ខេត្តព្រៃវែង ៖កាលពីព្រឹកថ្ងៃ ពុធ ៨កើត ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីអារាមវត្តពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង មានផ្ទុះអធិករដោយគណៈកម្មការអាចារ្យ រួមនឹងពុទ្ធបរិសទ័ចំណុះជើងវត្តពន្លៃជិត៤០០នាក់ បាននាំគ្នាប្រឆាំងតវ៉ា និងឈានដល់មានការប្រើអំពើហិង្សាប្រទាញប្រទង់ ចាប់ហែកស្បង់ចីពរព្រះសង្ឃនិងប្រកាសតែងតាំងថែមទៀត ធ្វើឱ្យមានការជ្រួលច្របល់ពេញវត្ត។
ការផ្ទុះអធិករនេះបានកើតឡើងក្នុងពេលដែលមន្ត្រីធម្មការស្រុក និងមន្ត្រីសង្ឃស្រុក បានប្រកាសតែងតាំងព្រះសង្ឃនាម សាំង គឹមឃុន ជាព្រះគ្រូចៅអធិការវត្តពន្លៃ ទាំងដែលវត្តពន្លៃនេះ មានព្រះតេជគណ ឆូយ គង់នៅ ជាព្រះគ្រូចៅអធិការស្រាប់ទៅហើយ។
គណៈកម្មការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃនេះបានឱ្យដឹងថា កន្លងមក ព្រះតេជគុណ សាំង គឹមឃុន ជាអតីតព្រះគ្រូចៅអធិការវត្តពន្លៃនេះមែន ប៉ុន្តែកាលពីថ្ងៃទី១៧ មិថុនា ២០១៨ មុនថ្ងៃចូលវស្សា១ថ្ងៃ ចៅអធិការវត្តរូបនេះបាននិមន្តចុះចោលវត្តទៅខេត្តឧត្តរមានជ័យបាត់ ដោយមិនបានប្រាប់មូលហេតុដល់គណៈកម្មការវត្ត ឬពុទ្ធបរិស័ទចំណុះជើងវត្តណាម្នាក់ណាសោះ មិនតែប៉ុណ្ណោះបាននាំទាំងព្រះសង្ឃចំនួន៥អង្គ និងបច្ច័យសម្រាប់កសាងវត្តទៅអស់គ្មានសល់ គ្មានព្រះសង្ឃ១អង្គគង់នៅទេ ធ្វើឲ្យពុទ្ធបរិស័ទមិនអាចធ្វើពិធីបុណ្យទាន តាមប្រពៃណីសាសនាបាន ទើបសម្រេចចិត្តទៅនិមន្តព្រះតេជគុណ ឆូយ គង់នៅ ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យមកគង់នៅវត្តពន្លៃនេះ ដើម្បីពុទ្ធបរិស័ទមានព្រះសង្ឃធ្វើបុណ្យបាន ហើយលោកក៏ជាអ្នកស្រុកកំណើតនៅភូមិពន្លៃនេះដែរ។ ក្រោយមកនៅថ្ងៃទី១០ សីហា ២០១៨ ព្រះគ្រូអនុគណស្រុក ព្រះវិន័យធរស្រុក និងមន្ត្រីធម្មការស្រុក បានតែងតាំងព្រះតេជគណ ឆូយ គង់នៅ ជាព្រះគ្រូចៅអធិការស្តីទីវត្តពន្លៃនេះ ដើម្បីគ្រប់គ្រង់វត្តបន្ត។
គណៈកម្មការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តពន្លៃនេះបានឱ្យដឹងទៀតថាព្រះតេជគុណ ឆូយ គង់នៅដឹកនាំគ្រប់គ្រងវត្តធ្វើឱ្យវត្តមានការរីកចម្រើន និងមានភាពសុខុដុមល្អណាស់ ប៉ុន្តែមកដល់ថ្ងៃទី១៨ ឧសភា ២០១៩ ស្រាប់តែព្រះតេជគុណ សាំង គឹមឃុន និមន្តត្រឡប់មកកាន់វត្តពន្លៃវិញ ធ្វើឱ្យវត្តចាប់ផ្តើមមានភាពរកាំរកូស។
ប្រភពដដែលបន្តថា រហូតដល់ថ្ងៃទី៤ ខែធ្នូឆ្នាំ២០១៩នេះ ស្រាប់តែមានអាជ្ញាធរស្រុក មន្ត្រីសង្ឃ និងមន្ត្រីធម្មការស្រុក នាំយកសេចក្តីប្រកាសរបស់ព្រះមេគណខេត្ត មកប្រកាសតែងតាំងព្រះតេជគណ សាំង គឹមឃុន ជាព្រះគ្រូចៅអធិការវត្តពន្លៃជាថ្មីម្តងទៀត ទើបធ្វើឱ្យគណៈកម្មការវត្ត និងពុទ្ធបរិស័ទទាំងអស់នាំគ្នាប្រឆាំងរហូតឈានដល់ផ្ទុះហិង្សា ដោយបានដណ្តើមយកសេចក្តីប្រកាសហែកចោល ដណ្តើមយកត្រាចៅអធិការវត្តព្រាចចោល និងចាប់ហែកស្បង់ចីពរព្រះតេជគុណ សាំង គឹមឃុន ថែមទៀតផង។
ចំណែកលោក តេត សារី ប្រធានការិយាល័យធម្មការ និងសាសនាស្រុកមេសាង បានមានប្រសាសន៍ថា ព្រះតេជគុណ សាំង គឹមឃុន គឺពិតជាបានចេញពីវត្តពន្លៃ ទៅគង់នៅខេត្តឧត្តរមានជ័យប្រាកដមែន ប៉ុន្តែពេលទៅនោះបានសុំព្រះអនុគណរួចហើយ គឺលោកសុំទៅរៀន តែពេលនិមន្តចេញទៅ ព្រះសង្ឃ៥អង្គទៀតក៏និមន្តទៅតាមដែរ ទើបធ្វើឱ្យវត្តគ្មានព្រះសង្ឃគង់នៅ ហើយកន្លងមក គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ បានដាក់សំណើមកការិយាល័យធម្មការស្រុក និងបានបញ្ជូនទៅមន្ទីរធម្មការខេត្ត ឲ្យជួយដោះស្រាយ២លើកផងដែរ ប៉ុន្តែបញ្ហាតែងតាំងព្រះតេជគុណ សាំង គឹមឃុន ជាចៅអធិការវត្តជាថ្មីនេះ គឺជាសេចក្តីសម្រេចរបស់ព្រះមេគណខេត្ត និងប្រធានមន្ទីរធម្មការខេត្ត។
ដោយឡែកព្រះអនុគណស្រុកមេសាង បានមានថេរដីកាថា បើតាមវិន័យសង្ឃ ព្រះសង្ឃអង្គណាមានព្រះជន្មចាស់វស្សាជាងគេ គឺត្រូវធ្វើជាព្រះគ្រូចៅអធិការវត្តហើយ ប៉ុន្តែករណីនេះពុទ្ធបរិស័ទចំណុះជើងវត្តមិនយល់ព្រម ទើបផ្ទុះអធិកររហូតឈានដល់មានអំពើហិង្សាបែបនេះ។
គួរបញ្ជាក់ផងដែរថា ក្រោយមានការប្រឆាំងខ្លាំងក្លាពីគណៈកម្មការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទប្រមាណជាង៤០០នាក់ និងបានធ្វើឱ្យមានការជ្រួលច្របល់ពេញក្នុងវត្តនោះ និងធ្វើឱ្យការប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តថ្មី ត្រូវបរាជ័យ ហើយមន្ត្រីសង្ឃ និងមន្ត្រីធម្មការខេត្តនិងស្រុក បានសម្រេចដកឃ្លាថយសិន ដើម្បីកំណត់ពេលវេលាធ្វើការដោះស្រាយនៅពេលក្រោយជាបន្តទៀត៕ប្រាថ្នា