ខេត្តកណ្តាល៖នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ឃាតករ ជាប្តី ដែលបបួលប្រពន្ធទៅរកក្តាម រួចវាយសម្លាប់ប្រពន្ធនៅវាលស្រែ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ឃាតកម្ម” តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
កើតហេតុនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី នៅចំណុចភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
ជនត្រូវចោទមានឈ្មោះឃុត សុផល អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆ្លុះខ្យងក្ដាម រស់នៅភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត ស្រីពៅ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា ។
សូមរំលឹកថា៖ ឃាតករជាប្តីវាយសម្លាប់ប្រពន្ធខ្លួនឯងពេលទៅរកក្តាមនៅវាលស្រែ នៅស្រុកពញ្ញា ឰ ចាប់បានហើយ ដោយកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកនាំដោយលោក វរសេនីយ៌ ឡាក់ ម៉េងធី ប្រធានការិយាលយ័ សហកាជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៌ស្រាវជ្រាវអស់រយះពេល០៥ថ្ងៃ ។
ហេតុការណ៌ឃាត់ខ្លួនបាននៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចព្រែកតាម៉ម ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
នៅមុនកើតហេតុថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង៣០នាទី ជនសង្ស័យបានប្រើអំពើហិង្សាវាយប្រពន្ធ ហើយពេលនោះមានឈ្មោះ ឌុច ពេជ្រ ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ ជាមួយ បានចូលទៅជួយឃាត់ ហើយជនសង្ស័យបាននិយាយថា៖កុំចេះដឹងរឿងខ្ញុំ រួចហើយឈ្មោះ ឌុច ពេជ្រ បានដើរចេញ ហើយបានឃើញជនសង្ស័យ កាន់ដំបងប៉ុនកដៃកូនក្មេង ប្រហែលប្រវែង១ ម៉ែត្រជាងចំនួន១កំណាត់ និង ដៃម្ខាងទៀត កាន់កាំបិតផ្គាក់ ចំណែក ជនរងគ្រោះ កាន់ធុងជ័រពណ៌ ក្រហម រួចនាំគ្នាដើរទៅរកក្តាមនៅចំណុច វាលស្រែខាងកើតភូមិបាត់ទៅ ។
លុះដល់វេលាម៉ោង ២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យ បានដើរមកប្រាប់ឈ្មោះ សន សុខឃីម ភេទស្រី ត្រូវជាប្អូនបង្កើតជនរងគ្រោះថា៖ ទៅយកបងហ្អែងទៅពេទ្យផង ព្រោះអញវាយបាក់ដៃនៅវាលស្រែខាងកើតភូមិ ហើយពេលនោះឈ្មោះ សន សុខឃីម បានឆ្លើយតបវិញថា៖ ទៅមិនកើតទេព្រោះយប់ហើយ បន្ទាប់មក ជនសង្ស័យក៍ដើរចេញទៅបាត់ទៅ ។ លុះព្រឹកឡើងមានប្រជាពលរដ្ឋបានដើរទៅស្រែបានឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងស្រែ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យ លើខ្លួនសាកសព ។
ការសន្និដ្ឋានថា៖ ជនសង្ស័យខាងលើបានវាយជនរងគ្រោះឲ្យបាក់ដៃ រួចហើយជនសង្ស័យបានយកដៃសង្កត់កជនរងគ្រោះ និងកាប់លើក្បាលផ្នែកខាងក្រោយជំរៅដល់លលាដ៏ បណ្តាលឲ្យ ជនរងគ្រោះស្លាប់៕ ឆ ដា