ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រគុំតន្រ្តីទ្រង់ទ្រាយធំមួយនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែធ្នូឆ្នាំ២០១៩នេះ ប្រយោជន៍ស្វែងរកមូលនិធិជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាខណៈដែលមន្ទីរពេទ្យនេះបានជួយព្យាបាលជំងឺកុមារកម្ពុជាដោយមិនគិតប្រាក់ប្រមាណជាង១លាននាក់ក្នុងមួយឆ្នាំៗនោះ។
ការប្រកានសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែ វិច្ឆិកាឆ្នាំ២០១៩នេះ ដោយក្រុមហ៊ុន Smart Axiata ។ ក្រៅពីការប្រកាសរៀបចំកម្មវិធីប្រគំតន្ត្រីនេះដែរក្រុមហ៊ុនក៏នឹងធ្វើការបរិច្ឆាគថវិការ ១០ម៉ឺនដុល្លារអាមេរិក ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពី មូលនិធិគន្ធបុប្ផាកម្ពុជា ហើយរំពឹងថានឹងរ៉ៃអង្គាសប្រាក់ប្រហែល ១០ម៉ឺន ដុល្លារអាមេរិក បន្ថែមទៀត។
តារាចម្រៀងល្បីៗក្នុងស្រុកជាច្រើនដូចជា ក្រុមតន្រ្តី SmallWorld SmallBand (SWSB) កញ្ញា ចិត្ត កញ្ចនា កញ្ញាពេជ្រ សោភា កញ្ញា Adda លោក G-Devith កញ្ញា Laura Mam លោកអូន និងកញ្ញាទេព បូព្រឹក្ស នឹងរួមគ្នាសម្តែងក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌របស់ក្រុមហ៊ុន Smart ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅរោងមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមទស្សនទាន «ធ្វើរឿងល្អថ្ងៃនេះ»។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងពិតជាមានមោទនភាពណាស់ដែលបានធ្វើការជាមួយនឹងសិល្បៈករ-សិល្បៈការិនី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតក្នុងស្រុក ដើម្បីជួយដល់មូលនិធិដ៏អស្ចារ្យមួយនេះ ដែលបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កុមារកម្ពុជា។ បុគ្គលិក និងនិយោជិតជាច្រើនរបស់យើងក៏ធ្លាប់ទទួលបានការថែទាំពីមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ហេតុនេះហើយ បានជាយើងសម្រេចចិត្តមិនត្រឹមតែធ្វើការបរិច្ឆាគប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រើប្រាស់ធនធានដែលយើងមាន ដើម្បីជួយលើកកម្ពស់មូលនិធិមួយនេះឲ្យកាន់តែល្អប្រសើរផងដែរ»។
តារាចម្រៀងប្រុសស្រីល្បីឈ្មោះក្នុងស្រទាប់យុវវ័យកញ្ញា ទេព បូព្រឹក្ស និងលោក ជា ដេវីត បានលើកឡើងស្រដៀងគ្នាថាពួកគេពិតជាមានកិត្តិយសណាស់ដែលចូលរួមចំណែកក្នុងកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដ៏ពិសេសមួយនេះ ហើយពួកគេសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់នឹងចូលរួមក្នុងយុទ្ធនាការរ៉ៃអង្គាសប្រាក់ថវិការឲ្យបានកាន់តែច្រើនតាមតែអាចធ្វើទៅបានសម្រាប់មន្ទីរពេទ្យ»។ តារាចម្រៀងទាំងពីរក៏សន្យាថានឹងបញ្ចេញបទច្រៀង ក្បាច់រាំ និងឈុតសម្លៀកបំពាក់ថ្មីស្អាតប្លែកសម្រាប់ព្រឹត្តិការណ៍មួយនេះ។
……….សំឡេងសម្ភាស ទេព្យ បូព្រឹក្ស និង ជាដេវីត……….
គួរបញ្ជាក់ដែរថា សំបុត្រមួយសន្លឹកមានតម្លៃ ១០ដុល្លារ ហើយរាល់ប្រាក់ចំណូលពីការលក់សំបុត្រទាំងអស់ នឹងត្រូវបរិច្ឆាកទៅឲ្យមូលនិធិគន្ធបុប្ផាកម្ពុជា។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Smart នឹងបរិច្ឆាគថវិការបន្ថែម១០ដុល្លារ ទៅលើរាល់ចំនួនសំបុត្រដែលបានលក់ចេញ ដើម្បីបន្ថែមថវិការសម្រាប់មូលនិធិពីការលក់សំបុត្រ។ រាល់អតិថិជនទិញសំបុត្រចូលទស្សនាទាំងអស់ នឹងក្លាយសមាជិកគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា។ សាធារណរជនក៏អាចធើ្វការបរិច្ឆាកបន្ថែមទៀតតាមរយៈការទិញសម្ភារៈផ្សេងៗក្នុងការប្រគំតន្ត្រីនេះផងដែរ»។ ក្រុមហ៊ុន នេះរួមជាមួយនឹងដៃគូសហការជាច្រើនទៀត នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ ដែលមានចំនួនមិនតិចជាង ១០ម៉ឺន ដុល្លារមេរិកឡើយសម្រាប់ការរៀបចំការប្រគំតន្ត្រី ក៏ដូចជាការបង្កើតយុទ្ធនាការស្វែងយល់បន្ថែម ដើម្បីបង្កើនការបរិច្ឆាកជាសាធារណៈសម្រាប់មូលនិធិនេះ។ លើសពីនេះ ក្រុមហ៊ុន ក៏បានសន្យាផ្ដល់ថវិការបង្គ្រប់ចំនួនទឹកប្រាក់បរិច្ឆាគផងដែរ ប្រសិនបើទឹកប្រាក់ដែលប្រមូលបានពីការលក់សំបុត្រ និងសម្ភារៈផ្សេងៗ មានចំនួនតិចជាងគោលដៅដែលត្រូវបានកំណត់ចំនួន ១០០ ០០០ ដុល្លារនោះ។
លោកវេជ្ជបណ្ឌិត ចាន់ ណារិទ្ធិ នាយកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា៖ «ការប្រគំតន្ត្រីនេះគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់ប្រជាពលរដ្ឋវ័យក្មេង ដើម្បីប្រមូលផ្តុំគ្នាចូលរួមកំសាន្ត និងសម្តែងការគោរព ក៏ដូចជាថ្លែងអំណរគុណដល់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជាច្រើន ដែលនៅតែបន្តផ្តល់ការព្យាបាលដោយឥតគិតថ្លៃប្រកបដោយគុណភាពខ្ពស់បំផុត ដល់ប្រជាពលរដ្ឋដែលជាធនធានដ៏សំខាន់បំផុតរបស់យើងជាកុមារកម្ពុជា សម្រាប់រយៈពេលច្រើនជាង២៥ឆ្នាំ កន្លងមកនេះ៕ ដោយ វឌ្ឍនា