ផ្ទុះអធិករតែងតាំងព្រះចៅអធិការវត្តពន្លៃឈានដល់ប្រទាញប្រទង់ហែកស្បង់ជីពរនិងប្រកាស

ចែករំលែក៖

ខេត្តព្រៃវែង ៖កាលពី​ព្រឹកថ្ងៃ ពុធ ៨កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ទី​អារាម​វត្ត​ពន្លៃ ស្ថិត​ក្នុងភូមិ​ពន្លៃ ឃុំ​អង្គរ​សរ ស្រុក​មេ​សាង ខេត្តព្រៃវែង មានផ្ទុះអធិករដោយគណៈកម្មការ​អាចារ្យ រួម​នឹង​ពុទ្ធ​បរិ​ស​ទ័​ចំណុះ​ជើងវត្ត​ពន្លៃ​ជិត​៤០០​នាក់ បាន​នាំ​គ្នា​ប្រឆាំង​តវ៉ា និង​ឈាន​ដល់​មានការ​ប្រើ​អំពើ​ហិង្សា​ប្រទាញប្រទង់ ចាប់​ហែក​ស្បង់​ចីពរ​ព្រះសង្ឃនិងប្រកាសតែងតាំង​ថែម​ទៀត ធ្វើ​ឱ្យ​មានការ​ជ្រួលច្របល់​ពេញ​វត្ត​​។

ការផ្ទុះអធិករ​នេះ​បានកើតឡើងក្នុង​ពេល​ដែល​មន្ត្រី​ធម្មការ​ស្រុក និង​មន្ត្រី​សង្ឃ​ស្រុក បាន​ប្រកាស​តែងតាំង​ព្រះសង្ឃ​នាម សាំង គឹ​ម​ឃុន ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពន្លៃ ទាំង​ដែល​វត្ត​ពន្លៃ​នេះ មាន​ព្រះ​តេជ​គណ ឆូ​យ គង់នៅ ជា​ព្រះ​គ្រូ​ចៅអធិការ​ស្រាប់​ទៅ​ហើយ​។

គណៈកម្មការ​អាចារ្យវត្ត ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ពន្លៃ​នេះ​បាន​ឱ្យ​ដឹង​ថា កន្លងមក ព្រះ​តេជ​គុណ សាំង គឹ​ម​ឃុន ជា​អតីត​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពន្លៃ​នេះមែន ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ មុន​ថ្ងៃ​ចូល​វស្សា​១​ថ្ងៃ ចៅអធិការ​វត្ត​រូប​នេះ​បាន​និមន្ត​ចុះ​ចោល​វត្ត​ទៅ​ខេត្តឧត្តរមានជ័យ​បាត់ ដោយ​មិន​បាន​ប្រាប់​មូលហេតុ​ដល់​គណៈកម្មការ​វត្ត ឬ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ណា​ម្នាក់ណា​សោះ មិនតែប៉ុណ្ណោះ​បាន​នាំ​ទាំង​ព្រះសង្ឃ​ចំនួន​៥​អង្គ និង​បច្ច័យ​សម្រាប់​កសាង​វត្ត​ទៅ​អស់​គ្មាន​សល់​ គ្មាន​ព្រះសង្ឃ​១​អង្គ​គង់នៅទេ ធ្វើឲ្យពុទ្ធបរិស័ទ​មិន​អាច​ធ្វើ​ពិធីបុណ្យ​ទាន តាម​ប្រពៃណី​សាសនា​បាន ទើប​សម្រេចចិត្ត​ទៅ​និមន្ត​ព្រះ​តេជ​គុណ ឆូ​យ គង់នៅ ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឱ្យមក​គង់នៅ​វត្ត​ពន្លៃ​នេះ ដើម្បី​ពុទ្ធបរិស័ទមាន​ព្រះសង្ឃ​ធ្វើបុណ្យ​បាន ហើយ​លោក​ក៏​ជា​អ្នកស្រុក​កំណើត​នៅ​ភូមិ​ពន្លៃ​នេះ​ដែរ។ ក្រោយមក​នៅ​ថ្ងៃ​ទី​១០ សីហា ២០១៨ ព្រះ​គ្រូ​អនុគណ​ស្រុក ព្រះ​វិន័យធរ​ស្រុក និង​មន្ត្រី​ធម្មការ​ស្រុក បាន​តែងតាំង​ព្រះ​តេជ​គណ ឆូ​យ គង់នៅ ជា​ព្រះ​គ្រូ​ចៅអធិការ​ស្តីទី​វត្ត​ពន្លៃ​នេះ ដើម្បី​គ្រប់​គ្រង់​វត្ត​បន្ត។

គណៈកម្មការ​អាចារ្យវត្ត ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ពន្លៃ​នេះ​បាន​ឱ្យ​ដឹង​ទៀតថាព្រះ​តេជ​គុណ ឆូ​យ គង់នៅដឹកនាំ​គ្រប់គ្រង​វត្ត​ធ្វើ​ឱ្យ​វត្ត​មានការ​រីក​ចម្រើន និង​មាន​ភាព​សុ​ខុ​ដុម​ល្អ​ណាស់ ប៉ុន្តែ​មក​ដល់​ថ្ងៃ​ទី​១៨ ឧសភា ២០១៩ ស្រាប់តែ​ព្រះ​តេជ​គុណ សាំង គឹ​ម​ឃុន និមន្ត​ត្រឡប់​មក​កាន់​វត្ត​ពន្លៃ​វិញ ធ្វើ​ឱ្យ​វត្ត​ចាប់ផ្តើម​មាន​ភាព​រកាំរកូស។

ប្រភព​ដដែល​បន្តថា រហូត​ដល់​ថ្ងៃ​ទី​៤ ខែធ្នូ​ឆ្នាំ២០១៩នេះ ស្រាប់តែ​មាន​អាជ្ញាធរ​ស្រុក មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការ​ស្រុក នាំ​យក​សេចក្តី​ប្រកាស​របស់​ព្រះ​មេគណ​ខេត្ត មក​ប្រកាស​តែងតាំង​ព្រះ​តេជ​គណ សាំង គឹ​ម​ឃុន ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពន្លៃ​ជា​ថ្មី​ម្តងទៀត ទើប​ធ្វើ​ឱ្យ​គណៈកម្មការ​វត្ត និង​ពុទ្ធ​បរិស័ទ​ទាំងអស់​នាំ​គ្នា​ប្រឆាំង​រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា ដោយ​បាន​ដណ្តើម​យក​សេចក្តី​ប្រកាស​ហែក​ចោល ដណ្តើម​យក​ត្រា​ចៅអធិការ​វត្ត​ព្រាច​ចោល និង​ចាប់​ហែក​ស្បង់​ចីពរ​ព្រះ​តេជ​គុណ សាំង គឹ​ម​ឃុន ថែម​ទៀត​ផង​។

ចំណែកលោក តេត សារី ប្រធាន​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក​មេ​សាង បាន​មាន​ប្រសាសន៍​ថា ព្រះ​តេជ​គុណ សាំង គឹ​ម​ឃុន គឺ​ពិតជា​បាន​ចេញពី​វត្ត​ពន្លៃ ទៅ​គង់នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​ប្រាកដ​​មែន ប៉ុន្តែ​ពេល​ទៅ​នោះ​បាន​សុំ​ព្រះ​អនុ​គណ​រួច​ហើយ គឺ​លោក​សុំ​ទៅ​រៀន តែ​ពេល​និមន្ត​ចេញ​ទៅ ព្រះសង្ឃ​៥​អង្គ​ទៀត​ក៏​និមន្ត​ទៅ​តាម​ដែរ ទើប​ធ្វើ​ឱ្យ​វត្ត​គ្មាន​ព្រះសង្ឃ​គង់នៅ ហើយ​កន្លង​​មក គណៈកម្មការ​អាចារ្យវត្ត និង​ពុទ្ធបរិស័ទ បាន​ដាក់​សំណើ​មក​ការិយាល័យ​ធម្មការ​ស្រុក និង​បាន​បញ្ជូន​ទៅ​មន្ទីរ​ធម្មការ​ខេត្ត ឲ្យ​ជួយ​ដោះស្រាយ​២​លើក​ផង​ដែរ ប៉ុន្តែ​បញ្ហា​តែងតាំង​ព្រះ​តេជ​គុណ សាំង គឹ​ម​ឃុន ជា​ចៅអធិការ​វត្ត​ជា​ថ្មី​នេះ គឺជា​សេចក្តីសម្រេច​របស់​ព្រះ​មេគណ​ខេត្ត និង​ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​។

ដោយឡែក​ព្រះ​អនុ​គណ​ស្រុក​មេ​សាង បាន​មាន​ថេរដីកា​ថា បើ​តាម​វិន័យ​សង្ឃ ព្រះសង្ឃ​អង្គ​ណា​មាន​ព្រះ​ជន្ម​ចាស់វស្សា​ជាងគេ គឺ​ត្រូវធ្វើ​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ហើយ ប៉ុន្តែ​ករណី​នេះ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើងវត្ត​មិន​យល់ព្រម ទើប​ផ្ទុះ​អធិករ​រហូត​ឈាន​ដល់​មាន​អំពើ​ហិង្សា​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​មានការ​ប្រឆាំង​ខ្លាំងក្លា​ពី​គណៈកម្មការ​អាចារ្យវត្ត ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ប្រមាណ​ជាង​៤០០​នាក់ និង​បាន​ធ្វើ​ឱ្យ​មានការ​ជ្រួលច្របល់​ពេញ​ក្នុង​វត្ត​នោះ និងធ្វើ​ឱ្យ​ការ​ប្រកាស​តែងតាំង​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ថ្មី ត្រូវ​បរាជ័យ ហើយ​មន្ត្រី​សង្ឃ និង​មន្ត្រី​ធម្មការខេត្តនិងស្រុក បាន​សម្រេច​ដកឃ្លាថយ​សិន ដើម្បី​កំណត់​ពេលវេលា​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយជាបន្តទៀត៕ប្រាថ្នា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print