ភ្នំពេញ៖លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់អំពីទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិពាក់ព័ន្ធ ករណី លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បន្ទាប់តុលាការសម្រេចកែប្រែកាតព្វកិច្ចមួយចំនួនដែលអនុញ្ញាតអោយលោកមានសិទ្ធិចាកចេញពីផ្ទះបាន ។
ការចេញមកបញ្ជាក់នេះ គឺ ដើម្បីឆ្លើយតបនឹងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និង អង្គទូតមួយចំនួនប្រចាំកម្ពុជា ដែលបានសម្តែងក្តីបារម្ភផ្សេងៗគ្នាជុំវិញករណីនេះ ។
លោក ជិន ម៉ាលីន បានសរសេរតាមបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា យ៉ាងដូច្នេះថា ៖
ទី១. ការបង្ហាញនូវក្តីបារម្ភក៏ដូចជាសំណូមពររបស់អ្នកស្រី Rhona Smith និងអង្គទូតមួយចំនួននៅកម្ពុជា គឺជាសិទ្ធិសេរីភាពក្នុងការសំដែងមតិនិងការយល់ឃើញផ្ទាល់ខ្លួនរបស់ពួកគាត់ តែអ្វីៗត្រូវអនុលោមតាមបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន ជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ ដែលត្រូវបានហាមប្រាមដោយច្បាប់អន្តរជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ និងបញ្ញត្តិច្បាប់អន្តរជាតិផ្សេងៗទៀតស្តីពីទំនាក់ទំនងការទូត និងនីតិវិធីពិសេសរបស់អង្គការសហប្រជាជាតិ។
ទី២. ផ្អែកលើបញ្ញត្តិច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន ស្ថានភាពលោក កឹម សុខា បច្ចុប្បន្ននេះ មិនដូចស្ថានភាពរបស់ពលរដ្ឋនិងអ្នកនយោបាយទូទៅនោះទេ ព្រោះគាត់កំពុងជាប់ពិរុទ្ធនិងបទចោទ និងស្ថិតក្នុងដំណាក់កាលនីតិវិធីនៃការស៊ើបសួររបស់តុលាការ ហើយត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលក្នុងដំណាក់កាលនេះ ច្បាប់អនុញ្ញាតឱ្យតុលាការអាចធ្វើការកម្រឹតនូវសិទ្ធិសេរីភាពមួយចំនួន រួមទាំងសិទ្ធិនយោបាយផងដែរ ដើម្បីជាប្រយោជន៍នៃការស៊ើបសួរ។
ទី៣. ក្នុងដំណាក់កាលនីតិវិធីនៃការស៊ើបសួរ និងរបបនៃការដាក់ឱ្យនៅក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ ច្បាប់មិនបានកំណត់អំពីរយៈពេលអតិបរិមាឡើយ ពោលគឺអាស្រ័យលើចៅក្រមស៊ើបសួរជាអ្នកកំណត់ដោយផ្អែលលើលទ្ធផលនៃការស៊ើបអង្កេត។
ទី៤. ផ្អែកលើបញ្ញត្តិនីតិវិធីច្បាប់ជាតិរបស់កម្ពុជាដែលមានជាធរមាន ការសម្រេចទម្លាក់ចោលបទចោទឬមិនទម្លាក់ ជាសិទ្ធិរបស់តុលាការដែលជាស្ថាប័នឯករាជ្យ ហើយត្រូវធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់និងលទ្ធផលនៃការស៊ើបអង្កេត ដោយមិនត្រូវទទួលរងសម្ពាធនិងការបង្គាប់បញ្ជារបស់ភាគីណាមួយឡើយ រួមទាំងស្ថាប័នអន្តរជាតិ និងអង្គទូតផងដែរ ៕