ម៉ោងប្រមាណ ៧ យប់ ខ្ញុំបានវិលត្រឡប់មកវិញ។ ខ្ញុំឡើងទៅលើផ្ទះឃើញនារីម្នាក់កំពុងអង្គុយមុខចង្កៀងប្រេងកាតដែលខ្ញុំមើលទៅសុទ្ឋតែជាវេជ្ជបញ្ជាសំរាប់ព្យាបាលឱ្យអ្នកជម្ងឺ។ ដោយមិនឃើញមេបញ្ជាការរបស់ខ្ញុំ ខ្ញុំក៏សួរទៅកាន់នារីនោះថា បងស្រី តើមេបញ្ជាការរបស់ខ្ញុំគាត់ទៅណាហើយ? ចម្លើយរបស់សុភាពនារីរូបនេះតបមកវិញថា គាត់ទៅមាត់ទន្លេហើយ។ មិនអស់ចិត្តខ្ញុំក៏សួរគាត់មួយសំនួរទៀតថា តើនារីឈ្មោះរ៉ានី ពេលនេះនៅឯណា? ចម្លើយតបដោយសុភាពថា រ៉ានីទៅដងទឹកបាត់ហើយ។ ខ្ញុំក៏ចុះមកក្រោមផ្ទះវិញក្នុងបំណងដើរទៅរកមេបញ្ជាការរបស់ខ្ញុំ។ លុះចុះមកដល់ក្រោម ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់ស្គាល់គ្នាពេលដែលគាត់ទៅប្រចាំការនៅសមរភូមិ ខ្ញុំក៏សួរគាត់ថា នារីឈ្មោះរ៉ានីពេលនេះនៅឯណា? បងប្រុសគ្រូពេទ្យដែលមានអាយុច្រើនជាងខ្ញុំប្រហែល១០ឆ្នាំឆ្លើយតបថា នារីដែលសែនឯងសួរលើផ្ទះអម្បាញ់មិញនោះហើយជារ៉ានី។ បន្ទាប់ពីដឹងថានារីដែលធ្លាប់មានបញ្ហាជាមួយខ្ញុំជាយូរមកហើយហ៊ានភូតខ្ញុំនៅពេលនេះទៀតធ្វើឱ្យខ្ញុំកាន់តែខឹង។ ពេលនេះរឿងចាស់រឿងថ្មីត្រូវតែទូទាត់បញ្ជីនៅយប់នេះ(តាមពិតខ្ញុំមើលមុខរ៉ានីអត់ច្បាស់ទេ ដោយមើលពីក្រោយព្រោះរ៉ានីកំពុងសរសេរដោយពន្លឺចង្កៀងប្រេងកាត)។
ម៉ោង៨យប់ ការប្រជុំដោះស្រាយបានមកដល់។ ភាគីខាងស្រីមានប្រធាននិងអនុប្រធានមន្ទីរពេទ្យស្រុក សាម៉ីខ្លួនខាងស្រីគឺរ៉ានី និងមិត្តស្រីរបស់គាត់ម្នាក់ទៀតដែលជាគ្រូពេទ្យក្រមុំដូចគ្នា។ ខាងភាគីខ្ញុំមានមេបញ្ជាការខ្ញុំនិងរូបខ្ញុំជាសាម៉ីខ្លួន។ មន្ទីរពេទ្យបានក្រាលកន្ទេលក្រហម២ និងចង្កៀងប្រេងកាត២ ដែលយើងអង្គុយទល់មុខគ្នា ខ្ញុំអង្គុយបត់ជើង មេបញ្ជាការខ្ញុំអង្គុយពេនភ្នែន ។ នៅពេលអង្គុយរួចហើយ យុវនារី២នាក់បានមកដល់ ហើយអង្គុយបត់ជើង ពេលនោះខ្ញុំចាំមិនច្បាស់ថា មួយណាជារ៉ានីក្នុងចំណោមយុវនារីទាំង២នាក់នោះ ព្រោះពេលខ្ញុំសួរពីក្បាលព្រលប់ខ្ញុំមិនបានឃើញមុខគេច្បាស់ទេ។
បន្តិចក្រោយមកទើបខ្ញុំបានស្គាល់រ៉ានីច្បាស់។ ពេលនោះអារម្មណ៍របស់ខ្ញុំក៏ចាប់ចិត្តស្រឡាញ់គេភ្លាម។ ខ្ញុំមានការសោកស្តាយ ហើយគិតក្នុងចិត្តថាប្រសិនបើដឹងថានាងស្អាតយ៉ាងនេះ មិនចាំបាច់មកដោះស្រាយធ្វើអ្វី សុំស្តីដណ្តឹងយកធ្វើជាប្រពន្ទតែម្តងជាល្អជាង។ ខ្ញុំស្តាយដោយធ្លាប់ជេរស្តីឱ្យយុទ្ឋជនដែលជួយផ្សំផ្គុំខ្ញុំជាមួយរ៉ានី លើស ពីនេះខ្ញុំក៏ធ្លាប់លួចជេររ៉ានីដែរ ពិសេសក្រោយពេលប្រជុំម្តងៗ ដែលថ្នាក់លើនិយាយបញ្ឆិតបញ្ឆៀងរឿងសីលធម៌ ដែលធ្វើឱ្យខ្ញុំឈឺចិត្ត។
ឃើញភ្លាមស្រឡាញ់ភ្លាម រឿងនេះមិនធ្លាប់មានសោះក្នុងជីវិតជាកម្លោះរបស់ខ្ញុំ។ តើត្រូវស្រោចស្រង់សភាពការណ៍បែបណា? ផែនការពីក្បាលព្រលប់ចង់ទូទាត់បញ្ជីរទាំងចាស់ទាំងថ្មីត្រូវបានជំនួសដោយពាក្យសុំទោសជំនួសយុទ្ឋជននិងប្អូនស្រីខ្ញុំ២នាក់ ដែលធ្លាប់បានហៅរ៉ានីថាជាបងថ្លៃ ដែលធ្វើឱ្យរ៉ានីខូចឈ្មោះ។ ដោយពុំមានចំណងស្នេហ៌ជាមួយនារីណានៅឡើយ ខ្ញុំគិតក្នុងចិត្តថាត្រូវតែយករ៉ានីមកធ្វើជាភរិយាឱ្យបាន។ អ្វីដែលជាក្តីបា
រម្ភរបស់ខ្ញុំ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមទទួលយកខ្ញុំជាស្វាមីឬទេ? និងថា តើរ៉ានី មានបុរស់ណាក្នុងចិត្តនាងហើយឬនៅ?។
នៅយប់នោះ ខ្ញុំក្លាយជាមនុស្សដែលចេះនិយាយភូតដោយប្រាប់មេបញ្ជាការខ្ញុំថាម៉ូតូយើងម៉ាស៊ីនដើរមិនស្រួល អាគុយក៏មិនសូវកាន់ភ្លើង ធ្វើដំណើរទាំងយប់អាចខូចតាមផ្លូវ។ គាប់ជួនពេលនោះម៉ោងជិត១០យប់ទៅហើយ មេបញ្ជាការខ្ញុំក៏យល់ព្រមដោយសុំប្រធានមន្ទីរពេទ្យសម្រាកមួយយប់។ មន្ទីរពេទ្យក៏រៀបចំភ្លាមៗឱ្យយើងទាំង២នាក់សម្រាកនៅលើផ្ទះដែលយើងប្រជុំដោះស្រាយនោះតែម្ដង។ មិននឹកស្មានដល់ថាផ្ទះដែលយើងសម្រាកនេះ ជាផ្ទះដែលរ៉ានី និងមិត្តនារីរបស់គាត់សម្រាក និងធ្វើការនៅក្នុងផ្ទះនេះដែរ។ រឿងទៅហួសពីនោះ គឺរ៉ានីបានយកភួយ២មកឱ្យមេបញ្ជាការខ្ញុំ។ មេបញ្ជាការខ្ញុំយកភួយ១ ពណ៏ផ្កាឈូក ហើយប្រគល់ឱ្យខ្ញុំភួយពណ៍ខៀវ ដែលក្រោយរៀបការទើបដឹងថាភួយដែលខ្ញុំដណ្តប់ជាភួយភរិយាខ្ញុំ ដែលពេលនោះយើងបានដណ្ដប់ភួយគ្រូពេទ្យក្រមុំ ហើយទុកឱ្យពួកគាត់ដណ្តប់មុង។ តើនេះជាការរៀបចំរបស់ទេវតាឬ?
មេឃមិនទាន់ភ្លឺច្បាស់ផង ខ្ញុំឮសម្លេងបុកអង្ករ ខ្ញុំខំអើតមើលឃើញរ៉ានី និងមិត្តរបស់គាត់ឈ្មោះខេមរា កំពុងបុកអង្ករ ។ មេបញ្ជាការខ្ញុំប្រាប់ឱ្យខ្ញុំរៀបចំម៉ូតូដើម្បីចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបន់ឱ្យតែម៉ូតូខូចដើម្បីបាននិយាយជាមួយរ៉ានី តែវាមិនតាមចិត្តចង់របស់យើងទេ គឺធាក់តែមួយជើងម៉ូតូឆេះភ្លាម។ ខ្ញុំខំរកវិធីឡើងចុះផ្ទះបាន២ដង មុនចេញដំណើរដោយចុងក្រោយខ្ញុំបានហៅរ៉ានីថាបងម្តងទៀត ដោយប្រើពាក្យថាលាហើយបងស្រី។ នេះជាទម្លាប់របស់ខ្ញុំមិនដែលហៅថាអូន ឬមិត្តនារីនោះឡើយ គឺមានតែបងស្រី មីង អុំស្រី យាយ សំរាប់ប្រើជាមួយមនុស្សស្រី ព្រោះឆ្នាំ១៩៧៤ ខ្ញុំទើបមានអាយុ២២ឆ្នាំនៅឡើយ។
(ខ្ញុំសុំបញ្ជាក់ថា ពេលវេលានៃការដោះស្រាយនេះប្រព្រឹត្តឡើងនៅដើមខែ មិនា ឆ្នាំ១៩៧៤)។ ការដែលខ្ញុំស្រឡាញ់រ៉ានីគឺជារឿងពិត ហើយការដែលរ៉ានីស្រឡាញ់ខ្ញុំឬអត់ជាបញ្ហាដែលត្រូវរកវិធីដោះស្រាយ។ ក្ដីស្រឡាញ់ទៅលើនារីម្នាក់កើតមានជាលើកដំបូងសំរាប់ជីវិតខ្ញុំ តែទោះជាយ៉ាងណា ក៏ខ្ញុំមិនភ្លេចពីតួនាទីនិងភារកិច្ចខ្ញុំដែរ។
ថ្ងៃទី១៣ ខែ មេសា ឆ្នាំ ១៩៧៤ ជាថ្ងៃចូលឆ្នាំខ្មែរ។ ខ្ញុំបានឆ្លៀតពេលទៅលេងស្រុកក្រូចឆ្មាក្នុងបំណងទៅរករ៉ានីដោយយកលេសថាទៅសួរសុខទុក្ខយុទ្ឋជនដែលកំពុងព្យាបាលជម្ងឺនៅមន្ទីរពេទ្យ។ លុះទៅដល់មន្ទីរពេទ្យ មិនបានឃើញរ៉ានីទេ ហើយក៏មិនហ៊ានសួររកថែមទៀតផង។ ខ្ញុំជិះម៉ូតូចេញពីមន្ទីរពេទ្យទាំងអស់សង្ឃឹម។ យើងត្រូវបន្តដំណើរទៅកាន់ឃុំរកាខ្នុរ ដើម្បីនាំមិត្តខ្ញុំម្នាក់ទៅសួរសុខទុក្ខឪពុកម្តាយដែលជាស្រុកកំណើតរបស់គាត់។ នៅពេលដែលខ្ញុំកំពុងធ្វើដំណើរបានប្រហែល២គីឡូម៉ែត្រក៏ជួបរ៉ានីកំពុងជិះកង់ម្នាក់ឯងតាមផ្លូវ ខ្ញុំក៏ឈប់ម៉ូតូ រ៉ានីក៏ឈប់កង់។ យើងសួរសុខទុក្ខគ្នាដោយពាក្យគួរសមប្រហែល៣នាទីប៉ុណ្ណោះ ហើយក៏លាគ្នាធ្វើដំណើរទៅតាមផ្លូវ រៀងៗខ្លួន។ ទាំងខ្ញុំ ទាំងរ៉ានី គឺមិនបានបង្ហាញកាយវិការណាមួយខុសពីការធ្លាប់ជួបស្គាល់គ្នាពីមុននោះទេ។
នៅខែ សីហា ឆ្នាំ១៩៧៤ ខ្ញុំត្រូវស្វែងយល់ឱយបានទាំងពីខាងថ្នាក់ដឹកនាំរបស់ខ្ញុំ ទាំងពីខាងរ៉ានី ដោយខ្ញុំបានធ្វើសំណើរសុំរៀបការជាមួយរ៉ានី ។ ចម្លើយដែលខ្ញុំទទួលបានពីមេបញ្ជាការរបស់ខ្ញុំគឺយល់ព្រម តែត្រូវរង់ចាំរំដោះប្រទេសពីរបបលន់នល់អោយហើយសិន។ ឯចម្លើយពីរ៉ានីគឺឆ្លើយតបតាមអ្នកនាំពាក្យគាត់ថាស្រេចលើម៉ែឪ។ ចម្លើយទាំង២នេះផ្តល់កម្លាំងចិត្តយ៉ាងខ្លាំងសំរាប់ខ្ញុំ។ ស្ត្រីខ្មែរ៩៨ភាគរយហើយដែលឆ្លើយថាស្រេចលើម៉ែឪ ឬចាស់ទុំ គឺមានន័យថាយល់ព្រមហើយ។
នៅខែ តុលា ឆ្នាំ១៩៧៤ ខ្ញុំបានជួបរ៉ានីដោយចៃដន្យបំផុតនៅផ្សារពាមជីលាំង។ តែជាអកុសលដោយសារមិត្តខ្ញុំម្នាក់ស្រវឹងស្រាហើយហៅរ៉ានីថាសោ (បងថ្លៃ)។ រ៉ានីមិនខឹងទេ តែធ្វើដូចមិនឮ។ តែសំរាប់ខ្ញុំគឺខ្ញុំខ្មាស់រ៉ានី ដូចនេះ
ខ្ញុំត្រូវយកកង់ជិះឌុបមិត្តខ្ញុំម្នាក់នេះចេញទៅផ្ទះមួយទៀតចម្ងាយប្រហែល៥០០ម៉ែត្រពីផ្សារទាំងកណ្តាលភ្លៀង ធ្លាក់។ ទុកមិត្តខ្ញុំរួចហើយខ្ញុំជិះកង់កាត់ភ្លៀងមករករ៉ានីវិញ។ តែគួរឱ្យហួសចិត្តរថយន្តដឹកក្រុមគ្រូពេទ្យបានចេញទៅបាត់អស់ហើយ។
ចាប់តាំងពីពេលនោះមករហូតខ្ញុំធ្លាក់ខ្លួនពិការ ខ្ញុំមិនដែលបានជួបរ៉ានីទៀតទេ ទោះបីមានឱកាសក៏ដោយ។ នៅថ្ងៃទី ១ ខែ មករា ឆ្នាំ១៩៧៥ ខ្ញុំក៏ត្រូវរបួសស្មាដែលជារបួសលើកទី៤របស់ខ្ញុំ។ ពេលនោះខ្ញុំគិតថានឹងបានរ៉ានីមើលថែព្យាបាលរបួសឱ្យខ្ញុំ។ តែផ្ទុយទៅវិញមន្ទីរពរទ្យសមរភូមិមុខបានរៀបចំវះយកអំបែងគ្រាប់ចេញ និងបន្តព្យាបាលនៅមន្ទីរពេទ្យដែលមានទីតាំងនៅឃុំបឹងព្រួលស្រុកពាមជីលាំង។
នៅព្រឹកថ្ងៃ១៦ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសធ្ងន់ សន្លប់រហូតដល់ថ្ងៃទី ២១ ខែ មេសា ទើបបានដឹងខ្លួនឡើងវិញ។ នៅពេលដឹងខ្លួនគឺភ្នែកឆ្វេងរបស់ខ្ញុំបានខ្វាក់បាត់ទៅហើយ ឯភ្នែកស្តាំមើលបានប្រវែងប្រហែល១០ម៉ែត្រតែប៉ុណ្ណោះ។ នៅពេលនោះខ្ញុំក៏បានដឹងថា ភ្នំពេញនិងប្រទេសទាំងមូលត្រូវបានរំដោះពីរបបបរិវារអាមេរិក។ ពាក្យស្រឡាញ់និងថែទាំដូចកែវភ្នែកសំរាប់ខ្ញុំ គឺនិយាយលែងបានហើយ ព្រោះខ្ញុំបានបាត់បង់កែវភ្នែកខ្លួនឯងរួចទៅហើយ។
តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពិភពលោកបានប្រែប្រួលអស់ ប្រជាជនត្រូវជំលៀសចេញពីទីក្រុង ធ្វើដំណើរអត់បាយអត់ទឹក។ ខ្លួនឯងផ្ទាល់ក្លាយជាជនពិការ ហើយអ្វីដែលឈឺចាប់បំផុតគឺព័ត៌មានដែលថារ៉ានី បានរៀបការរួចហើយជាមួយកម្មាភិបាលមកពីភូមិភាគ។ ខ្ញុំខឹងរ៉ានី ខ្លាំងណាស់ ខ្ញុំដៀលនាងទាំងនិយាយខ្លាំងៗទាំងក្នុងចិត្តដៀលសព្វគ្រប់ទាំងអស់តាមចិត្តខ្ញុំចង់។ នេះជាកំហុសរបស់ខ្ញុំដែលទទួលព័ត៌មានខុស តែខ្ញុំលែងហ៊ានស្រឡាញ់រ៉ានី ទៀតហើយ ម្យ៉ាងគឺខ្ញុំបានធ្វើជ្រុលជ្រួសលើនាង ប្រមាថមាក់ងាយនាង និងម្យ៉ាងទៀតខ្ញុំមិនចង់នាំការលំបាកឱ្យនាងដោយសារពិការភាពរបស់ខ្ញុំទេ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តើរ៉ានីស្រឡាញ់ខ្ញុំ ព្រមយកខ្ញុំជាស្វាមីឬទេ? ព្រោះខ្ញុំបានធ្លាក់ខ្លួនពិការបាត់បង់សម្រស់ពីធម្មជាតិទៅហើយ។
មន្ទីរពេទ្យសមរភូមិបានបញ្ជូនរូបខ្ញុំទៅកាន់មន្ទីរពេទ្យភូមិភាគ ដែលស្ថិតនៅ ឃុំ រកាខ្នុរ ដែលមានចម្ងាយប្រមាណ៦០០ម៉ែត្រ ពីផ្ទះដែលជាភូមិកំណើតរបស់រ៉ានី។ ពេលនោះរ៉ានី បានផ្លាស់ពីមន្ទីរពេទ្យស្រុក ដែលមានទីតាំងនៅឃុំក្រូចឆ្មា ទៅធ្វើជាប្រធានមន្ទីរពេទ្យស្រុកមួយកន្លែងទៀតនៅ ឃុំឈូក ស្រុកក្រូចឆ្មា។ ក្នុងអំឡុងខែ កក្កដា ឆ្នាំ១៩៧៥ ប្រហែលជាម៉ោង ៣:00 រសៀល ខ្ញុំហាក់ដូចសុបិន្តទាំងថ្ងៃ ដោយបានឃើញរ៉ានី ទៅកាន់មន្ទីរពេទ្យដើម្បីសួរសុខទុក្ខខ្ញុំ ដោយមានមាន់៣ក្បាលផ្ញើរឱយខ្ញុំផង។ រ៉ានីបានសួរនាំពីអាការៈរបួស និង ជម្ងឺរបស់ខ្ញុំ ដោយសំដីទន់ភ្លន់និងការលើកទឹកចិត្ត។ ពេលរ៉ានីលាត្រឡប់មកវិញ ខ្ញុំបានជូនដំណើរដល់ផ្លូវ ខ្ញុំគិតថារ៉ានីមិនប្រកាន់ខឹងនិង ខ្ញុំទេ ហើយក៏មិនស្អប់ខ្ពើមនូវជនពិការដូចខ្ញុំនេះដែរ។
ខ្ញុំត្រូវប្រឹងប្រែងសារជាថ្មី សំរាប់ខ្ញុំ និង រ៉ានី ព្រមទាំងឪពុកម្តាយរ៉ានី មិនមានអ្វីជាឧបសគ្គទេ។ តែអង្គការទើបជាឧបសគ្គពិតប្រាកដ។ នៅពេលនោះរ៉ានីត្រូវអង្គការបង្ខំឱ្យរៀបការជាមួយបុរសផ្សេង តែនាងប្រកែកដាច់ខាត។រីឯរូបខ្ញំ ក៏ត្រូវអង្គការផ្សំផ្គុំជាមួយនារីផ្សេង តែខ្ញុំក៏ប្រកែកដែរ។ ខ្ញុំត្រូវលើកសំណើរសុំរៀបការជាមួយរ៉ានីសារជាថ្មីទៅកាន់ប្រធានយោធាតំបន់។ នៅពេលនោះប្រធានយោធាតំបន់បានធ្វើលិខិតមួយឱ្យខ្ញុំយកទៅជួបគណះស្រុកក្រូចឆ្មា។ នៅក្នងអំឡុង ខែ តុលា ឆ្នាំ ១៩៧៥ ទាំងតំបន់ទាំងស្រុក ទាំងរ៉ានី ដែលជាសាម៉ីខ្លួនយល់ព្រមអស់ហើយរង់ចាំតែថ្ងៃរៀបការប៉ុណ្ណោះ។ ទាំងមុនពេលរង់ចាំនិងពេលកំពុងរង់ចាំទាំងខ្ញុំ និងទាំង រ៉ានី គឺត្រូវប្រឈមនឹងការលំបាកខ្លាំងណាស់។ ការប្រកែកមិនព្រមរៀបការតាមការរៀបចំរបស់អង្គការអាចគ្រោះថ្នាក់ដល់ជីវិត។ រីឯរូបខ្ញុំក្រៅពីព្យាបាលរបួស ការងារសំខាន់របស់ខ្ញុំគឺរៀបចំកម្លាំងសម្ងាត់ដើម្បីវាយអង្គការ ដែលបាននឹងកំពុងកាប់សម្លាប់ប្រជាជន ទោះពេលនោះមិនទាន់ធ្ងន់ធ្ងរក្តី។
នៅថ្ងៃទី ២ ខែ មករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានកោះហៅពីទីបញ្ជាការកងវរសេនាធំដែលបោះទីតាំងនៅភូមិកោះថ្មរ
ឃុំ ទន្លូង ស្រុក ត្រមូង នាពេលនោះ និងជាស្រុកមេមត់នាពេលបច្ចុប្បន្នដើម្បីមកជួបជុំនៅមន្ទីរតំបន់ដែលមានទីតាំងនៅស្រុកតំបែរដើម្បីរៀបការនៅថ្ងៃទី៣ ខែមករា។ នៅពេលនោះ ខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំង តើគេរៀបការ
របៀបម៉េច?
មកដល់មន្ទីរតំបន់ រ៉ានីនៅស្រុកក្រូចឆ្មាឯណោះ ហើយមិនទាន់បានទទួលដំណឹងអំពីការរៀបការនៅឡើយ។ ថ្នាក់លើនៅចិត្តធម៌គ្រាន់បើ ដោយសុខចិត្តពន្យារពេលរៀបការពីថ្ងៃទី ៣ មករា ទៅថ្ងៃទី ៥ ខែ មករាវិញ និងចាត់ឱ្យប្រធានមន្ទីរតំបន់ទៅទទួលយករ៉ានី ពីស្រុកក្រូចឆ្មាមកកាន់ស្រុកតំបែរ។ រ៉ានីអត់បានផ្តាំផ្ញើអ្វីទៅឪពុកម្តាយ បងប្អូនហើយក៏គ្មានមិត្តភ័ក្រមកកំដរដែរ គឺក្បាលតែមួយត្រម៉ង់ត្រម៉ោចម្នាក់ឯង។ រីឯចំណែករូបខ្ញុំវិញក៏មិនមានឪពុកម្តាយ ឬបងប្អូនចូលរួមរៀបការដូចរ៉ានីដែរ គឺក្បាលតែ២នាក់ប្តីប្រពន្ទ។ តែខ្ញុំគ្រាន់បើជាងរ៉ានីបន្តិច ដោយមានមិត្តរួមអាវុធត្រូវបានគណៈតំបន់អញ្ជើញឱ្យមកចូលរួមជាភ្ញៀវ។ រ៉ានីបានមកដល់ស្រុកតំបែរនៅល្ងាចថ្ងៃ៣មករា។ នៅថ្ងៃទី ៤ ខែ មករា ខ្ញុំប្រញ៉ាប់ទៅជួបរ៉ានី។ នៅពេលនោះរ៉ានីកំពុងស្ថិតនៅជុំគ្នាជាមួយនារី១២នាក់ផ្សេងទៀត និងយុទ្ឋជនពិការ១២នាក់ដែរ។ ពេលនោះហើយទើបខ្ញុំដឹងថាការរៀបការត្រូវធ្វើជាមួយគ្នាជាក្រុមក្នុងពេលតែមួយគឺមានចំនួន ១៣គូ ។ ចំពោះគូខ្ញុំគឺមានលេខរៀងទី១៣។ នៅល្ងាចថ្ងៃទី ៤ ខែ មករា ឆ្នាំ ១៩៧៦ខ្ញុំត្រូវចេញដំណើររួមគ្នាទាំងហ្វូងពីមន្ទីរតំបន់នៅស្រុកតំបែរមកកាន់ ភូមិច្រាប នៃស្រុកត្បូងឃ្មុំដែលជាកន្លែងត្រូវរៀបការ។ នៅថ្ងៃទី ៥ ខែ មករាឆ្នាំ១៩៧៦ ត្រូវនិង ថ្ងៃច័ន្ទ ៤ កើត ខែបុស្ស ឆ្នាំ រោង អដ្ឋស័ក ពុទ្ឋសករាជ ២៥១៩ គឺជាថ្ងៃដែលខ្ញុំនិងភរិយាខ្ញុំបានរៀបការជាមួយបងប្អូន១២គូរផ្សេងទៀត ដែលមានខ្ញុំ និងភរិយាខ្ញុំជាគូរទី១៣។ នៅម៉ោងប្រមាណ ៨:00 ព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប។
(សូមរង់ចាំងអានវគ្គ៣ថ្ងៃស្អែក ដែលជាវគ្គបញ្ចប់)
***សូមជនរួមជាតិ ជាពិសេសយុវជន តាមដានរឿងភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” នៅក្នុងបណ្តុំ Video Clips តាមលេខរៀង (V3D3- V3-D18) ។ សង្ឃឹមថានឹងបានជាប្រយោជន៍ចែកចាយសម្រាប់ការស្វែងយល់បន្ថែមអំពីប្រវត្តិរបស់ខ្ញុំ។ សូមអរគុណ។