រដ្ឋាភិបាលចិន៖មេដឹកនាំទីក្រុងហុងកុងបច្ចុប្បន្ន ថាអាចដោះស្រាយបញ្ហានានាបាន

ចែករំលែក៖

ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្ហាញពីទំនុកចិត្តទៅលើ មេដឹកនាំកោះហុងកុង អាចដោះស្រាយបញ្ហា ប្រឈមមុខនៅលើកោះនេះបានដោយជោគជ័យ។

សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបង្ហាញការទុកចិត្តយ៉ាងខ្លាំង ចំពោះមេដឹកនាំក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) ដែលកំពុងប្រឈមមុខនឹងការអំពាវនាវ ឱ្យចុះចេញពីតំណែងពីសំណាក់ក្រុមបាតុករ។

ការបង្ហាញការគាំទ្រ និងជំនឿចិត្តរបស់លោក ស៊ី ធ្វើឡើងនៅក្នុងជំនួបមួយនៅទីក្រុងសៀងហៃ នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះលោកប្រធានាធិបតីចិន បានលើកឡើងយ៉ាងដូច្នេះថា «លោកស្រី Lam បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្ថេរភាពនៅក្នុងទីក្រុងហុងកុង ហើយរដ្ឋាភិបាលមជ្ឈិម (ទីក្រុងប៉េកាំង) នៅតែបន្តគាំទ្រ និងមានជំនឿចិត្តចំពោះលោកស្រី និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី»។

ប៉ុន្តែព្រមពេលជាមួយគ្នា លោក ស៊ី ក៏បានអះអាងដែរថា បច្ចុប្បន្នការបញ្ចប់អំពើហិង្សា ភាពវឹកវរ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ គឺជាអាទិភាពដ៏ចម្បងសម្រាប់រដ្ឋាភិបាលទីក្រុងហុងកុង។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនមានសេចក្ដីរាយការណ៍ជាច្រើនថា ទីក្រុងប៉េកាំងកំពុងរៀបចំ ដកលោកស្រី Carrie Lam ពីតំណែងជានាយកប្រតិបត្តិទីក្រុងហុងកុង តែព័ត៌មាននេះមិនត្រូវបានទីក្រុងប៉េកាំងទទួលស្គាល់នោះទេ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print