អាជ្ញាធរខណ្ឌច្បារអំពៅប្រើធម៍ក្តៅ ទៅលើយានយន្តដឹកអ្នកដំណើរដែល បង្កភាពអាណាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញៈការព្យាយាមរបស់អាជ្ញាធរខណ្ឌក្នុងការអប់រំណែនាំទៅលើអ្នកបើកបររថយន្តតាក់ស៉ី រ៉ឺម៉កម៉ូតូ និងម៉ូតូកង់បីឥណ្ឌា កុំអោយបង្កភាពអណាធិបតេយ្យនៅលើកំណាត់ ផ្លូវជាតិលេខ១តំបន់គល់ស្ពានព្រះមុនីវង្សត្រើយខាងកើតទៅដល់ព្រំប្រទល់រវាងសង្កាត់វាលស្បូវនិងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហាក់ទទួលបានផលជាវិជ្ជមានតិចតួចណាស់ អ្នកបំពាននៅតែបំពាន អ្នកអនុវត្តតាមការណែនាំនៅតែអនុវត្តមិនបង្កផលលំបាកដល់អាជ្ញាធរឡើយ ។
ផ្តើមចេញពីទង្វើផ្គើននិងគោលការណែនាំរបស់អាជ្ញាធរខណ្ឌ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌបានចុះចាប់រថយន្តតាក់ស៉ីចំនួន៣គ្រឿង រ៉ឺម៉កម៉ូតូ៣គ្រឿង និងម៉ូតូកង់បីឥណ្ឌាចំនួន៨ គ្រឿង ដែលមធ្យោបាយដឹកអ្នកដំណើរទាំងអស់នេះឈប់ចតនៅលើចិញ្ចើមផ្លូវនិងរត់ចាប់ម៉ូយប្រសេចប្រសាចនៅលើផ្លូវជាតិលេខ១ ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈបង្កទៅជាភាពអណាធិបតេយ្យពេញលើផ្លូវជាតិ ។ មួយផ្នែកទៀត សកម្មភាពរបស់ក្រុមអ្នករត់ចាប់ម៉ូយដាក់រថយន្តនេះគឺជាដើមចមនៃការកើតមានគ្រោះថ្នាក់ចរាចរដែលអាចកើតឡើងជាយថាហេតុ ។
លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅបានប្រាប់ថា ដោយមានការណែនាំពីលោកអភិបាលខណ្ឌ កម្លាំងសន្តិសុខបានចុះចាប់មធ្យោបាយដឹកអ្នកដំណើរដែលធ្វើអោយបាត់បង់សណ្តាប់ធ្នាប់នៅលើផ្លូវជាតិលេខ១ចំនួនជាង១០គ្រឿង។ នេះមិនមែនជាលើកទី១ទេដែលគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅប្រើវិធានការក្តៅទៅលើម្ចាស់យានយន្តដែលឈប់ចតនៅតាមចិញ្ចើមផ្លូវជាតិលេខ១ហើយរត់ចាប់ម៉ូយប្រសេចប្រសាច ។ វិធានការនេះបានធ្វើជាច្រើនលើកច្រើនសារហើយ ប៉ុន្តែមុននឹងប្រើវិធានការក្តៅ គណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការផ្សព្វផ្សាយនិងណែនាំអោយម្ចាស់យានយន្តត្រូវអនុវត្តតាមគោលការបស់អាជ្ញាធរខណ្ឌ និយាយរួមគឺហាមមិនអោយយានយន្តដឹកអ្នកដំណើរទាំងអស់ឈប់ចតនៅចិញ្ចើមផ្លូវជាតិ លេខ១ហើយរត់ចាប់ម៉ូយប្រសេចប្រសាច នោះឡើយ ដោយតម្រូវអោយចូលចតក្នុងបេង ។
ទោះជាមានការណែនាំនិងផ្សព្វផ្សាយពីវិធានការយ៉ាងណាក៍ដោយ បញ្ហាធ្វើអោយបាត់បង់សណ្តាប់នៅគល់ស្ពានព្រះមុនីវង្សនៅតែកើតមានដដែល បង្កឡើងដោយរថយន្តតាក់ស៉ីតែ៥ទៅ៦គ្រឿងប៉ុណ្ណោះ ទើបពេលនេះគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការក្តៅដោយចាប់យានយន្តយកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌ៣ទៅ៤ថ្ងៃដើម្បីជាការព្រមានកុំអោយផ្គើននិងចំណាត់ការរបស់អាជ្ញាធរខណ្ឌ ៕ សណ្តោស


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print