នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បង្ហាញមុខចោរ២នាក់ ជំនាញលួចកាច់កម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាជំនាញខាងលួចកាច់កម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បង្ហាញមុខជាសាធារណៈកាលពីព្រឹកថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩  បន្ទាប់ពីកម្លាំងជំនាញតាមស្រាវជ្រាវរហូតឃាត់ខ្លួនបានយកមកសាកសួរបញ្ចប់នីតិវិធី រួចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមច្បាប់ ។

ជនសង្ស័យទាំង២នាក់ទី១ ; ឈ្មោះ នូ សីហា ហៅភិន អាយុ២១ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងទី២ ; ឈ្មោះ អ៊ឹម រិទ្ធី ហៅវ៉ា អាយុ២៩ឆ្នាំ មុខរបររើសអេតចាយ  អ្នកទាំង២ស្នាក់នៅជាមួយគ្នា ផ្ទះលេខ៨៨ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។ ចំណែកជនរងគ្រោះឈ្មោះ អំ វីណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅចំណុចមុខផ្ទះលេខ១៨៣J ផ្លូវម៉ុងរិទ្ធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពពីមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះថា មានករណីបាត់ម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខកំពង់ធំ1F-8637  ភ្លាមនោះកម្លាំងការិយាល័យជំនាញ ក៏បានបន្តស្រាវជ្រាវភ្លាមៗ ដើម្បីកំណត់ពី អត្តសញ្ញាណមុខសញ្ញា រហូតដល់វេលាម៉ោងប្រហែល០៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អាចឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់តែម្ដង ស្ថិតនៅចំណុចក្នុងវត្តគវ័ន្ត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

មន្រ្តីដដែលបន្តថា ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌សលាយខៀវ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1HL-0267, ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ទឹកមាស ១គ្រឿង មានស៊ីមកាតលេខ០៨៧៤០៥៣០០, ដងកាច់ចំនួន១, សោទីបលេខ៨ ចំនួន១ដើម, សោទីបលេខ ១០ ចំនួន១ដើម, តួណឺវីសអត់ដងចំនួន១ដើម, តួណឺវីសមានដង ពណ៌ខ្មៅ ចំនួន១ដើម, ម៉ូតូម៉ាកសេ១០០ កូរ៉ ពណ៌ខៀវ គ្មានស្លាកលេខមួយគ្រឿង និងទូរសព្ទ័ដៃម៉ាក អុបប៉ូ ពណ៌ក្រហម១គ្រឿង មានស៊ីមកាតលេខ ០១១ ៧០៦៣៧០ ។

ដោយឡែកតាមចម្លើយសារភាពថារបស់ជនសង្ស័យប្រាប់ថា កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩  ពួក គេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងប្រាកដមែន ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខកំពង់ធំ 1F-8637 ផលិតឆ្នាំ២០១៣ ស្ថិតនៅចំណុចមុខផ្ទះលេខ១៨៣J ផ្លូវម៉ុងរិទ្ធី ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលជាលំនៅដ្ឋានរបស់ជនរងគ្រោះ ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print