ព្រះមហាក្សត្រកម្ពុជា ទ្រង់យាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្ដេចយាងប្រទានភ្លើងទៀនជ័យលើប្រទីបព្រះបរមរាជវាំង ដើម្បីឱ្យប្រទីបដែលមកពីស្ថាប័នផ្សេងៗចំនួន ១៤ ចាប់ផ្ដើមចេញដំណើរបណ្ដែតឡើងតាមដងទន្លេសាប ពីត្បូងទៅជើង ដែលអមដោយពិធីអុជកាំជ្រួច អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទីមួយនេះ។

យាងនិងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនោះដែរ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី រាជវង្សានុវង្ស ឧត្ដមទីប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដាខេត្ត និងរាជធានីយ៉ាងច្រើនកុះករ ។

នៅរាត្រីថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសពះព្រះខែ អកអំបុកនេះដែរ ក៏មានការសម្ដែងសិល្បៈ និងប្រគំតន្ត្រីជូនប្រជាពលរដ្ឋទស្សនាកម្សាន្តនៅតាមទីធ្លាសាធារណៈ មួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញផងដែរ។

សូមជូនពរបងប្អូនជនរួមជាតិទាំងទទួលបានសុខសុវត្ថិភាពក្នុងដំណើរកម្សាន្តជិតឆ្ងាយ និង សប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារនៅថ្ងៃទី០១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះ ខែ និង អកអំបុក ឆ្នាំ ២០១៩ នៅទូទាំងប្រទេស៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print