សារព័ត៌មានរ៉យទ័របានផ្សាយថា សហរដ្ឋអាមេរិកបានសម្រេចចិត្តដកទណ្ឌកម្មប្រឆាំងតួកគី ដែលបានដាក់កាលពី០៩ថ្ងៃមុនវិញហើយ ជុំវិញប្រតិបត្តិការយោធាវាយលុកលើកងកម្លាំងឃើដ នៅក្នុងតំបន់ភាគខាងជើងប្រទេសស៊ីរី។
ការសម្រេចចិត្តខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងតួកគី បានចុះកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ពង្រាយយោធាឃ្លាំមើល និងបន្តសុពលភាពបទឈប់បាញ់ ១៥០ម៉ោងបន្ថែមទៀត សំដៅទុកពេលឱ្យក្រុមសកម្មប្រយុទ្ធឃើដ ដកចេញពីតំបន់ព្រំដែនតួកគី-ស៊ីរី ឱ្យបានចំងាយ ៣០គីឡូម៉ែត្រ។ ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងអង់ការ៉ាក៏បានព្រមានដែរថា ខ្លួននឹងបើកប្រតិបត្តិការយោធាឡើងវិញភ្លាមៗ បើឃើដមិនព្រមដកថយ។
ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ទុកឱ្យអ្នកផ្សេងប្រយុទ្ធគ្នា នៅលើវាលសាច់ប្រឡាក់ដោយឈាមនេះចុះ… ហើយទណ្ឌកម្មប្រឆាំងនឹងតួកគី នឹងត្រូវបានដកវិញ… ពីព្រោះពួកគេបានធានាថា នឹងបញ្ឈប់ការវាយលុកលើឃើដ ព្រមទាំងទទួលយកបទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ»។
គួរជម្រាបថា តួកគីចង់បង្កើតតំបន់សុវត្ថិភាពមួយ ដោយចាក់ចូលជ្រៅទៅក្នុងទឹកដីស៊ីរី ៣០គីឡូម៉ែត្រ ទុកសម្រាប់ជនភៀសខ្លួនស៊ីរីជាងពីរលាននាក់ ដែលកំពុងស្ថិតនៅលើទឹកដីតួកគី។ ប៉ុន្តែអ្វីដែលគួរឱ្យកត់ សម្គាល់នោះ គឺអ្នកជំនាញយល់ថា ការសម្រេចចិត្តរបស់លោក ត្រាំ ដោយទុកឱ្យតួកគី និងរុស្ស៊ីរួមគ្នាដោះស្រាយបញ្ហាឃើដ នឹងធ្វើឱ្យឥទ្ធិពលរុស្ស៊ីកាន់តែរីកធំនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
ជាមួយគ្នានេះដែរ កម្លាំងយោធារុស្ស៊ីឥឡូវនេះកំពុងល្បាតនៅតាមព្រំដែនស៊ីរីកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរួម ជាមួយតួកគីដើម្បីកុំឲ្យកងកម្លាំងឃឺដ មានការរំលោភបំពាន ។
ការណ៍នេះបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ ដែលមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតួតីគី លោក ហ៊ីដូហ្គាន បានព្រមព្រៀងគ្នាមួយឈានដល់ការបម្លាស់ផែនទីកងទ័ព នៅស៊ីរីភាគឦសាននោះ ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ថា «ជាក់ស្តែងណាស់ថា បើសិនកងកម្លាំងឃឺដ មិនដកថយ មិនដកអាវុធរបស់ពួកគេទេ បន្ទាប់មកឆ្មាំព្រំដែនស៊ីរី, ប៉ូលិស យោធារុស្ស៊ី នឹងមានវិធានការតប់ត ហើយកម្លាំងឃឺដ ដែលនៅសេសសល់ពីនោះទៀត នឹងត្រូវកម្ចាត់ដោយកម្លាំងតួកគី»។
រដ្ឋាភិបាលតួកគីបានចាត់ទុកម្លាំងឃឺដជាភេរវករ ពីព្រោះក្រុមនេះមានទំនាក់ទំនងជាមួយក្រុមឃឺដនៅក្នុងប្រទេសតួកគី ។ រដ្ឋាភិបាលតួកគីទាមទារក្រុមនេះដកថយពីតំបន់ព្រំដែនរបស់ខ្លួន ដើម្បីបង្កើតជា «តំបន់សុវត្ថិភាព» ដែលតួកគីអាចដាក់ជនភៀសខ្លួនស៊ីរីប្រមាណ៣.៦លាននាក់នៅលើទឹកដីរប់សខ្លួន ។
កម្លាំងឃឺដបានដកថយហើយកាលពីថ្ងៃទី២២ ខែតុលា ពីទឹកដីលាតសន្ធឹងប្រហែលជាង១២០គីឡូម៉ែត្រ ជម្រៅប្រហែល៣០គីឡូម៉ែត្រ រវាងទីក្រុង Ras al-Ayn និងទីក្រុង Tal Abyad ។
កិច្ចព្រមព្រៀងថ្មីជាមួយរុស្ស៊ី អនុញ្ញាតឱ្យតួកគីរក្សាការ ត្រួតត្រាទាំងស្រុងលើតំបន់ខាងលើនោះ។ ចំណែកព្រំដែននៅភាគឦសានប្រទេសស៊ីរី, កងកម្លាំងរដ្ឋាភិបាលរុស្ស៊ី និងស៊ីរី នឹងចូលទៅល្បាតនៅទីនោះដើម្បីធានាថា កងកម្លាំងឃឺដបានចាកចេញ ឬមិនចាកចេញ ៕