ប្រទេសប្រេសុីល៖ មហិច្ឆិកាសេដ្ឋកិច្ចកាប់ឆ្កាព្រៃ ដុតបំផ្លាញព្រៃយកដី បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានរស់នៅ ក៏ដូចជាបាត់បង់ជម្រកសត្វ ព្រៃ ពិសេសគឺ បាត់បង់លំនៅឋានរបស់ក្រុមជនជាតិភាគតិច ក្រុមកុលសម្ព័ន្ធ ដែលរស់នៅក្នុងព្រៃអាម៉ាហ្សូន
នៅពេលនេះ ក្រុមមេធាវីនិងអតីតរដ្ឋមន្រ្តីប្រេស៊ីលបានស្នើឱ្យតុលាការយុត្តិធម៌អន្តរជាតិស៊ើបអង្កេតលោកប្រធានាធិបតី Jair Bolsonaro ដែលកំពុងជាប់ចោទពីបទ “ញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍” នៃជនជាតិដើម និងការបរាជ័យក្នុងការការពារជម្រករបស់ពួកគេ។
សារព័ត៌មាន AP បានផ្សាយថា៖ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ខែវិច្ឆិកា ក្រុមមេធាវីប្រេស៊ីលនិង បណ្តាអតីតរដ្ឋមន្ត្រី បានលើកឡើងថា ប្រធានាធិបតីបច្ចុប្បន្ន លោក Bolsonaro បានអនុវត្តវាយប្រហារជាទ្រង់ទ្រាយធំ ជាប្រព័ន្ធទៅលើ ក្រុមជនជាតិដើមភាគតិច ក្រុមកុលសម្ព័ន្ធ ដោយមិនមានវិវធានការ ការពារបរិស្ថាន។
លោកស្រី Eloísa Machado de Almeida សាស្ត្រាចារ្យ មកពីមហាវិទ្យាល័យ Fundacao Getulio Vargas នៅទីក្រុង Sao Pauli បានបញ្ជូនពាក្យបណ្តឹងឡើងទៅកាន់តុលាកាយុត្តិធម៌អន្តរជាតិ ក្នុងនោះបានចោទប្រកាន់បទល្មើស និងសកម្មភាព៣៣ផ្សេងគ្នារបស់ប្រធានាធិបតី។
នៅក្នុងឯកសារផ្ញើទៅកាន់តុលាការ បានចោទប្រកាន់ប្រធានាធិបតី Bolsonaro ឃួងយកប្រេងនៅតំបន់ព្រៃដែលបានការពារ ប៉ះពាល់ដល់បរិស្ថាន និង ក្រុមកុលសម្ព័ន្ធរស់នៅទីនោះ។ កន្លងមកប្រធានាធិបតីប្រេស៊ីលធ្លាប់បានលើកឡើងថា វិធីសាស្ត្រការពារបរិស្ថានបានក្លាយទៅជាឧបស័គ្គ រារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសចិន។ សកម្មភាពខាងលើត្រូវបានក្រុមអ្នកប្រឆាំងចាត់ទុកថា ជាការផ្តល់ឱកាសដល់ ក្រុមឈ្មួញទុច្ចរិតកាប់បំផ្លាញព្រៃឈើ ។
ជាមួយគ្នានេះភ្លើងឆេះព្រៃ អាម៉ាហ្ស៊ូន កាលពីខែកក្កដា និងសីហា កន្លងមក គឺជាចេតនា ដុតបំផ្លាញដើម្បីយកដីធ្វើកសិកម្ម ។សកម្មភាពបានប៉ះពាល់ដល់ ក្រុមជនជាតិភាគតិច និងកុលសម្ព័ន្ធរស់នៅក្នុងព្រៃអាម៉ាហ្សូន ដែលជាស៊ួតបៃតងនៃភពផែនដី៕
ដោយ៖ មែវ សាធី