ភ្នំពេញ៖ស្រ្តីជនជាតិខ្មែរឥស្លាមម្នាក់ត្រូវបានជនសង្ស័យ១ក្រុមដោះយកគ្រឿងអលង្ការ មាសនិងយកលុយអស់សរុប៥ពាន់ដុល្លារដឹកយកនាងតាំងពីខេត្តព្រះសីហនុមកទុកចោលនៅត្រង់ចំណុចនៅតាមផ្លូវក្នុងភូមិចំការសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ករណីនេះត្រូវបានអ្នករត់ម៉ូតូឌុបប្រទះឃើញអង្គុយយំកាលពីវេលាម៉ោង១២និង៥០នាទរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បន្ទាប់មកអ្នករត់ម៉ូតូឌុបក៏បានដឹកយកទៅប្រគល់ជូននគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសួរនាំ ។
ស្រ្តីរងគ្រោះរូបនោះបានប្រាប់ថា នាងឈ្មោះសាំ យ៉ាស់ អាយុ២១ឆ្នាំជនជាតិខ្មែរឥស្លាម មានមុខរបរលក់ឥវាន់បោះដុំ មានទីលំនៅក្នុងភូមិវាលរេញ សង្កាត់វាលរេញ ក្រុងព្រៃនប់ខេត្តព្រះសីហនុ បាត់បង់គ្រឿងអលង្ការមាស១តម្លឹងកន្លះ និងលុយ១២លានរៀល។នាងមិនបានដឹងថាខ្លួនឯងមានរឿងអ្វីកើតឡើងនោះទេ គឺគ្រាន់តែចាំបានថា នៅមុនពេលកើតហេតុគាត់បានយកលុយចំនួន១២លានរៀល ហើយបានជិះម៉ូតូឌុប១គ្រឿងទៅកាន់ផ្សារវាលរេញ ដើម្បីយកយកលុយខាងលើទៅសងម៉ូយថ្លៃទិញឥវាន់ ។
ប្រភពដដែលបានបន្តថា លុះពេលជិះម៉ូតូទៅដល់ផ្សារវាលរេញគាត់បានទិញទឹកសុទ្ធ១ដបផឹក ក្រោយមកក៏ស្រាប់តែលែងដឹងខ្លួនរហូតតែម្ដង លុះពេលដឹងខ្លួនឡើងវិញ ស្រាប់តែមកស្ថិតនៅចំណុចខាងលើទៅវិញ។
ហើយលុយព្រមទាំងគ្រឿងអលង្ការមាសបាត់អស់ពីខ្លួន មិនតែប៉ុណ្ណោះមានអាការៈមិនស្រួលខ្លួនរវើរវាយវិលមុខ ខុសប្រក្រតីថែមទៀតផង។បន្ទាប់ពីសង្កេតឃើញស្រ្តីរងគ្រោះរូបនេះមានអាការៈបែបនេះនគរបាលសង្ស័យថានាងត្រូវថ្នាំសណ្ដំ ទើបប្រាប់ឲ្យបុរសម្នាក់ដែលត្រូវជាបងថ្លៃដឹកទៅកាន់មន្ទីរពេទ្យព្យាបាលភ្លាមៗដែរ ហើយពេលណាធូរស្រាលចាំមកដាក់ពាក្យបណ្ដឹងជាក្រោយ៕
ដោយ៖ សុខាសែនជ័យ