ខ្ញុំបាទមិនចង់និយាយរឿងបញ្ហាថ្លៃឈ្នួលផ្ទះសំណាក់ និងទំនិញហូបចុកនៅខេត្ដ ព្រះសីហនុឡើងថ្លៃស្រេចតែនឹងចិត្ដនោះ ។ ប៉ុន្ដែខ្ញុំចង់និយាយក៏ព្រោះតែមុននេះ អាជ្ញាធរខេត្ដបានបើកកិច្ចប្រជុំចាត់វិធានការទប់ស្កាត់ការឡើងថ្លៃផ្ទះសំណាក់ សណ្ឋាគារ និងទំនិញហូបចុកសព្វសារពើ ។ ក្រោយកិច្ចប្រជុំនោះខ្ញុំរំពឹងថា ពិតជា អាចកាត់បន្ថយការឡើងថ្លៃកន្លែងស្នាក់នៅ និងទំនិញខាងហូបចុកបានខ្លះៗជាមិន ខាន ។ ប៉ុន្ដែកិច្ចប្រជុំនោះមិនទទួលបានលទ្ធផលជាវិជ្ជមាននោះទេ ពីព្រោះគ្មាន អាជីវករណាម្នាក់យកត្រចៀកស្ដាប់នោះឡើយ ។
បន្ទប់ផ្ទះសំណាក់ដែលធម្មតាថ្លៃ១៥ដុល្លារ បានឡើងដល់៤០ដុល្លារ, គុយទាវ មួយចានដែលធម្មតាតម្លៃ៨០០០រៀល ឬ១០០០០រៀល បានឡើងដល់៥ដុល្លារ ឬ ២០០០០រៀល, បាយមាន់, បាយសាច់ជ្រូកក៏បានឡើងថ្លៃច្រើនជាងទ្វេដងដែរ ។ រីឯ គ្រឿងសមុទ្រក៏បានឡើងថ្លៃគួរឱ្យកត់សម្គាល់ដូចនឹងម្ហូបអាហារផ្សេងៗទៀតដែរ។ និយាយរួមទៅនៅតំបន់មាត់សមុទ្រខេត្ដព្រះសីហនុនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំ សកលដែលមានភ្ញៀវទេសចរជាតិទៅកម្សាន្ដច្រើនសន្ធឹកសន្ធាប់នោះ តម្លៃទំនិញ បានកើនឡើង២ឬ៣ដង ដោយមិនអាចទប់ស្កាត់បានឡើយ ។ នេះជាអ្វីដែលធ្វើឱ្យ អ្នកទេសចរចាប់អារម្មណ៍ក្នុងដំណើរកម្សាន្ដចុងឆ្នាំនេះ ។
ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់នៅរាជធានីភ្នំពេញមានឱកាសទៅកម្សាន្ដនៅ មាត់សមុទ្រម្ដងនាវេលាដំណាច់ឆ្នាំ គិតជាមុនហើយថា អាជ្ញាធរខេត្ដបានបើកកិច្ច ប្រជុំជាមួយក្រុមអាជីវករ និងស្ថាប័នពាក់ព័ន្ធប្រយោជន៍ទប់ស្កាត់កុំឱ្យទំនិញ និង បន្ទប់ផ្ទះសំណាក់ សណ្ឋាគារឡើងថ្លៃ ។ ប៉ុន្ដែកិច្ចប្រជុំនោះគ្មានប្រយោជន៍អ្វីទាំង អស់ ។ វាជាបរាជ័យមួយរបស់អាជ្ញាធរដែលមិនអាចអនុវត្ដបានចំពោះអ្វីដែលជា ការសម្រេចចិត្ដរបស់ខ្លួន ។ គេរំពឹងថា នេះជាបទពិសោធន៍មួយដែលអាជ្ញាធរខេត្ដ ត្រូវមានវិធានការជាក់លាក់សម្រាប់កម្មវិធីបុណ្យលើកក្រោយ ។
បើតាមមិត្ដភក្ដិខ្ញុំបាទដែលបានទៅកម្សាន្ដនៅខេត្ដសៀមរាបក៏បានត្អូញត្អែរ ប្រាប់ដែរថា តម្លៃទំនិញក៏ដូចជាឈ្នួលបន្ទប់ផ្ទះសំណាក់, សណ្ឋាគារកើនឡើង២-៣ ដងដូចនឹងក្រុងព្រះសីហនុដែរ ។ បើយ៉ាងដូច្នេះមែនវាលែងជាសមត្ថកិច្ចអាជ្ញាធរ ខេត្ដទៀតហើយ ប៉ុន្ដែទាល់តែជានយោបាយរបស់រាជរដ្ឋាភិបាលកំណត់តម្លៃជាក់ លាក់មួយចំពោះទំនិញក៏ដូចជាសណ្ឋាគារ និងផ្ទះសំណាក់ដើម្បីកុំឱ្យម្ចាស់អាជីវកម្ម ទាំងនេះឡើងថ្លៃស្រេចតែនឹងចិត្ដ ដូចពេលមុនៗទៀត ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់