ទីក្រុងបាងកក៖ នៅល្ងាចថ្ងៃដដែលនេះដែរ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៥(35th ASEAN Summit Plenary) រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញជាព្រះរាជាអធិបតី និងអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) ដែលចុះហត្ថលេខាដោយ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជាមួយនិងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក។
នៅក្នុងពិធីដ៏មានអត្ថន័យនោះ ឯកឧត្តម អគ្គលេខាធិការ អាស៊ាន និងលោកប្រធានសមាគមន៍សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមាន ប្រជាជនរស់នៅជាង៦៥០លានាក់។ លោកប្រធានសមាគមន៍សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។
លោកប្រធានសមាគមន៍សហព័ន្ធ បានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះបណ្តាមេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកំពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។
នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានអញ្ជើញថ្វាយនិងជូន អាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះផងដែរ៕
ដោយ៖ សុខ ខេមរា