ភ្នំពេញ ៖ដើម្បីជួយលើកកម្ពស់ការយល់ដឹងបន្ថែម អំពីសារៈសំខាន់នៃសេវាធានារ៉ាប់រងអាយុជីវិត និងជម្រុញការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និស្សិតមហាវិទ្យាល័យអក្សរសាស្ត្រខ្មែរ និងភាសាវិទ្យា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតប្រជែងសំណេរជាភាសាខ្មែរ ដែលរៀបចំឡើងដោយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា សហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងចំណោមអត្ថបទទាំង ៤៨ មានអត្ថបទចំនួន ៣ ត្រូវបានជ្រើសរើសដោយគណៈកម្មការវិនិច្ឆ័យ ដែលជាក្រុមសាស្ត្រាចារ្យ បុគ្គលិក និងអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។
លោក David Nutman អគ្គនាយក ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា លោកមានមោទនភាពដែលបានធ្វើការជាមួយស្ថាប័នសិក្សាចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ លោក បានបន្តថា «ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា ព្រូដិនសលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមចំណែកក្នុងការអភិវឌ្ឍជាវិជ្ជមានក្នុងការថែទាំសុខភាព វិស័យអប់រំ និងសុខុមាលភាពសង្គម។ វប្បធម៌ និងភាសាមានឥទ្ធិពលលើជីវិតនិងការស់នៅរបស់យើង តាមរយៈមធ្យោបាយជាច្រើន ហើយវប្បធម៌ និងភាសាក៏ជះឥទ្ធិពលលើផ្នត់គំនិត សកម្មភាព ការទំនាក់ទំនង និងទម្លាប់របស់យើងផងដែរ។ ទន្ទឹមនឹងនេះ ការអប់រំផ្តល់ឱ្យយើងមិនត្រឹមតែជំនាញ និងចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់វិធីប្រើចំណេះដឹង និងជំនាញ ដើម្បីចូលរួមធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរឡើង តាមរយៈការជួយគាំទ្រដល់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍របស់យើង។»
ម្ចាស់ជ័យលាភីអត្ថបទទាំង ៣ រូប ទទួលបានកុំព្យូទ័រយួរដៃ គម្ពី (Koompi) ម្នាក់មួយគ្រឿង ព្រមទាំងទទួលបានទឹកប្រាក់រង្វាន់បន្ថែមចំនួន ១ លាន រៀល សម្រាប់ជ័យលាភីទីមួយ ៨ សែន រៀល សម្រាប់ជ័យលាភីទីពីរ និង ៦ សែនរៀល សម្រាប់ជ័យលាភីទីបី។
និស្សិតអក្សរសាស្ត្រខ្មែរឆ្នាំទី៣ និងជាជ័យលាភីលេខមួយ ឈ្មោះ សេក ធីតា បានឱ្យដឹងថា «ខ្ញុំមានអារម្មណ៍រំភើបខ្លាំងណាស់ ដែលទទួលបានជ័យលាភីលេខមួយ ហើយកម្មវិធីសំណេរតែសេចក្ដីនេះផ្ដល់ឱកាសច្រើនដល់ខ្ញុំ និងនិស្សិតអក្សរសាស្ត្រខ្មែរ ដើម្បីរំឮកមេរៀនឡើងវិញ។ ខ្ញុំសូមអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលបានរៀបចំកម្មវិធីសំណេរតែសេចក្ដីនេះឡើង។»
លោក អ៊ិន មាត្រា ប្រធាននាយកដ្ឋានធានារ៉ាប់រង និងសោធន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រពេញទំហឹងនូវគំនិតផ្តួចផ្តើម ដើម្បីជួយលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ភាសាខ្មែរ។លោក មាត្រា បានមានប្រសាសន៍ថា៖ «វិស័យធានារ៉ាប់រងគឺជាផ្នែកមួយនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសយើង … វិស័យធានារ៉ាប់រងអាយុជីវិតផ្តល់នូវចំណុចពិសេសពីរគឺ ការសន្សំ និង ការការពារ។ ដោយសារតែសេដ្ឋកិច្ចជាតិយើងល្អមានការងារជាច្រើនសម្រាប់និស្សិត ហើយវិស័យអាជីវកម្មទាំងអស់មានភាពប្រសើរឡើង។ សូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានផ្ដល់ឱកាសដល់ក្រុមហ៊ុនធានារ៉ាប់រង (ព្រូដិនសលកម្ពុជា) ចូលរួមចែករំលែកចំណេះដឹងដល់ និស្សិត និងលើកទឹកចិត្តពួកគាត់ឱ្យពិចារណាក្នុងការជ្រើសរើស ការងារក្នុងវិស័យធានារ៉ាប់រង និងការងារសង្គមទាក់ទងនឹងធានារ៉ាប់រង ដើម្បីឱ្យផ្នែកធានារ៉ាប់រងមានការរីកចម្រើន»៕ ដោយ វឌ្ឍនា