សិស្សវ័យ១៦ឆ្នាំម្នាក់បានបាញ់ប្រហារនៅក្នុងសាលារៀន បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង៣នាក់រងរបួសនៅក្នុងសាលារៀនមួយកន្លែងក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ។ ជនដៃដល់ក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរតែមិនស្លាប់។
ការបាញ់ប្រហារកើតឡើងនៅវិទ្យាល័យ Santa Clarita ក្នុងទីក្រុង Los Angeles រដ្ឋCalifornia។ ជនដៃដល់ក៏ជាសិស្សនៅក្នុងសាលានេះផងដែរ ហើយគេមានដើមកំណើតមកពីតំបន់អាស៊ី។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាព្រឹកថ្ងៃ១៤ខែវិច្ឆិកា (ពេលវេលាក្នុងតំបន់នៅអាមេ៉រិក) នៅពេលយុវជនម្នាក់បានធ្វើសកម្មភាពបាញ់ប្រហារ ទៅលើមិត្តរួមសាលាចំថ្ងៃខួបកំណើតអាយុ១៦ឆ្នាំរបស់ខ្លួន ដែលជាលទ្ធផលបានបណ្តាល ឲ្យសិស្ស២នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ បើតាមអាជ្ញាធរអាមេ៉រិក យុវជននោះមិនទាន់ស្លាប់ឡើយ គឺកំពុងទទួលការសង្រ្គោះនៅមន្ទីរពេទ្យ តែស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលិស ។
គួរជម្រាបថា អាជ្ញាធរអាមេ៉រិកមិនទាន់អាចកំណត់ជនមុខសញ្ញានៅពីក្រោយសកម្មភាពរបស់ខ្មាន់កាំភ្លើងនោះទេ។ រីឯទីភ្នាក់ងារស៊ើបអង្កេត FBI ក៏បានឲ្យដឹងដែរថា ពុំមានសញ្ញានៃមនោគមន៍វិជ្ជា ឬក៏ជនរួមគំនិតណាឲ្យប្រព្រឹត្តបទល្មើសនោះឡើយ។ ដោយឡែកជនរងគ្រោះដែលបានបាត់បង់ជីវិត រួមមានក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ និងក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ ខណៈក្នុងចំណោមអ្នករងរបួស មានក្មេងប្រុសម្នាក់ និងស្រី ២នាក់ ដែលមានអាយុចន្លោះពី ១៤-១៥ឆ្នាំ។ បើគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ ករណីបាញ់ប្រហារក្នុងសាលារៀនដល់ទៅជាង ៤០ករណី បានកើតឡើងនៅសហរដ្ឋអាមេ៉រិក៕ ធី រីណា