ទីក្រុងបាងកក៖ នៅក្នុងសវនាការកាត់ក្តីពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្ត ចន្ថាបុរី(Chanthaburi) កាលពីថ្ងៃទី១២ខែវិច្ឆិកា អតីតមន្ត្រីប៉ូលិស បានដកកាំភ្លើង បាញ់ប្រហារបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់។
តាមសារព័ត៌មាន SCMP បានផ្សាយថា លោក Thanin អាយុ៦៧ឆ្នាំ ជាឧត្តមសេនីយ៍ប៉ូលីសចូលនិវត្តន៍ បានទៅកាន់តុលាការស្តាប់ ការប្រកាសសាលក្រម ពាក់ព័ន្ធករណីវិវាទដីធ្លីអូសបន្លាយរយៈពេល ១០ឆ្នាំកន្លងមក ស្ថិតនៅក្នុងស្រុក Tha Mai ខេត្ត ចន្ទបុរី ប្រទេសថៃ ។ ភាគីវិវាទ មានដើមបណ្តឹង ប្រពន្ធនិង មេធាវីពីរនាក់។
នៅក្នុងសវនាការក៏បាន ការដំឡើងសសៃកដាក់គ្នា ទើប លោក Thanin ដកកាំភ្លើងខ្លី បាញ់ទៅលើដើមចោទ។ តាមការលើកឡើងរបស់ស្នងការប៉ូលិសថៃ មានមនុស្ស៣នាក់ស្លាប់នៅនឹងកន្លែង ក្នុងនោះមាន លោក Thanin ជនដៃដល់ និងមនុស្សម្នាក់ទៀតរងរបួស។ ពេលលោក Thanin បាញ់ប្រហារ សន្តិសុខការពារក៏បានផ្ទុះអាវុធបាញ់ទៅលើរូបលោក Thanin បណ្តាលឲ្យរងរបួសធ្ងន់ហើយស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។
អត្តសញ្ញាណជនរងគ្រោះមិនត្រូវបានប្រកាសជាសាធារណៈនោះឡើយ ប៉ុន្តែ សារព័ត៌មាន បាងកក់ប៉ុស្ត៍ បានផ្សាយថា អ្នកសា្លប់ ទាំងបីនាក់គឺលោកស្រី Bancha Porameesanaporn ជាអតីតមេធាវី ការពារក្តីឲ្យ អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ប៉ុន្តែពេលនោះលោកស្រីយីងឡាក់ចាញ់ក្តី ក្នុងសវនាកាកាលពីឆ្នាំ២០១៧ ហើយត្រូវជាប់ពន្ធនាគា ៥ឆ្នាំ ។
នេះមិនមែនជាករណីថ្មីនោះឡើយនៅក្នុងតុលាការប្រទេសថៃ កាលពីខែតុលា កន្លងមកថ្មីៗ ចៅក្រមតុលាកាថៃ ក៏បានបាញ់ខ្លួនឯងបណ្តាលឲ្យរបួសធ្ងន់ ក្រោយលោកត្រូវបង្ខំឲ្យប្រកាស សាលក្រមលើកលែងការចោទប្រកាន់ ដល់ជនដៃដល់សម្លាប់មនុស្ស៕
ដោយ៖ មែវ សាធី