ខេត្តព្រះសីហនុ ៖ លោកវរសេនីយ៍ទោ ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកទិដ្ឋាការ នៃនគរបាលអន្តោប្រវេសន៍ការិយាល័យអាកាសយានដ្ឋានអន្តរជាតិកងកេង (ខេត្តព្រះសីហនុ) កំពុងប្រព្រឹត្តនូវភាពមិនប្រក្រតី ក្នុងតួនាទីភារកិច្ច ដើម្បីគិតពីផលប្រយោជន៍បុគ្គល និងបក្ខពួក ជុំវិញករណីបង្ខំឲ្យបរទេសចូលទឹកដីកម្ពុជាបង់សេវាលើទិដ្ឋាការ ឆ្លងដែនខុសពីច្បាប់កំណត់ ។ យ៉ាងតិចក៏មានជនជាតិបរទេសម្នាក់ ត្រូវបានក្រុមលោក ណាំ សុវណ្ណារ៉ា កេងចំណេញយកតម្លៃទិដ្ឋាការលើសពីគោលការណ៍ច្បាប់កំណត់ចំនួន១០ដុល្លារ ។
មន្ត្រីបានលួចបង្ហើបថា យ៉ាងតិចក៏ក្នុងមួយថ្ងៃ មានភ្ញៀវទេសចរណ៍បរទេសត្រូវឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិកងកេង (ខេត្តព្រះសីហនុ) ប្រមាណជិត១ពាន់នាក់ ។ ដូច្នេះប្រសិនបើលោកស័ក្តិ៤កន្លះ ណាំ សុវណ្ណារ៉ា ត្រូវ បានគេអះអាងថា យកសេវាលើសក្នុងបរទេសម្នាក់១០ដុល្លារ មានន័យថាក្នុងមួយថ្ងៃនាយនគរបាលរូបនេះអាចរកប្រភពចំណូលដោយអំពើខុសច្បាប់បានរាប់ពាន់ដុល្លារ ទាំងប៉ះពាល់ដល់កិតិ្តយសការងារនគរបាលជាតិយ៉ាង ធ្ងន់ធ្ងរផងដែរ ។
មន្ត្រីក៏ដូចជាក្រុមហ៊ុនទេសចរណ៍បានលួចបង្ហើបថា ការផ្តល់ទិដ្ឋាការជូនដល់បរទេសចូលមកទឹកដីកម្ពុជា តាមរយៈ ច្រកអាកាសយានដ្ឋានអន្តរជាតិកងកេង (ខេត្តព្រះសីហនុ) ត្រូវចំណាយលុយបន្ថែមលើសពីច្បាប់កំណត់ក្នុងមួយនាក់១០ដុល្លារ ។ ក្នុងនោះដូចជាទិដ្ឋាការ (ប្រភេទទេសចរណ៍) ច្បាប់កំណត់ឲ្យយកក្នុងតម្លៃ៣០ដុល្លារ បែរជាក្រុមលោក ណាំ សុបណ្ណារ៉ា តម្រូវឲ្យបង់៤០ដុល្លារ ។ ដោយឡែកការផ្តល់ទិដ្ឋាការប្រភេទ (ពាណិជ្ជកម្ម) ច្បាប់កំណត់យកក្នុងតម្លៃ៣៥ដុល្លារ ក្រុមមន្ត្រីនគរបាលអន្តោប្រវេសណ៍ទាំងនេះ បានតម្រូវឲ្យបង់៤៥ដុល្លារទៅវិញ ។ សកម្មភាពពុករលួយនេះ ក៏បានជ្រៀតជ្រែកទៅលើក្រុមហ៊ុនទេសចរណ៍ (បិទសេវារត់ការជូនបរទេស) មានន័យថា ក្រុមរបស់លោក ណាំ សុវណ្ណារ៉ា រកមធ្យោបាយប្រមូលលុយពីការផ្តល់ទិដ្ឋាការឲ្យបរទេសនេះ ពុករលួយផ្តាច់ មុខតែម្តង ។
មន្ត្រីធ្លោយទៀតថា លើកលែងតែទិដ្ឋាការដែលចេញដោយអគ្គស្នងការនគរបាលជាតិចំនួនពីរប្រភេទប៉ុណ្ណោះដែលលោក ណាំ សុវណ្ណារ៉ា មិនហ៊ានគាបជំរិតទាញយកប្រយោជន៍ ដោយសារខ្លួនព្រួយបារម្ភពីតួនាទីភារកិច្ច និងបញ្ហាបំពានដល់ថ្នាក់លើ ។ ដូច្នេះក្នុងចំណោមភ្ញៀវបរទេស ទាំងខាងទេសចរណ៍ ទាំងខាងពាណិជ្ជកម្ម មានក្នុងមួយថ្ងៃយ៉ាងតិចជិត១ ពាន់នាក់ គេឃើញថាចំនួនភ្ញៀវទេសចរណ៍ និងភ្ញៀវពាណិជ្ជកម្មបរទេស មិនតិចជាងក្រោម៨០ភាគរយទេ ដែល ត្រូវបានក្រុមលោក ណាំ សុវណ្ណារ៉ា បង្ខំឲ្យបង់លុយលើសកំណត់ក្នុងម្នាក់១០ដុល្លារនោះ ។
បញ្ហានេះ គួរថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក៏ដូចជាថ្នាក់លើដែលពាក់ព័ន្ធលើការគ្រប់គ្រង មេត្តាកំណែទម្រង់ លុបបំបាត់ខណៈភ្ញៀវទេសចរណ៍ ភ្ញៀវពាណិជ្ជកម្មជនជាតិបរទេស គាត់ពិតជាបានដឹងអំពីតម្លៃសេវាទិដ្ឋាការនេះ ច្បាស់ណាស់ មិនត្រូវបណ្តែតបណ្តោយឲ្យបរទេសរិះគន់ និងចាត់ទុកថាមន្ត្រីនគរបាលកម្ពុជាធ្វើការមិនបានបំពេញការងារតាមតួនាទី ភារកិច្ច បម្រើសេវាឲ្យបរទេស ស្របតាមគោលនយោបាយផ្លូវច្បាប់ ពិសេសទង្វើទាំង នេះបានធ្វើឲ្យបាត់បង់ភាពថ្លៃថ្លូរមន្ត្រីនគរបាលកម្ពុជា ដែលកើតឡើងដោយបុគ្គលមួយចំនួនតូចគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាងគោលការណ៍ច្បាប់។ ក្នុងនោះបរទេសអោយលុយជាការផ្តល់កម្លាំងចិត្តមិនអីទេ តែក្រុមលោក ណាំ សុវណ្ណារ៉ា កាប់គាបទារលុយឆៅៗ ទាំងបំពាន៕ ដោយ ៖ ខ្សឹបដាក់ត្រចៀក