កូរ៉េខាងជើងចាប់ផ្តើមធ្វើសមយុទ្ធទាហាន ទ័ពអាកាសជាទ្រង់ទ្រាយធំ ក្រោមការត្រួតពិនិត្យពីមេដឹកនាំ គីម ជុងអ៊ុន

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង៖ បើទោះបីមានកិច្ចពិភាក្សា ដើម្បីកាត់បន្ថយភាពតានតឹងក៏ដូចជានាំមកនូវសន្តិភាពពេញលេញដល់ឧបទ្វីបកូរ៉េ ប៉ុន្តែ កូរ៉េខាងជើង នៅតែបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ការឈ្លានពានពីសត្រូវ ។ កន្លងមកថ្មីៗនេះ បានមើលឃើញមានយន្តហោះចម្បាំងរាប់សិបគ្រឿងជិតព្រំដែន ហើយនៅពេលនេះកូរ៉េខាងជើង ក៏បានចាប់ផ្តើមធ្វើសមយុទ្ធទាហាន ទ័ពអាកាសរបស់ខ្លួន ។

ប្រព័ន្ធផ្សព្វផ្សាយ​របស់កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា មេដឹកនាំគីម ជុងអ៊ុន បានត្រួតពិនិត្យមើលដោយផ្ទាល់​ការធ្វើសមយុទ្ធ​កងកម្លាំង​ទាហានជើងអាកាស ដែលជាសមយុទ្ធ​លើកទី២ ក្នុងអំឡុងពេល​៣ឆ្នាំ ហើយស្របពេលដែល​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​​បានប្រកាស​ពន្យារពេល​ការធ្វើសមយុទ្ធ​​ជើងអាកាសប្រចាំឆ្នាំ​របស់ពួកគេ​នោះ ។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រកាសថា ពួកគេអាចផ្អាក​ការធ្វើសមយុទ្ធយោធា​ជើងអាកាសរួមគ្នា ដែលគ្រោងធ្វើឡើងនៅ​ពេលឆាប់ៗខាងមុខនេះ ។ សមយុទ្ធនេះ ត្រូវបានស្គាល់ថា ជា​ព្រឹត្តិការណ៍​ហ្វឹកហាត់ការហោះហើរ​រួមគ្នា​ ។ គោលជំហរ​បែបនេះ​របស់អាមេរិក និងកូរ៉េខាងត្បូង គឺដើម្បី​ជួយជំរុញ​កិច្ចខិតខំ​​កុំឲ្យ​ជាប់គាំង​ក្នុងដំណើរ​ការចរចាស្វែងរកសន្តិភាព​ជាមួយ​រដ្ឋកូរ៉េខាងជើង ។ ទីក្រុងវ៉ាស៊ីនតោន​បានបដិសេធន៍ថា គោលបំណងបែបនេះ មិនមែនជាសម្បទាន​ណាមួយ​ដល់កូរ៉េខាងជើង​នោះឡើយ ។

សមយុទ្ធកម្លាំងទាហានជើង​អាកាស​ ដែលកាលពីគ្រាកន្លងមក គឺជាការបង្ហាញ​សេនារីយ៉ូ​ប្រយុទ្ធ​តាមផ្លូវអាកាស​ ក្នុងនោះ​មានការចូលរួម​ពីយន្តហោះចម្បាំង​ច្រើនប្រភេទ​​​របស់អាមេរិក ហើយនិងកូរ៉េខាងត្បូង ។

សារព័ត៌មាន​កូរ៉េខាងជើង KCNA នៅថ្ងៃទី១៨ ខែវិច្ឆិកា បានផ្សាយថា លោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់​ការធ្វើសមយុទ្ធ​ទាហានជើងអាកាស​។ កម្លាំង​ទាហានជើងអាកាស​កូរ៉េខាងជើង​ធ្វើសមយុទ្ធ​ចុះចត​នៅលើ​ដែនអាកាស ។ អង្គភាព​ទាហានប្រឆាំង​យន្តហោះចម្បាំង និងដែនអាកាស​របស់កងកម្លាំងទាហានកូរ៉េខាងជើង​​ ជាអ្នកធ្វើលំហាត់សមយុទ្ធនេះ ។

សារព័ត៌មាន KCNA បានផ្សាយថា លោកគីម ជុងអ៊ុន បានថ្លែងថា ជាការចាំបាច់នៅក្នុងការធ្វើសមយុទ្ធមួយ ដែលគ្មានការជូនដំណឹងជាមុន ក្រោមលក្ខខណ្ឌជាក់ស្តែង នៃសង្គ្រាមពិតប្រាកដ សម្រាប់ “ការធ្វើឱ្យប្រសើរឡើងនូវការត្រៀមលក្ខណៈ” របស់អង្គភាពយោធាកូរ៉េខាងជើង ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print