ភ្នំពេញ ៖ ក្រោយប្រកាសបែកបាក់ស្វាមីភ្លាម ស៊ុំ សុម៉ាលី បានវិលរកសិល្បៈភ្លែត។ ប្រកាសចូលភ្លាមៗនាងចាប់បានឱកាសថតភាពភាពយន្តមួយចំនួនក្នុងដៃរួចជាស្រេចដែលនឹងលេចរូបរាងនៅពេលខាងមុខ។
មុនពេលរៀបការជាមួយអតីតស្វាមីជាអ្នកលក់មីឆានោះ ស៊ុំ សុម៉ាលី សាងឈ្មោះល្បីល្បាញក្នុងវិស័យសម្តែង ពិសេសក្នុងភាពយន្តភាគដែលដឹកនាំសម្តែងដោយអ្នកស្រីពាន់ ភួងបុប្ផា និងភាពយន្តរបស់ផលិតកម្មមហាហង្ស។
ក្រោយរៀបការនិងមានកូនស្រីម្នាក់នាងមានការងារសិល្បៈតិចតួចបំផុតព្រោះត្រូវចំណាយពេលវេលាមើល ថែកូន ជួយលក់ដូរស្វាមី និងលក់ទំនិញតាមOnline ខ្លះៗផងដែរ។ ក្រោយទម្លាយរឿងប្តីលួចមានស្រី និងប្រកាសចែកផ្លូវគ្នាដើរ តារាស្រីរូបនេះបានវិលរកការងារសិល្បៈជាថ្មី។តារាស្រីរូបនេះបញ្ជាក់ថា ពេលនេះនាងមានពេលវេលាគ្រប់គ្រាន់ដើម្បីទទួលថតភាពយន្ត ព្រោះតែកូននាងក៏ធំល្មមអាចឲ្យអ្នកមើលថែ ជួយមើលបានខ្លះផងដែរ។
នាងបញ្ជាក់ថា នាងទទួលបានឱកាសថតភាពយន្តថ្មីរឿង”ឯកកោ”របស់ផលិត កម្មមហាហង្ស ក្នុងនោះដែរក៏មានផលិតកម្មមួយចំនួនកំពុងចចារឲ្យនាងសម្តែងផងដែរ។ នាងបញ្ជាក់ថា មិនមែនអត់ផ្លូវដើរ ទើបវិល រកការងារសិល្បៈ ប៉ុន្តែជាការងារនាងស្រលាញ់ហើយកន្លងមកក៏នឹងមានគម្រោងវិលរកការងារសិល្បៈវិញដែរក្រោយរឹងដៃរឹងជើង។ នាងថាមុខរបរលក់ទំនិញតាមOnline នៅតែបន្ត ហើយការងារសិល្បៈក៏ចាប់ផ្តើមពេញទំហឹង អ្វីដែលសំខាន់គឺការថែរក្សារាងឲ្យបានកាន់តែស្អាតដើម្បីកុំឲ្យអ្នកគាំទ្រខកចិត្តប៉ុណ្ណោះ។
តារាស្រីរូបនេះរំពឹងថានឹងទទួលបានឱកាសការងារសិល្បៈកាន់តែច្រើន ហើយនាងនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីការងារដែលខ្លួនឯងពេញចិត្ត៕ ដោយ វឌ្ឍនា