ប្រទេសអូម៉ង់៖ កាលពីថ្ងៃទី១២ខែវិច្ឆិកាកម្មករមួយក្រុម ធ្វើការងារលើផ្នែកបណ្ដាញទុយោទឹក នៅក្រោមដី ទាំងកំពុងមានទឹកជំនន់ បណ្ដាលឲ្យស្លាប់ចំនួន៦នាក់ នៅក្នុងរដ្ឋធានី Muscat ប្រទេសអូម៉ង់ ។ សារព័ត៌មាន The Times of Oman បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះ បានប្រើប្រាស់ម៉ាស៊ីនបូមទឹកធំៗ ដើម្បីបូមទឹក ចេញពីក្រោមដី ជម្រៅ១៤ម៉ែត្រ។
អាជ្ញាធរទីក្រុង Muscat បានឲ្យដឹងថា ភ្លៀងបានបង្អុរមកយ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី១១ ខែវិច្ឆិកា មកម៉្លេះ ហើយទឹកជំនន់បានហូរបុកចូលទៅលើកន្លែងដែលកម្មករកំពុងជួសជុលប្រព័ន្ធទឹកក្រោមដី។ នៅក្នុងហេតុការណ៍នោះ ក្រុមអ្នកជួយសង្រ្គោះ បានព្យាយមជួយសង្រ្គោះជីវិតជនរងគ្រោះទាំងនោះដែរ ប៉ុន្ដែមិនអាចចូលទៅដល់ ទើបបណ្ដាលឲ្យកម្មករទាំង៦នាក់ខាងលើស្លាប់បែបនេះ។ ក្រោយពេលកើតហេតុ រយៈពេល១២ម៉ោង ទើបគេអាចរកឃើញសាកសពរបស់ជនរងគ្រោះ។
ទោះជាយ៉ាងណា គេមិនទាន់បានបញ្ជាក់ អំពីមូលហេតុ ដែលក្រុមកម្មករទាំងនោះ ចុះទៅធ្វើការងារ នៅក្នុងប្រព័ន្ធទឹកក្រោមដី ទាំងអាកាសធាតុ មិនអំណោចផល មានភ្លៀងធ្លាក់មកយ៉ាងខ្លាំង បង្កឲ្យមានទឹកជំនន់ស្ទើរពាសពេញផ្ទៃប្រទេស មិនគិតពីគ្រោះថ្នាក់បែបនេះទេ។ ប៉ុន្ដែបើតាមសេចក្ដីរាយការណ៍ខ្លះទៀត បានឲ្យដឹងថា កម្មករទាំងនោះ បានចុះទៅជួលជុលប្រព័ន្ធទុយោទឹកនៅក្រោមដី ដោយសារវាមានបញ្ហា។
មន្ត្រីទូតឥណ្ឌា ប្រចាំទីក្រុង Muscat ប្រទេសអូម៉ង់ បានថ្លែង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា យើងពិតជាមានការសោកសង្រេងខ្លាំងណាស់ ចំពោះឧបទ្ទវហេតុ ដែលបណ្ដាលឲ្យកម្មករចំនួន៦នាក់នោះស្លាប់បែបនេះ។ កម្មករទាំងនេះ ត្រូវគេជឿថា ជាជនជាតិឥណ្ឌា។
សហព័ន្ធកម្មករអូម៉ង បានថ្លែងថា ពួកគេនឹងស៊ើបអង្កេតឲ្យបានដិតដល់លើកករណីស្លាប់កម្មករទាំង៦នាក់ខាងលើនេះ។ ប៉ុន្ដែរហូតមកដល់ពេលនេះ គេមិនទាន់បានបញ្ជាក់់អំពីសញ្ជាតិរបស់កម្មករខាងលើនេះនៅឡើយ៕
ដោយ៖ មែវ សាធី