ភ្នំពេញ៖ ជាការសង្កេតមើល គឺ ជារៀងរាល់ឆ្នាំ ឱ្យតែកម្ពុជារៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក អាជ្ញាធរតែងតែចែកស្រោមអនាម័យ ម៉ាក Ok ដល់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយឥតគិតថ្លៃផងដែរ ។
បញ្ហានេះ ប្រជាពលរដ្ឋខ្លះសម្តែងការងឿងឆ្ងល់ជុំវិញការចែកស្រោមអនាម័យ នេះ ។ តាមការពិត នេះ ជាការចូលរួមរបស់អាជ្ញាធរ ព្រោះថា រាល់ពេលពិធីបុណ្យអ៊ំទូក ប្រជាពលរដ្ឋតាមបណ្តាខេត្តយ៉ាងច្រើនកុះករ នឹងអញ្ជើញមករាជធានីភ្នំពេញ ហើយក្នុងឱកាសនោះ ការរួមភេទពិតជាកើតមានឡើងគេចមិនផុតឡើយ ។ ដូច្នេះទើបអាជ្ញាធរ ផ្តល់ជូនស្រោមអនាម័យ ដោយឥតគិតថ្លៃ ដើម្បីបង្ការជំងឺផ្សេងៗ ពិសេសជំងឺអេដស៍តែម្ដង ។
ដោយឡែក នៅឆ្នាំ២០១៩ នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ (NAA) នឹងបង្កើតយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ដោយរៀបចំឲ្យក្រុមការងារខ្លួនដើរចែកស្រោមអនាម័យចំនួន៥០ម៉ឺនស្រោម ដល់ពលរដ្ឋ នាពិធីបុណ្យអុំទូក នៅថ្ងៃទី១០-១២ ខែវិច្ឆិកា ។ នេះបើតាមលោក ហ៊ោ ប៉ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលត្រូវបានដកស្រង់ចេញផ្សាយដោយក្រសួងព័ត៌មាន ៕
ដោយ៖ ចេស្តា