ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានចំនួន១០នាក់នៅកន្លែងផ្សេងៗគ្នា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈជនសង្ស័យទាំងនោះ ធ្វើសកម្មភាពចែកចាយយ៉ាងសកម្មក្នុងតំបន់ទេសចរណ៍អង្គរ ។
ប្រតិបត្តិការបង្ក្រាបរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ១០នាក់ធ្វើឡើងនៅវេលាម៉ោង៩ និង៣០យប់ថ្ងៃទី២មករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិវាល សង្កាត់គោកចក ភូមិគ្រួស សង្កាត់ស្វាយដង្គំ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ខេត្តខណៈពួកគេកំពុងចែកចាយតាមផ្លូវសាធារណៈនិងនៅតាមផ្ទះ ។ ក្រុមអ្នកជួញដូរសារធាតុញៀនទាំងនោះក៍បានប្រើដាវសាវម៉ូរ៉ៃតដៃជាមួយសមត្ថកិច្ចផងដែរ ។
លោកអនុសេនីយ៍ ធាវ ច័ន្ទតារា នាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា ជនសង្ស័យទាំងនោះមាន៖
- ទី១/ឈ្មោះ សុខ គង់រតនៈ ហៅគង់ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក (ជួញដូរ)
- ទី២/ឈ្មោះ ឈុន ផល្លី ហៅជ្រុញ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរដឹកហ្គាស មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក (ចាត់ចែងឱ្យប្រើប្រាស់)
- ទី៣/ឈ្មោះ ឯក ចាន់សាវ៉េទ ភេទប្រុសអាយុ៥៣ឆ្នាំ(ម្ចាស់ផ្ទះ)ជួញដូរ)មុខរបរលក់ហ្គាស រស់នៅភូមិវាល សង្កាត់គោកចក
- ទី៤/ ឈ្មោះ យ៉ាន់ គង់ពុធរាជសី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរដឹកហ្គាស (ចាត់ចែងឱ្យប្រើប្រាស់)មានដាវកាប់តដៃជាមួយសមត្ថកិច្ច ស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម
- ទី៥/ឈ្មោះ ផង់ សុផន ហៅវង់ ភេទប្រុសអាយុ២០ឆ្នាំដឹកទឹកសុទ្ធរស់នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប ចាត់ចែងឱ្យប្រើប្រាស់
- ទី៦/ឈ្មោះ ហួន ពៅ ភេទប្រុសអាយុ២៣ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅភូមិគោកប្ញស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ចាត់ចែងឱ្យប្រើប្រាស់
- ទី៧/ឈ្មោះ ជីវ សេងឃាង ភេទប្រុសអាយុ២៩ឆ្នាំមុខរបរកៃចិន រស់នៅភូមិដកពោធិ សង្កាត់ស្លក្រាម (ជួញដូរ)
- ទី៨/ឈ្មោះ ខុង សុធា ភេទប្រុសអាយុ២៥ឆ្នាំមុខរបររត់ម៉ូតូឌុប រស់នៅភូមិព្រៃចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ជួញដូរ
- ទី៩/ឈ្មោះ ឡាយ គឹមលី ភេទប្រសអាយុ៣៥ឆ្នាំមុខរបរ កៃចិន មានទីលំនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ជួញដូរ
- ទី១០/ឈ្មោះ ឈឿន ចំរ៉ុង ភេទប្រុសអាយុ២២ឆ្នាំមុខរបរលក់ទឹកសុទ្ធ ស្នាក់នៅភូមិព្រែកស្រម៉ោល ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នសា្នក់នៅភូមិបន្តាយចាស់ សង្កាត់ស្លក្រាម ចាត់ចែងឱ្យប្រើប្រាស់ ។
ក្រោយពីធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមាន៖ ដាវសាំម៉ូរ៉ៃចំនួន ៥ដើម ,ស្នារតេស ១ដើម, កាំបិត ៣ដើម,ទូរស័ព្ទចំនួន១០គ្រឿង,ថ្នាំ៤កញ្ចប់ ព្រមទាំងឧបករណ៍វិចខ្ចប់សម្រាប់លក់ និងប្រើប្រាស់មួយចំនួនធំ ។
លោកបន្តថា ទីតាំង៣ខាងលើនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពយូរមកហើយ និងមានការបង្ក្រាបជាច្រើនដងដែរ ប៉ុន្តែហាក់ដូចជា ចេះតែកើតឡើងវិញដដែលជាដដែល ដោយកិច្ចប្រតិបត្តិការបង្ក្រាបម្តងៗប្រឈមនឹងគ្រោះថ្នាក់ណាស់ ដោយសាតែក្រុមនេះ មានការតតាំងជាមួយសមត្ថកិច្ចដោយ ប្រើប្រាស់ដាវ ស្នារតេស និងកាំបិតជាអាវុធក្នុងការតតាំង ភាគច្រើនពួកគេតែងតែ យកទៅលាក់នៅក្នុងព្រៃដើម្បីបំបិតបំបាំងភ្នែកសមត្ថកិច្ច ។
ក្រោយពីធ្វើការបង្ក្រាប និងសួរនាំរួចមក កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿង បញ្ជូនទាំងជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទៅតុលាការនៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធី ៕
ដោយ៖ ជានិរន្ដរ៍