ប្រទេសឥណ្ឌូនេសុី៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងដំណើរអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីឥណ្ឌូនេស៊ីរបស់ លោក ចូកូ វីដូដូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារដោយផ្ទាល់ជាមួយលោកចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ ឯកឧត្តម ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក។ លោក ក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ លោកប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយក្នុងការចូលរួមពិធីដ៏សែនមានអត្ថន័យមួយនេះ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហនុ ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនលោកប្រធានាធិបតីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ខណៈដែលអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហារបស់ទីម័រដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ានទាំងអស់នឹងសម្រេចពីការចង់ក្លាយជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាទីក្រុងបាងកក នៅចុងឆ្នាំនេះ។
សម្តេចតេជោ បានថ្លែងថា ប្រទេសទីម័រខាងកើត បានខិតខំគ្រប់លទ្ធភាពដើម្បីក្លាយជាសមាជិកអាស៊ាន ជាពិសេសបានបើកស្ថានទូតនៅប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ សម្តេចតេជោសង្ឃឹមថា ឯកឧត្តមប្រធានាធិបតីនឹងគាំទ្រប្រទេសទីម័រជាសមាជិករបស់អាស៊ាន។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី គាំទ្រការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកទី១១ របស់អាស៊ាន ហើយឥណ្ឌូនេស៊ីគាំទ្រប្រទេសទីម័រ។ ឯកឧត្តម ប្រធានាធិបតី បានលើកឡើងថា ជារឿងដ៏សម្រាប់ការអនុញ្ញាតឱ្យទីម័រក្លាយជាសមាជិកអាស៊ាន។
សម្រាប់បញ្ហាទំនាក់ទំនងទ្វេភាគីវិញ លោកប្រធានាធិបតី បានមើលឃើញមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ដូចជាវិស័យសុខាភិបាលប្រទេសទាំងពីរមានការវិនិយោគរួមគ្នា ហើយវិស័យដឹកជញ្ជូនវិញប្រទេសទាំងពីរមានការហោះហើរត្រង់ជាមួយគ្នាផងដែរ។ ប៉ុន្តែឯកឧត្តមមើលឃើញថា នៅមានវិស័យជាច្រើនទៀតដែលមានសក្តានុពលហើយត្រូវយកចិត្តទុកដាក់បន្ថែមដូចជាការដឹកជញ្ជូនផ្លូវដែក និងតាមផ្លូវទឹកជាដើម។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ លោកប្រធានាធិបតី ចូកូ វីដូដូ នឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីរបស់ឥណ្ឌូនេស៊ី សម្រាប់អាណត្តិទី២របស់លោកពីឆ្នាំ២០១៩ ដល់ ២០២៤ បន្ទាប់ពី ឯកឧត្តមបានឈ្នះឆ្នោតកាលពីខែមេសា កន្លងទៅនេះ។
ពិធីចូលកាន់តំណែងរបស់ឯកឧត្តមត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធឹកអធមដោយមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំប្រទេសជាមិត្តមួយចំនួនទៀត៕
ដោយ៖ សុខ ខេមរា