៅម៉ោង ១៨.០០ ល្ងាចថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់ក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ជាប្រធានាធិបតី និង ឯកឧត្តម ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជាអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
វត្តមាននៃការអញ្ជើញដល់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីសំណាក់មន្ត្រីរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីអង្គទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ព្រមថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។
សូមជម្រាបថា ពិធីដែលត្រូវប្រារព្ធធ្វើនៅថ្ងៃស្អែកនេះ នឹងមានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានជាច្រើនទៀត។ ហើយនៅក្នុងពិធីនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងជួបដោយឡែកជាមួយ ឯកឧត្ដម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ ឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនឹងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។
សូមបញ្ជាក់ថា ឯកឧត្តម ចូកូ វីដូដូ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ២០១៩-២០២៤ ហើយការអញ្ជើញចូលរួមរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕