ខេត្តតាកែវ ៖ នាពេលកន្លងមកថ្មីៗនេះ មានរូបថតជាច្រើសន្លឹក ត្រូវបានគេបង្ហោះក្នុងហ្វេសប៊ុក ទាក់ទិនសង្ឃមួយអង្គ មានព្រះនាម នុន ណយ ដែលជាព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាមស្ថិតក្នុងឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ បានសាងស្នេហ៍យ៉ាងផ្អែមល្អែមជាមួយស្រីស្នេហ៍វ័យក្មេងម្នាក់ក្នុងភាពស្និទ្ធស្នាលដូចនៅគ្រហស្ថ តែពេលនេះត្រូវបានមេគណខេត្តតាកែវចាប់ផ្សឹកយ៉ាងបន្ទាន់ហើយ ។
បើតាមព្រះគ្រូ មហាវិរវង្សាចារ្យ ជ្រិន សិទ្ធ ព្រះមេគណខេត្តគណៈធម្មយុត្តិកនិកាយបានមានថេរដីកាឱ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៩ ព្រះចៅអធិការវត្តសិរីមង្គលកស្សបានរាម ព្រះនាម នុន ណយ ត្រូវបានគណៈសង្ឃសម្រេចផ្សឹកចោលហើយ ទៅតាមវិនិច្ឆ័យតាមព្រះវិន័យបិដកក្នុងសិក្ខាបទបរាជិក៤ ។ សកម្មភាពនេះធ្វើឡើងតាមពុទ្ធបញ្ញត្តិ ដែលទ្រងសម្តែងថា បើភិក្ខុណាសេពមេថុន(សេពកាម)ភិក្ខុនោះ ត្រូវបរាជិក(សឹកចោល) ។
ព្រះអង្គមានថេរដីកាបន្តថា យើងមិនអាចទុកបានទេ ចំពោះបុគ្គលដែលប្រព្រឹត្តផ្ទុយពីព្រះវិន័យដែលព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ញត្តិទុកហើយ ព្រោះបណ្តាលឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ។
យ៉ាងបើតាមប្រភពមួយទៀតបានឲ្យដឹងថា ក្រោយពីមេគណខេត្តចាប់ផ្សឹកអង្គរូបនេះរួចមក ជននេះមិនមានទទួលទោសទេ ហើយខាងស្រីស្នេហ៍ក៏មិនប្តឹងដែរ ប៉ុន្តែគេមិនដឹងថា រវាងអន្ទិត នុន ណយ និងស្រីស្នេហ៍របស់គាត់ បានគ្នាជាគូគាប់ដល់អនាគតក៏នៅមិនទាន់ដឹងដែរ ។
សូមបញ្ជាក់ថា អតិតព្រះចៅអធិការវត្ត វត្តសិរីមង្គលកស្សបានរាម ត្រូវបានបណ្តាញសង្គមហ្វេសប៊ុកបង្ហោះបង្ហាញរូបភាពជាច្រើនសន្លឹកពីភាពស្និទ្ធស្នាលដែលគាត់បានសាងជាមួយស្រីស្នេហ៍ ដោយអង្គុយទល់មុខគ្នាយកដៃស្ទាបទ្រូង និងចាប់ដៃគ្នាទៅវិញទៅមកក្នុងភាពញញឹមរាក់ទាក់ ។ក៏នៅមានរូបថតជាច្រើនសន្លឹកទៀតបង្ហាញពីភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ខុសពីវិន័យសង្ឃ និងធ្វើឲ្យមានការរិះគន់ពីមហាជន ថាទង្វើបែបនេះធ្វើឲ្យខូចតម្លៃសង្ឃ និងខូចដល់ព្រះពុទ្ធសាសនាធ្ងន់ធ្ងរ ៕
ដោយ៖ ប្រាថ្នា