វិភាគអន្តរជាតិ ៖ ពិភពលោកកំពុងប្រឈមគ្រោះពីការ​បម្រែបម្រួលអាកាសធាតុ

ចែករំលែក៖

ប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនមានការយឺតយ៉ាងក្នុងសកម្មភាពទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដោយសារតែខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសរបស់ខ្លួន ។ នៅពេលនេះអង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់ ។

ពេលនេះអាចនិយាយបានថា បញ្ហា​អាកាសធាតុ​ជា​បញ្ហា​សកល​ដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា។ ដូច្នេះ​ជា​ពេលវេលា​មួយ​ដែល​គ្រប់​គ្នា​ត្រូវ​យក​ចិត្ត​ទុកដាក់ និង​រួសរាន់​នាំ​គ្នា​ចូលរួម​ចាត់វិធានការ​ទាំង​អស់​គ្នា ព្រោះ​អ្វីៗ​នៅ​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​គ្រប់​គ្នា​មិន​ផ្តើម​ចាត់​វិធានការ​ជា​បន្ទាន់​ចាប់​ពី​ឥឡូវ និង​នៅ​បន្ត​ពន្យារ​ពេល​ថែម​ទៀត វា​នឹង​យឺត​ពេល​មែនទែន​ដោយ​មិន​អាច​ត្រឡប់​ក្រោយ​វិញ​បាន​ឡើយ។ អង្គការសហប្រជាជាតិ​បាន​ធានា​ថា បើ​មាន​វិធានការ និង​ឆន្ទៈពិត​ប្រាកដ​មែន គេ​អាច​កម្រិត​សីតុណ្ហភាព​លើ​ភពផែនដី​ឲ្យ​នៅ​ក្រោម ២% និង​អាច​នៅ​ក្រោម ១,៥% អង្សារ​ទៀត​ផង។

ត្រង់​ចំណុច​នេះ និង​នៅ​ចំពោះ​មុខ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​មិន​ចង់​បាន​អ្វី​ឲ្យ​លើស​ពី​ការ​គោរព​ត្រឹមត្រូវ​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​កាល​ពី​ឆ្នាំ ២០១៥ ទេ។ ចូរ​កុំ​ភ្លេច​ថា​មក​ទល់​ពេល​នេះ កិច្ចព្រមព្រៀង​ជា​គោល​មួយ​នេះ​នៅ​មិន​ទាន់​បាន​គោរព​ពេញលេញ​ពី​ប្រទេស​ហត្ថលេខី​មួយ​ចំនួន​នៅ​ឡើយ​ទេ។ ម្យ៉ាង​ទៀត កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ដដែល​នេះ​ក៏​គ្រោង​ឲ្យ​មាន​ការ​ពិនិត្យមើល​ឡើង​វិញ​នូវ​កិច្ចសន្យា​របស់​ប្រទេស​នីមួយៗ​នៅ​ក្នុង​កិច្ចប្រជុំ​ថ្មី​នា​ដំណាច់​ឆ្នាំ ២០២០ ដែរ។ តែ​មក​ទល់​ពេល​នេះ មាន​តែ ៦៨ប្រទេស​ប៉ុណ្ណោះ​ដែល​បាន​សន្យា​ឲ្យ​ពិនិត្យមើល​ឡើង​វិញ ក្នុង​នោះ គ្មាន​ប្រទេស​សមាជិក​នៃ​ក្រុម G២០ ណា​មួយ​ឡើយ ហើយ​ក្នុង​ចំណោម​ក្រុម​ប្រទេស​សមាជិក G២០ ទៀត​សោត មាន​ប្រទេស​ខ្លះ​បាន​ចាក់ចោល​ឧស្ម័នផ្ទះកញ្ចក់​ច្រើន​ជាង​គេ​ទៅ​ក្នុង​បរិយាកាស ដូច​យ៉ាង​ចិន និង​ឥណ្ឌា​ជា​ដើម។

កាលពីថ្ងៃទី២៦ វិច្ឆិកា កម្មវិធី​អង្គការសហប្រជាជាតិ​ដើម្បី​បរិស្ថាន​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​អាកាសធាតុ​ក្នុង​លោក។ របាយការណ៍​បាន​ព្រមាន​ត្រង់ៗ​ថា បើ​ពិភពលោក​បន្ត​ពន្យារ​ពេល​ចាត់​វិធានការ​បន្ទាន់​ដើម្បី​កាត់បន្ថយ​ការ​ចាក់ចោល​ឧស្ម័នពុល​ក្នុង​បរិយាកាស គ្រោះមហន្តរាយអាកាសធាតុ​អាច​នឹង​កើត​មាន​ដោយ​ចៀសមិនរួច។

របាយការណ៍​ព្រមាន​នេះ​បាន​ធ្លាក់​មក ក្នុង​ពេល​ដែល​អង្គការសហប្រជាជាតិ​ត្រៀម​រៀបចំ​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ (COP២៥) ពី​ថ្ងៃទី២ ដល់​ថ្ងៃទី១៣ ធ្នូ​នៅ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ ប្រទេស​អេស្ប៉ាញ។ ទន្ទឹម​គ្នា​នេះ របាយការណ៍​ដដែល​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​ឧតុនិយមពិភពលោក​បាន​ទាញសញ្ញាអាសន្ន​ពី​កំហាប់​ឧស្ម័នផ្ទះកញ្ចក់​ក្នុង​បរិយាកាស​ឡើង​ដល់​កំរិត​កំពូល​កាល​ពី​ឆ្នាំ ២០១៨។

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ក្តីបារម្ភ​ស្តីពី​អាកាសធាតុ​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ។ តែ​សំណុំរឿង​មួយ​នេះ​នៅ​បន្ត​ជា​បច្ចុប្បន្នភាព និង​ជា​រឿង​សំខាន់​ជាង​គេ​សម្រាប់​មនុស្សជាតិ។ មនុស្ស​គ្រប់​រូប​កំពុង​ដក​ដង្ហើម​ស្រូប​ខ្យល់​អុកស៊ីសែន​នៅ​ក្នុង​បរិយាកាស តែ​បើ​ខ្យល់​នៅ​ក្នុង​បរិយាកាស​បែរ​ជា​សំបូរ​ខ្យល់ពុល​កាបូនិក​ទៅ​វិញ​នោះ តើ​ផលវិបាក​នឹង​មាន​អ្វី​ខ្លះ?។ គឺ​យុទ្ធនាការ​សំដៅ​កាត់បន្ថយ​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស​ដែល​ជា​អាទិភាព​ចម្បង​នៅ​ចំពោះ​មុខ​របស់​អង្គការសហប្រជាជាតិ។ តែ​ដើម្បី​អាច​សម្រេច​គោលដៅ​មួយ​នេះ​បាន អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​គ្នា​ទាំង​អស់។

គួរ​រម្លឹក​ថា​មក​ដល់​ពេល​នេះ និង​បើ​យោង​តាម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ​ឆ្នាំ ២០១៥ ពិភពលោក​បាន​ប្តេជ្ញាចិត្ត​មិន​ឲ្យ​សីតុណ្ហភាព​ក្នុង​ភពផែនដី​ឡើង​លើស​ពី ១,៥អង្សារ។ តែ​ដើម្បី​អាច​សម្រេច​កម្មវត្ថុ ១,៥អង្សារ​បាន របាយការណ៍​របស់​កម្មវិធី​អង្គការសហប្រជាជាតិ​ដើម្បី​បរិស្ថាន​បាន​តម្រូវ​ឲ្យ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​ចំនួន ៧,៦% ក្នុង​មួយ​ឆ្នាំ​ចាប់​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០៣០។ បើ​គ្មាន​វិធានការ​ណា​មួយ​ចាប់​ពី​ឆ្នាំ ២០២០ ទៅ​ទេ នោះ​កម្មវត្ថុ ១,៥អង្សារ​នឹង​ទទួល​បរាជ័យ។ តាម​របាយការណ៍​ដដែល ឧស្ម័នផ្ទះកញ្ចក់​ដែល​ភាគ​ច្រើន​កើត​ចេញ​ពី​ការ​ប្រើ​ធ្យូងថ្ម​បាន​កើន​ចំនួន ១,៥% ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ។

កម្មវិធី​អង្គការសហប្រជាជាតិ​ដើម្បី​បរិស្ថាន​បាន​ព្រមាន​ទុក​ជា​មុន​ថា បើ​កម្រិត​នៃ​ការ​ចាក់ចោល​ឧស្ម័នផ្ទះកញ្ចក់​ទៅ​ក្នុង​បរិយាកាស​នៅ​បន្ត​មាន​ដូច​សព្វថ្ងៃ នោះ​ភពផែនដី​នឹង​ឡើង​កម្តៅ​ពី ៣,៤អង្សារ​ទៅ ៣,៩អង្សារ​ចាប់​ពី​ពេល​នេះ​ដល់​ដំណាច់​សតវត្ស​នេះ។

កម្មវិធី​អង្គការសហប្រជាជាតិ​ដើម្បី​បរិស្ថាន​បាន​ផ្តល់​អនុសាសន៍​ចំពោះ​ក្រុម​ប្រទេស​សមាជិក G២០។ គឺ​ជា​អនុសាសន៍​សម្រាប់​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើងកម្តៅ​នៅ​ក្នុង​បរិយាកាស​ដែល​រួម​មាន បញ្ឈប់​ការ​សាងសង់​មជ្ឈមណ្ឌល​ថាមពល​ប្រើ​ធ្យូងថ្ម​ថ្មីៗ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន អភិវឌ្ឍន៍​បណ្តាញ​ដឹកជញ្ជូន​សាធារណៈ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ឬ​មួយ​ផលិត​រថយន្ត​ថ្មីៗ​ដែល​គ្មាន​បញ្ចេញ​ឧស្ម័ន​កាបូនិក​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ នៅ​សហរដ្ឋអាមេរិក​ជា​ដើម។ តែ​របាយការណ៍​បាន​ទទួល​ស្គាល់​ថា វិធានការ​កំណែទម្រង់​ស៊ីជម្រៅ និង​មាន​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​នឹង​ត្រូវ​ជួប​ឧសបគ្គ និង​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ដោយ​ចៀស​មិន​រួច។

បន្ទាប់​មក​នៅ​ក្នុង​សេណារីយ៉ូ​កម្រិត​កម្តៅ​ក្នុង​បរិយាកាស​មិន​ឲ្យ​លើស​ពី ១,៥អង្សារ កម្មវិធី​អង្គការសហប្រជាជាតិ​ដើម្បី​បរិស្ថាន​ស្នើ​ឲ្យ​ធ្វើ​វិនិយោគ​ក្រោម​ទ្រង់ទ្រាយ​នៅ​ក្នុង​វិស័យ​ថាមពល។ វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ​ត្រូវ​ការ​ចំណាយ​លុយ​យ៉ាង​ច្រើន​ពី ១ ៦០០ ០០០ ទៅ ៣ ៨០០ ០០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​ចន្លោះ​ពី​ឆ្នាំ ២០២០ ដល់​ឆ្នាំ ២០៥០។ កម្មវិធី​អង្គការសហប្រជាជាតិ​ដើម្បី​បរិស្ថាន​បាន​បញ្ជាក់​ជា​មុន​ថា បើ​មាន​ការ​ពន្យារ​ពេល​ជា​បន្ត​ទៀត ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​នឹង​អាច​កើន​ច្រើន​ជាង​នេះ។ អ្វី​ដែល​អង្គការ​សហប្រជាជាតិ​ចង់​មាន​ន័យ​គឺ​ថា បើ​គ្រប់​គ្នា​បាន​ចូលរួម​គិតគូរ​ពី​បញ្ហា​អាកាសធាតុ​តាំង​ពី​យូរ​ហើយ ម្ល៉េះ​ក៏​គ្មាន​ភាព​ស្លន់ស្លោ​ដូច​ពេល​នេះ​ទេ មាន​ន័យ​ថា ពិភពលោក​បាន​ទុក​ជំងឺ​មួយ​នេះ​ឲ្យ​ដុនដាប​ជ្រុលហួស​ដែល​គេ​ត្រូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ព្យាយាម​ព្យាបាល​វា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print