ភ្នំពេញ៖ សិស្សវិទ្យាល័យប្រមាណ ១៤០០ នាក់ក្នុងខេត្តចំនួន ៣ ក្នុងប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍នាពេលឆាប់ៗនេះពីកម្មវិធីថ្មីមួយស្ដីពី «អក្ខរកម្មឌីជីថល និងសុវត្ថិភាពអិុនធឺណិត» ដែលត្រូវបានរៀបចំសាកល្បងដោយក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Google និងក្រុមហ៊ុន GSMA ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តនៃសមាគមពាណិជ្ជកម្មពិភពលោក ។ ភាពជាដៃគូនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជំុកាលពីម្សិលមិញ ក្រោយទទួលបានការគាំទ្រជាផ្លូវការពី ក្រសួងអប់រំ យុវជន និងកីឡា ជាមួយនិងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលនឹងគំាទ្រការអនុត្តន៍គម្រោងនេះ។
កម្មវិធីនេះទទួលបានការគាំទ្រពេញទំហឹងពីវិភាគទានរបស់ក្រុមហ៊ុន Smart លើមូលនិធិកសាងសមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីអក្ខរកម្មឌីជីថលនេះនឹងរៀបចំដំបូងសម្រាប់សិស្សពីថ្នាក់ទី ១០ និងថ្នាក់ទី ១១ ក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។ ដោយផ្អែកលើការសិក្សាក្នុងកម្មវិធីសាកល្បងនេះ ភាគីទាំងអស់រំពឹងថានឹងពិភាក្សាបន្ថែមទៀតស្តីពីការពង្រីកសិក្ខាសាលាទៅកាន់សាលារៀនផ្សេងទៀតនៅទូទាំងប្រទេស។
លោក Feiruz Ikhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «អក្ខរកម្មឌីជីថលគឺជាជំនាញដ៏សំខាន់មួយ ដើម្បីជម្រុញការរីកចម្រើននៃការទទួលយកទូរស័ព្ទចល័តនៅកម្ពុជា។ យើងមានមោទនភាពដែលបានសហការជាមួយដៃគូសក្តានុពលលើគម្រោងនេះ ដើម្បីបង្ហាញពីគុណតម្លៃប្រព័ន្ធអិុនធឺណិត ហើយជម្រុញការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ និងលើកកម្ពស់សារៈសំខាន់នៃភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។ គោលដៅយូរអង្វែងរបស់យើងគឺអនុវត្តកម្មវិធីនេះនៅទូទាំងប្រទេស ជាពិសេសនៅតាមជនបទ ដើម្បីជួយឲ្យយុវជនកម្ពុជាដែលកំពុងប្រើប្រាស់អិុនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។»
ក្នុងដំណាក់កាលដំបូង ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកសាលារៀនចំនួន ៣កន្លែងក្នុងខេត្តនីមួយៗ និងបានតែងតាំងគ្រូបង្រៀនចំនួន ៣រូប ក្នុ្ងងសាលារៀននីមួយៗ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលដឹកនាំដោយ អតីតនិស្សិតមកពីកម្មវិធី SmartEdu ដែលនឹងរៀបចំនិងអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ។ កម្មវិធីបណ្តុះបណ្តាលដែលរៀបចំឡើងដោយក្រុមហ៊ុន Google រួមមានការបង្រៀនអក្ខរកម្មឌីជីថលមូលដ្ឋាន ការក្រើនរំលឹកអំពីសារៈសំខាន់ស្ដីពីសុវត្ថិភាពពាក្យសម្ងាត់ ការគំរាមកំហែងតាមអិុនធឺណិត និងភាពជាពលរដ្ឋសកម្មផ្នែកឌីជីថល។
ក្រៅពីការសិក្សាភាពជាពលរដ្ឋសកម្មផ្នែកឌីជីថលរៀបចំឡើងដោយ ក្រុមហ៊ុន Google អ្នកសម្របសម្រួលនៃ កម្មវិធីសិក្ខាសាលានឹងដាក់បញ្ជូលទស្សនៈទាក់ទងនឹងប្រព័ន្ធអិុនធឺណិត សម្រង់ពីសៀវភៅណែនាំលើកម្មវិធីបណ្តុះបណ្តាលជំនាញអិុនធឺណិតទូរស័ព្ទចល័តរបស់ក្រុមហ៊ុន GSMA។កម្មវិធីអក្ខរកម្មឌីជីថលនេះក៏នឹង បណ្តុះបណ្តាលអ្នកចូលរួមអំពីរបៀបផលិតវីដេអូកំសាន្ត និងទាក់ទាញ សម្រាប់កម្មវិធីប្រព័ន្ធអិុនធឺណិតដូចជាកម្មវិធី YouTube ដែលបង្ហាញសិស្សានុសិស្សពីរបៀបសរសេរអត្ថបទវីដេអូ ថតវីដេអូ និង កែសម្រួលវីដេអូដោយប្រើ ទូរស័ព្ទស្មាតហ្វូន និងចែករំលែកទស្សនៈអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញពីសិក្ខាសាលា។រាល់វីដេអូដែលផលិតដោយសិស្សនឹងមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ចំនួន ១០០០ ដុល្លារអាមេរិក (សម្រាប់ខេត្តនីមួយៗ) សម្រាប់វីដេអូផលិតបានល្អបំផុតដោយអាស្រ័យលើចំនួន «ចូលចិត្ត» តាមរយៈអនឡាន ក្នុងនោះផងដែរសាលារៀននៅតាមខេត្តនីមួយៗដែលផ្ញើរចំនួនវីដេអូច្រើនជាងគេនឹងទទួលបានរង្វាន់ជាសម្ភារៈអប់រំដែលមានតម្លៃស្មើរនឹង ២៥០០ ដុល្លារអាមេរិក៕ ដោយ វឌ្ឍនា