អារ៉ាប៊ីសាអ៊ូឌីតបានផ្តាច់ទំនាក់ទំនងការទតជាមួយប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ បន្ទាប់ក្រុមបាតុករជាច្រើននាក់បានរុះរើ កកូរកកាយស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងតេអេរ៉ង់ ក្នុងបាតុកម្មប្រឆាំងការកាត់ទោសប្រហារជីវិតអ្នកបួសនិកាយស៊ីអ៊ីដ ដែលជាការប្រហារជីវិតមួយនាំឲ្យមានការក្រេវក្រោធជាពន់ពេកនោះ ។
រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីត លោក Adel al-Jubeir បានប្រកាសជាឱឡារិកនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងរ៉ីយ៉ាត ដោយបានបញ្ជាក់ថា អគ្គរដ្ឋទូតអ៊ីរ៉ង់មានពេល៤៨ម៉ោងត្រូវតែចាកចេញឲ្យផុតពីទឹកដីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ។
ការឈានដល់ផ្តាច់ចំណងការទូតជាមួយគ្នានេះ កើតឡើងបន្ទាប់ពីមេដឹកនាំសាសនាជាន់ខ្ពស់របស់អ៊ីរ៉ង់បានបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីតនឹងប្រឈមមុខការសងសឹកយ៉ាងក្រៃលែងចំពោះការប្រហារជីវិតបុព្វជិតសាសនាអិស្លាមនិកាយស៊ីអ៊ីដ ឈ្មោះ Sheikh Nimr al-Nimr និងស្របពេលដំណាលគ្នាដែលប្រទេសលោកខាងលិចបានសម្តែងការព្រួយបារម្ភចំពោះជម្លោះសាសនាដែលកាន់តែតាន់តឹងខ្លាំងឡើងរវាងក្រុមមូស្លីមសាន់នី នឹងក្រុមមូស្លីមស៊ីអ៊ីដនោះ ។
រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបានថ្លែងថា អារ៉ាប៊ីសាអ៊ូឌីតបានផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេស អ៊ីរ៉ង់ និងសុំឲ្យមន្ត្រីការទូតទាំងអស់របស់អ៊ីរ៉ង់ត្រូវតែចាកចេញពីអារ៉ាប៊ីសាអ៊ូឌីតក្នុងរយៈពេល៤៨ម៉ោង ។ លោក Jubeir បានបន្តថា នៅក្នុងប្រវត្តិរបស់អ៊ីរ៉ង់ គឺពោរពេញទៅដោយការបន្ទូចបង្អាក់ និងបង្ហអរិភាពនៅក្នុងបញ្ហាអារ៉ាប់ ហើយដែលជានិច្ចកាលបង្កឲ្យមានវិនាសកម្ម ។ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានចោទប្រកាន់អ៊ីរ៉ង់ផងដែរថា បានព្យាយាមបង្កឲ្យមានបញ្ហាអស្ថិរភាពនៅក្នុងតំបន់ថែមទៀតផង ។
កាលពីចុងសប្តាហ៍មុន ក្រុមជនពាលមួយហ្វងបានវាយប្រហារទៅលើស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីក្រងតេអេរ៉ង់ និងស្ថានកុងស៊ុលស្ថិតនៅរដ្ឋធានទីទី២ Mashhad ដែលជាការប្រឆាំងតវ៉ាចំពោះការប្រហារជីវិតបុព្វជិតនិកាយស៊ីអ៊ីដ ឈ្មោះ Nimr នោះ ។ លោក Jubeir បានថ្លែងថា អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតបានសើ្នឲ្យភាគីអ៊ីរ៉ង់ជួយធានាដល់សន្តិសុខ សុវត្ថិភាពដល់ស្ថានទូតរបស់ខ្លួនផង ប៉ុន្តែពួកគេមិនបានសហការអនុវត្តតាម និងបរាជ័យនៅក្នុងការការពារស្ថានទូតអារ៉ាប៊ីសាអ៊ូឌីតនៅទីនោះ ។
បុព្វជិត Nimr អាយុ៥៦ឆ្នាំ ជាកម្លាំងស្នួលមួយនៅពីក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតកាលពីឆ្នាំ២០១១ ស្ថិតនៅតំបន់ភាគខាងលិចដែលសម្បរដោយធនធានប្រេង បន្ទាប់ពីមានការរំអុករបស់ក្រុមស៊ីអ៊ីដនៅទីនោះ ។ លោកត្រូវផ្តន្ទាទោសប្រហារជីវិតជាមួយអ្នកទោស៤៦នាក់ផ្សេងទៀត ដែលជាក្រុមសកម្មជនរបស់និកាយស៊ីអ៊ីដ និងទណ្ឌិតក្រុមឧទ្ទាមសាន់នី ដែលក្រសួងមហាផ្ទៃអារ៉ាប៊ីសាអ៊ូឌីតអះអាងថា មានជាប់ពាក់ព័ន្ធជាមួយបណ្តាញភេរវកម្មអាល់កៃដាក្នុងការវាយប្រហារកាលពីឆ្នាំ២០០៣ និងឆ្នាំ២០០៤ បណ្តាលឲ្យមនុស្សរាប់សិបនាក់បាត់បង់ជីវិត ។ អ្នកទោសខ្លះត្រូវកាត់ក្បាល អ្នកខ្លះទៀតត្រូវបាញ់សម្លាប់តែម្តង ។
អ៊ីរ៉ង់បានអះអាងថា ខ្លួនបានចាប់ខ្លួនមនុស្ស៤៤នាក់ពាក់ព័ន្ធការវាយប្រហារទៅលើស្ថានទូតអារ៉ាប៊ីសាអ៊ូឌីត ហើយលោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani បានថ្លែងថា ក្រុមបាតុករទាំងនោះជាក្រុម រ៉ាឌីកាល់ និងថា ការប្រហារជីវិតទៅលើអ្នកទោសរបស់អារ៉ាប៊ីសាអ៊ូឌីតនោះ ពិតជាអយុត្តិធម៌ខ្លាំងណាស់ ។
មេដឹកនាំសាសនាជាន់ខ្ពស់ និងជាបុគ្គលមានអំណាចបំផុតនៅអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានថ្កោល ទោសចំពោះការប្រហារជីវិតបុព្វជិតមូស្លីមនិកាយស៊ីអ៊ីដឈ្មោះ Nimr ពីអំណាក់រដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីតនោះ និងបានអះអាងថា ព្រះជាម្ចាស់នឹងមិនលើកលែងទោសឲ្យអារ៉ាប៊ីសាអ៊ូឌីតឡើយ ដោយសារតែការប្រហារជីវិតនេះ ។ លោក Ayatollah Ali Khamenei បញ្ជាក់ថា «វានឹងតាមលងអ្នកនយោបាយ និងរបបនេះ»ជានិច្ច ។
ទំនាក់ទំនងរវាងក្រុមមូស្លីមសាន់នីដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នឹងក្រុមមូស្លីមស៊ីអ៊ីដក្រោមការដឹកនាំរបស់អ៊ីរ៉ង់នោះមានការប្រេះស្រាំមិនចុះសម្រុងគ្នារាប់ទសវត្សរ៍កន្លងមកហើយ ។ ទីក្រុងរ៉ីយ៉ាត ជានិច្ចកាលតែងតែចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាជាអ្នកជ្រៀតជ្រែកកកូរកកាយកិច្ចរបស់អារ៉ាប់ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត