ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលស្រុកពួកបានឲ្យដឹងថា កាលពីអំឡុងម៉ោងប្រមាណ១៦:០០នាទីល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានមនុស្សប្រុសស្រីក្មេងចាស់ចំនួន២៨នាក់ ចាប់ពីអាយុ៥ឆ្នាំដល់អាយុ ៦៨ឆ្នាំ នៅពីរឃុំក្នុងស្រុកពួក គឺឃុំពួក និង ឃុំខ្នាត កើតមានអាការៈពុលត្រីប្រៃកំពិស តែមិនធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ ក្នុងនោះនៅក្នុងឃុំពួកមានចំនួន ២១នាក់ ។
ជនរងគ្រោះទាំងនោះរស់នៅភូមិរួមមាន ៖ នៅភូមិប្រយុទ្ធចំនួន១៣នាក់ ក្នុងនោះមានស្រី០៦នាក់ , ភូមិ គោក ស្រុក០៥នាក់ ស្រីទាំងអស់ , ភូមិកំពង់តាយ៉ងចំនួន ០១នាក់ និង ភូមិចំបក់ហែចំនួន០២នាក់ ប្រុសម្នាក់ ស្រី០១នាក់ និង ភូមិគោកត្រាច ក្នុងឃុំខ្នាត ចំនួន០៧នាក់ ក្នុងនោះស្រីចំនួន០៣នាក់។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមថាបន្ទាប់ពីប្រជាពលរដ្ឋបានទិញត្រីប្រៃកំពិស ទៅធ្វើម្ហូបហូបជាមួយបាយ និង ក្រោយការហូបត្រីប្រៃកំពិសមក ក៏កើតមានអាការៈពុលក្អួតចង្អោរ ក៏បានបញ្ជូនទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប , មន្ទីរពេទ្យបង្អែកពួក , មណ្ឌលសុខភាពទឹកវិល , មណ្ឌលសុខភាពខ្នាត នៅគ្លីនិចឯកជន និង អ្នកជំងឺមួយចំនួនបានសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន។
សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា អ្នកផលិតត្រីប្រៃកំពិស មានឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោកជួន ឃុំពួក ស្រុកពួក ជាអ្នកធ្វើត្រីប្រៃលក់ផ្សារពួកជាអចិន្ត្រៃយ៍ ហើយករណីនេះ សមត្ថកិច្ច និង ជំនាញ កំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕ ប៊ុនរិទ្ធី