(លិខិតមិត្តអ្នកអាន)៖ ​ឈ្នួល​ផ្ទះសំណាក់​កើនឡើង​ទ្វេ​ដង​ក្នុង​ឱកាស​បុណ្យ​ឆ្នាំ​សកល​

ចែករំលែក៖

​ខ្ញុំបាទ​មិន​ចង់​និយាយ​រឿង​បញ្ហា​ថ្លៃ​ឈ្នួល​ផ្ទះសំណាក់​ និង​ទំនិញ​ហូប​ចុក​នៅ​ខេត្ដ​ ព្រះ​សីហ​នុ​ឡើងថ្លៃ​ស្រេច​តែ​នឹង​ចិត្ដ​នោះ​ ។​ ប៉ុន្ដែ​ខ្ញុំ​ចង់​និយាយ​ក៏​ព្រោះតែ​មុន​នេះ​ អាជ្ញាធរ​ខេត្ដ​បាន​បើក​កិច្ចប្រជុំ​ចាត់វិធានការ​ទប់ស្កាត់​ការ​ឡើងថ្លៃ​ផ្ទះសំណាក់​ សណ្ឋាគារ​ និង​ទំនិញ​ហូប​ចុក​សព្វសារពើ​ ។​ ក្រោយ​កិច្ចប្រជុំ​នោះ​ខ្ញុំ​រំពឹង​ថា​ ពិតជា​ អាច​កាត់​បន្ថយ​ការ​ឡើងថ្លៃ​កន្លែង​ស្នាក់​នៅ​ និង​ទំនិញ​ខាង​ហូប​ចុក​បាន​ខ្លះៗ​ជា​មិន​ ខាន​ ។​ ប៉ុន្ដែ​កិច្ចប្រជុំ​នោះ​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​នោះ​ទេ​ ពីព្រោះ​គ្មាន​ អាជីវករ​ណា​ម្នាក់​យក​ត្រចៀក​ស្ដាប់​នោះ​ឡើយ​ ។​

​បន្ទប់​ផ្ទះសំណាក់​ដែល​ធម្មតា​ថ្លៃ​១៥​ដុល្លារ​ បាន​ឡើង​ដល់​៤០​ដុល្លារ​,​ គុយទាវ​ មួយ​ចាន​ដែល​ធម្មតា​តម្លៃ​៨០០០​រៀល​ ឬ​១០០០០​រៀល​ បាន​ឡើង​ដល់​៥​ដុល្លារ​ ឬ​ ២០០០០​រៀល​,​ បាយ​មាន់​,​ បាយ​សាច់​ជ្រូក​ក៏​បាន​ឡើងថ្លៃ​ច្រើន​ជាង​ទ្វេ​ដង​ដែរ​ ។​ រីឯ​ គ្រឿង​សមុទ្រ​ក៏​បាន​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​ដូចនឹង​ម្ហូបអាហារ​ផ្សេងៗ​ទៀត​ដែរ​។​ និយាយ​រួម​ទៅ​នៅ​តំបន់​មាត់សមុទ្រ​ខេត្ដ​ព្រះ​សីហ​នុ​នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​ សកល​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ទៅ​កម្សាន្ដ​ច្រើន​សន្ធឹកសន្ធាប់​នោះ​ តម្លៃ​ទំនិញ​ បាន​កើនឡើង​២​ឬ​៣​ដង​ ដោយ​មិន​អាច​ទប់ស្កាត់​បាន​ឡើយ​ ។​ នេះ​ជា​អ្វី​ដែល​ធ្វើ​ឱ្យ​ អ្នកទេសចរ​ចាប់អារម្មណ៍​ក្នុង​ដំណើរ​កម្សាន្ដ​ចុងឆ្នាំ​នេះ​ ។​

​ក្នុង​នាម​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​មានឱកាស​ទៅ​កម្សាន្ដ​នៅ​ មាត់សមុទ្រ​ម្ដង​នា​វេលា​ដំណាច់ឆ្នាំ​ គិត​ជា​មុន​ហើយ​ថា​ អាជ្ញាធរ​ខេត្ដ​បាន​បើក​កិច្ច​ ប្រជុំ​ជាមួយ​ក្រុម​អាជីវករ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រយោជន៍​ទប់ស្កាត់​កុំឱ្យ​ទំនិញ​ និង​ បន្ទប់​ផ្ទះសំណាក់​ សណ្ឋាគារ​ឡើងថ្លៃ​ ។​ ប៉ុន្ដែ​កិច្ចប្រជុំ​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទាំង​ អស់​ ។​ វា​ជា​បរាជ័យ​មួយ​របស់​អាជ្ញាធរ​ដែល​មិន​អាច​អនុវត្ដ​បាន​ចំពោះ​អ្វី​ដែល​ជា​ ការ​សម្រេចចិត្ដ​របស់​ខ្លួន​ ។​ គេ​រំពឹង​ថា​ នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​អាជ្ញាធរ​ខេត្ដ​ ត្រូវ​មាន​វិធានការ​ជាក់លាក់​សម្រាប់​កម្មវិធី​បុណ្យ​លើក​ក្រោយ​ ។​

​បើ​តាម​មិត្ដភក្ដិ​ខ្ញុំបាទ​ដែល​បាន​ទៅ​កម្សាន្ដ​នៅ​ខេត្ដសៀមរាប​ក៏​បាន​ត្អូញត្អែរ​ ប្រាប់​ដែរ​ថា​ តម្លៃ​ទំនិញ​ក៏​ដូច​ជា​ឈ្នួល​បន្ទប់​ផ្ទះសំណាក់​,​ សណ្ឋាគារ​កើនឡើង​២-៣​ ដង​ដូចនឹង​ក្រុងព្រះសីហនុ​ដែរ​ ។​ បើ​យ៉ាង​ដូច្នេះ​មែន​វា​លែង​ជា​សមត្ថកិច្ច​អាជ្ញាធរ​ ខេត្ដ​ទៀត​ហើយ​ ប៉ុន្ដែ​ទាល់តែ​ជា​នយោបាយ​របស់​រាជរដ្ឋាភិបាល​កំណត់​តម្លៃ​ជាក់​ លាក់​មួយ​ចំពោះ​ទំនិញ​ក៏​ដូច​ជា​សណ្ឋាគារ​ និង​ផ្ទះសំណាក់​ដើម្បី​កុំឱ្យ​ម្ចាស់​អាជីវកម្ម​ ទាំងនេះ​ឡើងថ្លៃ​ស្រេច​តែ​នឹង​ចិត្ដ​ ដូច​ពេល​មុនៗ​ទៀត​ ៕​

...

ដោយ៖ ប្រជាពលរដ្ឋ​ម្នាក់​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print