សម្តេច​តេ​ជោ​ហ៊ុន​ សែន​ រំឭក​អំពី​គូព្រេង​មិន​ព្រាត់​អាពាហ៍ពិពាហ៍​ក្នុង​គ្រា​កលិយុគ​(​វគ្គ​២)

ចែករំលែក៖

​ម៉ោង​ប្រមាណ​ ៧​ យប់​ ខ្ញុំ​បាន​វិល​ត្រឡប់​មក​វិញ​។​ ខ្ញុំ​ឡើង​ទៅ​លើ​ផ្ទះ​ឃើញ​នារី​ម្នាក់​កំពុង​អង្គុយ​មុខ​ចង្កៀងប្រេងកាត​ដែល​ខ្ញុំ​មើលទៅ​សុ​ទ្ឋ​តែ​ជា​វេជ្ជបញ្ជា​សំរាប់​ព្យាបាល​ឱ្យ​អ្នកជម្ងឺ​។​ ដោយ​មិនឃើញ​មេបញ្ជាការ​របស់ខ្ញុំ​ ខ្ញុំ​ក៏​សួរ​ទៅ​កាន់​នារី​នោះ​ថា​ បងស្រី​ តើ​មេបញ្ជាការ​របស់ខ្ញុំ​គាត់​ទៅ​ណា​ហើយ​?​ ចម្លើយ​របស់​សុភាព​នារី​រូប​នេះ​តប​មក​វិញ​ថា​ គាត់​ទៅ​មាត់ទន្លេ​ហើយ​។​ មិន​អស់ចិត្ត​ខ្ញុំ​ក៏​សួរ​គាត់​មួយ​សំនួរ​ទៀត​ថា​ តើ​នារី​ឈ្មោះ​រ៉ា​នី​ ពេល​នេះ​នៅឯណា​?​ ចម្លើយ​តប​ដោយ​សុភាព​ថា​ រ៉ា​នី​ទៅ​ដងទឹក​បាត់​ហើយ​។​ ខ្ញុំ​ក៏​ចុះ​មក​ក្រោមផ្ទះ​វិញ​ក្នុង​បំណង​ដើរទៅ​រក​មេបញ្ជាការ​របស់ខ្ញុំ​។​ លុះ​ចុះ​មក​ដល់​ក្រោម​ ខ្ញុំ​បាន​ជួប​ជាមួយ​គ្រូពេទ្យ​ម្នាក់​ដែល​ធ្លាប់​ស្គាល់គ្នា​ពេល​ដែល​គាត់​ទៅ​ប្រចាំការ​នៅ​សមរភូមិ​ ខ្ញុំ​ក៏​សួរ​គាត់​ថា​ នារី​ឈ្មោះ​រ៉ា​នី​ពេល​នេះ​នៅឯណា​?​ បងប្រុស​គ្រូពេទ្យ​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​ប្រហែល​១០​ឆ្នាំ​ឆ្លើយ​តប​ថា​ នារី​ដែល​សែន​ឯង​សួរ​លើ​ផ្ទះ​អម្បាញ់មិញ​នោះ​ហើយ​ជា​រ៉ា​នី​។​ បន្ទាប់​ពី​ដឹង​ថា​នារី​ដែល​ធ្លាប់​មាន​បញ្ហា​ជាមួយ​ខ្ញុំ​ជា​យូរ​មក​ហើយ​ហ៊ាន​ភូត​ខ្ញុំ​នៅ​ពេល​នេះ​ទៀត​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ខឹង​។​ ពេល​នេះ​រឿង​ចាស់​រឿង​ថ្មី​ត្រូវ​តែ​ទូទាត់​បញ្ជី​នៅ​យប់​នេះ​(​តាម​ពិត​ខ្ញុំ​មើល​មុខ​រ៉ា​នី​អត់​ច្បាស់​ទេ​ ដោយ​មើល​ពីក្រោយ​ព្រោះ​រ៉ា​នី​កំពុង​សរសេរ​ដោយ​ពន្លឺ​ចង្កៀងប្រេងកាត​)​។​

​ម៉ោង​៨​យប់​ ការ​ប្រជុំ​ដោះស្រាយ​បាន​មក​ដល់​។​ ភាគី​ខាង​ស្រី​មាន​ប្រធាន​និង​អនុប្រធាន​មន្ទីរពេទ្យ​ស្រុក​ សា​ម៉ី​ខ្លួន​ខាង​ស្រី​គឺ​រ៉ា​នី​ និង​មិត្ត​ស្រី​របស់​គាត់​ម្នាក់​ទៀត​ដែល​ជា​គ្រូពេទ្យ​ក្រមុំ​ដូច​គ្នា​។​ ខាង​ភាគី​ខ្ញុំ​មាន​មេបញ្ជាការ​ខ្ញុំ​និង​រូប​ខ្ញុំ​ជា​សា​ម៉ី​ខ្លួន​។​ មន្ទីរពេទ្យ​បាន​ក្រាលកន្ទេល​ក្រហម​២​ និង​ចង្កៀងប្រេងកាត​២​ ដែល​យើង​អង្គុយ​ទល់មុខ​គ្នា​ ខ្ញុំ​អង្គុយបត់ជើង​ មេបញ្ជាការ​ខ្ញុំ​អង្គុយ​ពេន​ភ្នែន​ ។​ នៅ​ពេល​អង្គុយ​រួច​ហើយ​ យុវនារី​២​នាក់​បាន​មក​ដល់​ ហើយ​អង្គុយបត់ជើង​ ពេល​នោះ​ខ្ញុំ​ចាំ​មិន​ច្បាស់​ថា​ មួយ​ណា​ជា​រ៉ា​នី​ក្នុង​ចំណោម​យុវនារី​ទាំង​២​នាក់​នោះ​ ព្រោះ​ពេល​ខ្ញុំ​សួរ​ពី​ក្បាល​ព្រលប់​ខ្ញុំ​មិន​បានឃើញ​មុខ​គេ​ច្បាស់​ទេ​។​

​បន្តិច​ក្រោយមក​ទើប​ខ្ញុំ​បាន​ស្គាល់​រ៉ា​នី​ច្បាស់​។​ ពេល​នោះ​អារម្មណ៍​របស់ខ្ញុំ​ក៏​ចាប់ចិត្ត​ស្រឡាញ់​គេ​ភ្លាម​។​ ខ្ញុំ​មានការ​សោកស្តាយ​ ហើយ​គិត​ក្នុង​ចិត្ត​ថា​ប្រសិនបើ​ដឹង​ថា​នាង​ស្អាត​យ៉ាងនេះ​ មិន​ចាំបាច់​មក​ដោះស្រាយ​ធ្វើ​អ្វី​ សុំ​ស្តីដណ្តឹង​យក​ធ្វើ​ជា​ប្រ​ពន្ទ​តែ​ម្តង​ជា​ល្អ​ជាង​។​ ខ្ញុំ​ស្តាយ​ដោយ​ធ្លាប់​ជេរ​ស្តីឱ្យ​យុ​ទ្ឋ​ជន​ដែល​ជួយ​ផ្សំផ្គុំ​ខ្ញុំ​ជាមួយ​រ៉ា​នី​ លើស​ ពី​នេះ​ខ្ញុំ​ក៏​ធ្លាប់​លួច​ជេរ​រ៉ា​នី​ដែរ​ ពិសេស​ក្រោយ​ពេល​ប្រជុំ​ម្តងៗ​ ដែល​ថ្នាក់លើ​និយាយ​បញ្ឆិតបញ្ឆៀង​រឿង​សីលធម៌​ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចិត្ត​។​

​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លាម​ រឿង​នេះ​មិន​ធ្លាប់​មាន​សោះ​ក្នុង​ជីវិត​ជាក​ម្លោះ​របស់ខ្ញុំ​។​ តើ​ត្រូវ​ស្រោចស្រង់​សភាពការណ៍​បែប​ណា​?​ ផែនការ​ពី​ក្បាល​ព្រលប់​ចង់​ទូទាត់​បញ្ជី​រទាំង​ចាស់​ទាំង​ថ្មី​ត្រូវ​បាន​ជំនួស​ដោយ​ពាក្យសុំ​ទោស​ជំនួស​យុ​ទ្ឋ​ជន​និង​ប្អូនស្រី​ខ្ញុំ​២​នាក់​ ដែល​ធ្លាប់​បាន​ហៅ​រ៉ា​នី​ថា​ជា​បងថ្លៃ​ ដែល​ធ្វើ​ឱ្យ​រ៉ា​នី​ខូច​ឈ្មោះ​។​ ដោយ​ពុំ​មាន​ចំណង​ស្នេ​ហ៌​ជាមួយ​នារី​ណា​នៅឡើយ​ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា​ត្រូវ​តែ​យក​រ៉ា​នី​មក​ធ្វើ​ជា​ភរិយា​ឱ្យ​បាន​។​ អ្វី​ដែល​ជា​ក្តី​បា​
​រ​ម្ភ​របស់ខ្ញុំ​ តើ​រ៉ា​នី​ស្រឡាញ់​ខ្ញុំ​ ព្រម​ទទួលយក​ខ្ញុំ​ជា​ស្វាមី​ឬទេ​?​ និង​ថា​ តើ​រ៉ា​នី​ មាន​បុរស់​ណា​ក្នុង​ចិត្ត​នាង​ហើយ​ឬ​នៅ​?​។​

​នៅ​យប់​នោះ​ ខ្ញុំ​ក្លាយជា​មនុស្ស​ដែល​ចេះ​និយាយ​ភូត​ដោយ​ប្រាប់​មេបញ្ជាការ​ខ្ញុំ​ថា​ម៉ូតូ​យើង​ម៉ាស៊ីន​ដើរ​មិន​ស្រួល​ អា​គុយ​ក៏​មិនសូវ​កាន់​ភ្លើង​ ធ្វើ​ដំណើរ​ទាំង​យប់​អាច​ខូច​តាម​ផ្លូវ​។​ គាប់​ជួន​ពេល​នោះ​ម៉ោង​ជិត​១០​យប់​ទៅ​ហើយ​ មេបញ្ជាការ​ខ្ញុំ​ក៏​យល់ព្រម​ដោយ​សុំ​ប្រធាន​មន្ទីរពេទ្យ​សម្រាក​មួយ​យប់​។​ មន្ទីរពេទ្យ​ក៏​រៀបចំ​ភ្លាមៗ​ឱ្យ​យើង​ទាំង​២​នាក់​សម្រាក​នៅ​លើ​ផ្ទះ​ដែល​យើង​ប្រជុំ​ដោះស្រាយ​នោះ​តែ​ម្ដង​។​ មិន​នឹក​ស្មាន​ដល់​ថា​ផ្ទះ​ដែល​យើង​សម្រាក​នេះ​ ជា​ផ្ទះ​ដែល​រ៉ា​នី​ និង​មិត្ត​នារី​របស់​គាត់​សម្រាក​ និង​ធ្វើការ​នៅ​ក្នុងផ្ទះ​នេះ​ដែរ​។​ រឿង​ទៅ​ហួស​ពី​នោះ​ គឺ​រ៉ា​នី​បាន​យក​ភួយ​២​មក​ឱ្យ​មេបញ្ជាការ​ខ្ញុំ​។​ មេបញ្ជាការ​ខ្ញុំ​យក​ភួយ​១​ ព​ណ៏​ផ្កាឈូក​ ហើយ​ប្រគល់​ឱ្យ​ខ្ញុំ​ភួយ​ព​ណ៍​ខៀវ​ ដែល​ក្រោយ​រៀប​ការ​ទើប​ដឹង​ថា​ភួយ​ដែល​ខ្ញុំ​ដណ្តប់​ជា​ភួយ​ភរិយា​ខ្ញុំ​ ដែល​ពេល​នោះ​យើង​បាន​ដណ្ដប់ភួយ​គ្រូពេទ្យ​ក្រមុំ​ ហើយ​ទុក​ឱ្យ​ពួក​គាត់​ដណ្តប់​មុង​។​ តើ​នេះ​ជា​ការ​រៀបចំ​របស់​ទេវតា​ឬ​?

​មេឃ​មិន​ទាន់​ភ្លឺ​ច្បាស់​ផង​ ខ្ញុំ​ឮ​សម្លេង​បុក​អង្ករ​ ខ្ញុំ​ខំ​អើត​មើលឃើញ​រ៉ា​នី​ និង​មិត្ត​របស់​គាត់​ឈ្មោះ​ខេមរា​ កំពុង​បុក​អង្ករ​ ។​ មេបញ្ជាការ​ខ្ញុំ​ប្រាប់​ឱ្យ​ខ្ញុំ​រៀបចំ​ម៉ូតូ​ដើម្បី​ចេញដំណើរ​ទាន់​ពេល​ព្រឹក​។​ ខ្ញុំ​បន់​ឱ្យ​តែ​ម៉ូតូ​ខូច​ដើម្បី​បាន​និយាយ​ជាមួយ​រ៉ា​នី​ តែ​វា​មិន​តាម​ចិត្ត​ចង់​របស់​យើង​ទេ​ គឺ​ធាក់​តែ​មួយ​ជើង​ម៉ូតូ​ឆេះ​ភ្លាម​។​ ខ្ញុំ​ខំ​រក​វិធី​ឡើង​ចុះ​ផ្ទះ​បាន​២​ដង​ មុន​ចេញដំណើរ​ដោយ​ចុង​ក្រោយ​ខ្ញុំ​បាន​ហៅ​រ៉ា​នី​ថា​បង​ម្តងទៀត​ ដោយ​ប្រើ​ពាក្យ​ថា​លា​ហើយ​បងស្រី​។​ នេះ​ជា​ទម្លាប់​របស់ខ្ញុំ​មិន​ដែល​ហៅ​ថា​អូន​ ឬ​មិត្ត​នារី​នោះ​ឡើយ​ គឺ​មាន​តែ​បងស្រី​ មីង​ អុំ​ស្រី​ យាយ​ សំរាប់​ប្រើ​ជាមួយ​មនុស្ស​ស្រី​ ព្រោះ​ឆ្នាំ​១៩៧៤​ ខ្ញុំ​ទើប​មាន​អាយុ​២២​ឆ្នាំ​នៅឡើយ​។​
(​ខ្ញុំ​សុំ​បញ្ជាក់​ថា​ ពេលវេលា​នៃ​ការ​ដោះស្រាយ​នេះ​ប្រព្រឹត្ត​ឡើង​នៅ​ដើមខែ​ មិ​នា​ ឆ្នាំ​១៩៧៤)​។​ ការ​ដែល​ខ្ញុំ​ស្រឡាញ់​រ៉ា​នី​គឺជា​រឿង​ពិត​ ហើយ​ការ​ដែល​រ៉ា​នី​ស្រឡាញ់​ខ្ញុំ​ឬ​អត់​ជា​បញ្ហា​ដែល​ត្រូវ​រក​វិធី​ដោះស្រាយ​។​ ក្ដី​ស្រឡាញ់​ទៅ​លើ​នារី​ម្នាក់​កើត​មាន​ជា​លើក​ដំបូង​សំរាប់​ជីវិត​ខ្ញុំ​ តែ​ទោះជា​យ៉ាងណា​ ក៏​ខ្ញុំ​មិន​ភ្លេច​ពី​តួនាទី​និង​ភារកិច្ច​ខ្ញុំ​ដែរ​។​

​ថ្ងៃ​ទី​១៣​ ខែ​ មេ​សា​ ឆ្នាំ​ ១៩៧៤​ ជា​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​។​ ខ្ញុំ​បាន​ឆ្លៀតពេល​ទៅ​លេង​ស្រុក​ក្រូចឆ្មា​ក្នុង​បំណង​ទៅ​រក​រ៉ា​នី​ដោយ​យក​លេស​ថា​ទៅ​សួរសុខទុក្ខ​យុ​ទ្ឋ​ជន​ដែល​កំពុង​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​។​ លុះ​ទៅ​ដល់​មន្ទីរពេទ្យ​ មិន​បានឃើញ​រ៉ា​នី​ទេ​ ហើយ​ក៏​មិន​ហ៊ាន​សួរ​រក​ថែម​ទៀត​ផង​។​ ខ្ញុំ​ជិះ​ម៉ូតូ​ចេញពី​មន្ទីរពេទ្យ​ទាំងអស់​សង្ឃឹម​។​ យើង​ត្រូវ​បន្តដំណើរ​ទៅ​កាន់​ឃុំ​រកា​ខ្នុរ​ ដើម្បី​នាំ​មិត្ត​ខ្ញុំ​ម្នាក់​ទៅ​សួរសុខទុក្ខ​ឪពុក​ម្តាយ​ដែល​ជា​ស្រុក​កំណើត​របស់​គាត់​។​ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​បាន​ប្រហែល​២​គីឡូម៉ែត្រ​ក៏​ជួប​រ៉ា​នី​កំពុង​ជិះ​កង់​ម្នាក់ឯង​តាម​ផ្លូវ​ ខ្ញុំ​ក៏​ឈប់​ម៉ូតូ​ រ៉ា​នី​ក៏​ឈប់​កង់​។​ យើង​សួរសុខទុក្ខ​គ្នា​ដោយ​ពាក្យ​គួរសម​ប្រហែល​៣​នាទី​ប៉ុណ្ណោះ​ ហើយ​ក៏​លាគ្នា​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវ​ រៀងៗ​ខ្លួន​។​ ទាំង​ខ្ញុំ​ ទាំង​រ៉ា​នី​ គឺ​មិន​បាន​បង្ហាញ​កាយវិការ​ណាមួយ​ខុស​ពី​ការ​ធ្លាប់​ជួប​ស្គាល់គ្នា​ពី​មុន​នោះ​ទេ​។​

​នៅ​ខែ​ សីហា​ ឆ្នាំ​១៩៧៤​ ខ្ញុំ​ត្រូវ​ស្វែង​យល់​ឱយ​បាន​ទាំង​ពី​ខាង​ថ្នាក់ដឹកនាំ​របស់ខ្ញុំ​ ទាំង​ពី​ខាង​រ៉ា​នី​ ដោយ​ខ្ញុំ​បាន​ធ្វើ​សំណើរ​សុំ​រៀប​ការ​ជាមួយ​រ៉ា​នី​ ។​ ចម្លើយ​ដែល​ខ្ញុំ​ទទួល​បាន​ពី​មេបញ្ជាការ​របស់ខ្ញុំ​គឺ​យល់ព្រម​ តែ​ត្រូវ​រង់ចាំ​រំដោះប្រទេស​ពី​របប​ល​ន់នល់​អោយ​ហើយ​សិន​។​ ឯ​ចម្លើយ​ពី​រ៉ា​នី​គឺ​ឆ្លើយ​តប​តាម​អ្នកនាំពាក្យ​គាត់​ថា​ស្រេច​លើ​ម៉ែឪ​។​ ចម្លើយ​ទាំង​២​នេះ​ផ្តល់​កម្លាំងចិត្ត​យ៉ាង​ខ្លាំង​សំរាប់​ខ្ញុំ​។​ ស្ត្រី​ខ្មែរ​៩៨​ភាគរយ​ហើយ​ដែល​ឆ្លើយ​ថា​ស្រេច​លើ​ម៉ែឪ​ ឬ​ចាស់ទុំ​ គឺ​មាន​ន័យ​ថា​យល់ព្រម​ហើយ​។​

​នៅ​ខែ​ តុលា​ ឆ្នាំ​១៩៧៤​ ខ្ញុំ​បាន​ជួប​រ៉ា​នី​ដោយ​ចៃដន្យ​បំផុត​នៅ​ផ្សារ​ពាមជីលាំង​។​ តែ​ជា​អកុសល​ដោយសារ​មិត្ត​ខ្ញុំ​ម្នាក់​ស្រវឹងស្រា​ហើយ​ហៅ​រ៉ា​នី​ថា​សោ​ (​បងថ្លៃ​)​។​ រ៉ា​នី​មិន​ខឹង​ទេ​ តែ​ធ្វើ​ដូច​មិន​ឮ​។​ តែ​សំរាប់​ខ្ញុំ​គឺ​ខ្ញុំ​ខ្មាស់​រ៉ា​នី​ ដូចនេះ​
​ខ្ញុំ​ត្រូវ​យក​កង់​ជិះ​ឌុ​ប​មិត្ត​ខ្ញុំ​ម្នាក់​នេះ​ចេញ​ទៅ​ផ្ទះ​មួយទៀត​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្សា​រទាំង​កណ្តាល​ភ្លៀង​ ធ្លាក់​។​ ទុក​មិត្ត​ខ្ញុំ​រួច​ហើយ​ខ្ញុំ​ជិះ​កង់​កាត់​ភ្លៀង​មក​រក​រ៉ា​នី​វិញ​។​ តែ​គួរ​ឱ្យ​ហួសចិត្ត​រថយន្ត​ដឹក​ក្រុម​គ្រូពេទ្យ​បាន​ចេញ​ទៅ​បាត់​អស់ហើយ​។​
​ចាប់តាំងពី​ពេល​នោះ​មករ​ហូត​ខ្ញុំ​ធ្លាក់ខ្លួន​ពិការ​ ខ្ញុំ​មិន​ដែល​បាន​ជួប​រ៉ា​នី​ទៀត​ទេ​ ទោះបី​មានឱកាស​ក៏​ដោយ​។​ នៅ​ថ្ងៃ​ទី​ ១​ ខែ​ មក​រា​ ឆ្នាំ​១៩៧៥​ ខ្ញុំ​ក៏​ត្រូវ​របួស​ស្មា​ដែល​ជា​របួស​លើក​ទី​៤​របស់ខ្ញុំ​។​ ពេល​នោះ​ខ្ញុំ​គិត​ថា​នឹង​បាន​រ៉ា​នី​មើលថែ​ព្យាបាល​របួស​ឱ្យ​ខ្ញុំ​។​ តែ​ផ្ទុយ​ទៅ​វិញ​មន្ទីរ​ពរ​ទ្យ​សមរភូមិ​មុខ​បាន​រៀបចំ​វះ​យក​អំបែង​គ្រាប់​ចេញ​ និង​បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែល​មា​នទី​តាំងនៅ​ឃុំ​បឹង​ព្រួល​ស្រុក​ពាមជីលាំង​។​
​នៅ​ព្រឹក​ថ្ងៃ​១៦​ ខែមេសា​ ឆ្នាំ​១៩៧៥​ ខ្ញុំ​ត្រូវ​របួសធ្ងន់​ សន្លប់​រហូត​ដល់​ថ្ងៃ​ទី​ ២១​ ខែ​ មេ​សា​ ទើបបាន​ដឹងខ្លួន​ឡើង​វិញ​។​ នៅ​ពេល​ដឹងខ្លួន​គឺ​ភ្នែក​ឆ្វេង​របស់ខ្ញុំ​បាន​ខ្វាក់​បាត់​ទៅ​ហើយ​ ឯភ្នែក​ស្តាំ​មើល​បាន​ប្រវែង​ប្រហែល​១០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​។​ នៅ​ពេល​នោះ​ខ្ញុំ​ក៏​បានដឹង​ថា​ ភ្នំពេញ​និង​ប្រទេស​ទាំងមូល​ត្រូវ​បាន​រំដោះ​ពី​របប​បរិវារ​អា​មេ​រិ​ក​។​ ពាក្យ​ស្រឡាញ់​និង​ថែទាំ​ដូច​កែវភ្នែក​សំរាប់​ខ្ញុំ​ គឺ​និយាយ​លែង​បាន​ហើយ​ ព្រោះ​ខ្ញុំ​បាន​បាត់បង់​កែវភ្នែក​ខ្លួនឯង​រួច​ទៅ​ហើយ​។​
​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ពិភពលោក​បាន​ប្រែប្រួល​អស់​ ប្រជាជន​ត្រូវ​ជំលៀស​ចេញពី​ទីក្រុង​ ធ្វើ​ដំណើរ​អត់បាយ​អត់​ទឹក​។​ ខ្លួនឯង​ផ្ទាល់​ក្លាយជា​ជន​ពិការ​ ហើយ​អ្វី​ដែល​ឈឺចាប់​បំផុត​គឺ​ព័ត៌មាន​ដែល​ថា​រ៉ា​នី​ បាន​រៀប​ការ​រួច​ហើយ​ជាមួយ​កម្មាភិបាល​មក​ពី​ភូមិភាគ​។​ ខ្ញុំ​ខឹង​រ៉ា​នី​ ខ្លាំង​ណាស់​ ខ្ញុំ​ដៀល​នាង​ទាំង​និយាយ​ខ្លាំងៗ​ទាំង​ក្នុង​ចិត្ត​ដៀល​សព្វគ្រប់​ទាំងអស់​តាម​ចិត្ត​ខ្ញុំ​ចង់​។​ នេះ​ជា​កំហុស​របស់ខ្ញុំ​ដែល​ទទួល​ព័ត៌មាន​ខុស​ តែ​ខ្ញុំ​លែង​ហ៊ាន​ស្រឡាញ់​រ៉ា​នី​ ទៀត​ហើយ​ ម្យ៉ាង​គឺ​ខ្ញុំ​បាន​ធ្វើ​ជ្រុលជ្រួស​លើ​នាង​ ប្រមាថ​មាក់ងាយ​នាង​ និង​ម្យ៉ាងទៀត​ខ្ញុំ​មិន​ចង់​នាំ​ការ​លំបាក​ឱ្យ​នាង​ដោយសារ​ពិការ​ភាព​របស់ខ្ញុំ​ទេ​ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ តើ​រ៉ា​នី​ស្រឡាញ់​ខ្ញុំ​ ព្រមយក​ខ្ញុំ​ជា​ស្វាមី​ឬទេ​?​ ព្រោះ​ខ្ញុំ​បាន​ធ្លាក់ខ្លួន​ពិការ​បាត់បង់​សម្រស់​ពី​ធម្មជាតិ​ទៅ​ហើយ​។​

​មន្ទីរពេទ្យ​សមរភូមិ​បាន​បញ្ជូន​រូប​ខ្ញុំ​ទៅ​កាន់​មន្ទីរពេទ្យ​ភូមិភាគ​ ដែល​ស្ថិត​នៅ​ ឃុំ​ រកា​ខ្នុរ​ ដែល​មាន​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ​ ពី​ផ្ទះ​ដែល​ជា​ភូមិកំណើត​របស់​រ៉ា​នី​។​ ពេល​នោះ​រ៉ា​នី​ បាន​ផ្លាស់​ពី​មន្ទីរពេទ្យ​ស្រុក​ ដែល​មា​នទី​តាំងនៅ​ឃុំ​ក្រូចឆ្មា​ ទៅ​ធ្វើ​ជា​ប្រធាន​មន្ទីរពេទ្យ​ស្រុក​មួយ​កន្លែង​ទៀត​នៅ​ ឃុំ​ឈូក​ ស្រុក​ក្រូចឆ្មា​។​ ក្នុង​អំឡុង​ខែ​ កក្កដា​ ឆ្នាំ​១៩៧៥​ ប្រហែលជា​ម៉ោង​ ៣:00​ រសៀល​ ខ្ញុំ​ហាក់ដូច​សុ​បិ​ន្ត​ទាំង​ថ្ងៃ​ ដោយ​បានឃើញ​រ៉ា​នី​ ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សួរសុខទុក្ខ​ខ្ញុំ​ ដោយ​មាន​មាន់​៣​ក្បាល​ផ្ញើរ​ឱយ​ខ្ញុំ​ផង​។​ រ៉ា​នី​បាន​សួរនាំ​ពី​អាកា​រៈរ​បួស​ និង​ ជម្ងឺ​របស់ខ្ញុំ​ ដោយ​សំដី​ទន់ភ្លន់​និង​ការ​លើកទឹកចិត្ត​។​ ពេល​រ៉ា​នី​លា​ត្រឡប់​មក​វិញ​ ខ្ញុំ​បាន​ជូន​ដំណើរ​ដល់​ផ្លូវ​ ខ្ញុំ​គិត​ថា​រ៉ា​នី​មិន​ប្រកាន់​ខឹង​និង​ ខ្ញុំ​ទេ​ ហើយ​ក៏​មិន​ស្អប់ខ្ពើម​នូវ​ជន​ពិការ​ដូច​ខ្ញុំ​នេះ​ដែរ​។​
​ខ្ញុំ​ត្រូវ​ប្រឹងប្រែង​សារ​ជា​ថ្មី​ សំរាប់​ខ្ញុំ​ និង​ រ៉ា​នី​ ព្រមទាំង​ឪពុក​ម្តាយ​រ៉ា​នី​ មិន​មាន​អ្វី​ជា​ឧបសគ្គ​ទេ​។​ តែ​អង្គការ​ទើប​ជា​ឧបសគ្គ​ពិតប្រាកដ​។​ នៅ​ពេល​នោះ​រ៉ា​នី​ត្រូវ​អង្គការ​បង្ខំ​ឱ្យ​រៀប​ការ​ជាមួយ​បុរស​ផ្សេង​ តែ​នាង​ប្រកែក​ដាច់ខាត​។​រីឯ​រូប​ខ្ញំ​ ក៏​ត្រូវ​អង្គការ​ផ្សំផ្គុំ​ជាមួយ​នារី​ផ្សេង​ តែ​ខ្ញុំ​ក៏​ប្រកែក​ដែរ​។​ ខ្ញុំ​ត្រូវ​លើក​សំណើរ​សុំ​រៀប​ការ​ជាមួយ​រ៉ា​នី​សារ​ជា​ថ្មី​ទៅ​កាន់​ប្រធាន​យោធា​តំបន់​។​ នៅ​ពេល​នោះ​ប្រធាន​យោធា​តំបន់​បាន​ធ្វើ​លិខិត​មួយ​ឱ្យ​ខ្ញុំ​យក​ទៅ​ជួប​គ​ណះ​ស្រុក​ក្រូចឆ្មា​។​ នៅ​ក្ន​ង​អំឡុង​ ខែ​ តុលា​ ឆ្នាំ​ ១៩៧៥​ ទាំង​តំបន់​ទាំង​ស្រុក​ ទាំង​រ៉ា​នី​ ដែល​ជា​សា​ម៉ី​ខ្លួន​យល់ព្រម​អស់ហើយ​រង់ចាំ​តែ​ថ្ងៃ​រៀប​ការ​ប៉ុណ្ណោះ​។​ ទាំង​មុន​ពេល​រង់ចាំ​និង​ពេល​កំពុង​រង់ចាំ​ទាំង​ខ្ញុំ​ និង​ទាំង​ រ៉ា​នី​ គឺ​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​ណាស់​។​ ការ​ប្រកែក​មិន​ព្រម​រៀប​ការ​តាម​ការ​រៀបចំ​របស់​អង្គការ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​។​ រីឯ​រូប​ខ្ញុំ​ក្រៅពី​ព្យាបាល​របួស​ ការងារ​សំខាន់​របស់ខ្ញុំ​គឺ​រៀបចំ​កម្លាំង​សម្ងាត់​ដើម្បី​វាយ​អង្គការ​ ដែល​បាន​នឹង​កំពុង​កាប់សម្លាប់​ប្រជាជន​ ទោះ​ពេល​នោះ​មិន​ទាន់​ធ្ងន់ធ្ងរ​ក្តី​។​

​នៅ​ថ្ងៃ​ទី​ ២​ ខែ​ មក​រា​ ឆ្នាំ​១៩៧៦​ ខ្ញុំ​ត្រូវ​បាន​កោះហៅ​ពី​ទីបញ្ជាការ​កងវរសេនាធំ​ដែល​បោះទីតាំង​នៅ​ភូមិ​កោះ​ថ្មរ​
​ឃុំ​ ទ​ន្លូ​ង​ ស្រុក​ ត្រ​មូង​ នា​ពេល​នោះ​ និង​ជា​ស្រុក​មេមត់​នា​ពេល​បច្ចុប្បន្ន​ដើម្បី​មក​ជួបជុំ​នៅ​មន្ទីរ​តំបន់​ដែល​មា​នទី​តាំងនៅ​ស្រុក​តំបែរ​ដើម្បី​រៀប​ការ​នៅ​ថ្ងៃ​ទី​៣​ ខែមករា​។​ នៅ​ពេល​នោះ​ ខ្ញុំ​ពិតជា​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​ តើ​គេ​រៀប​ការ​
​របៀប​ម៉េច​?

​មក​ដល់​មន្ទីរ​តំបន់​ រ៉ា​នី​នៅ​ស្រុក​ក្រូចឆ្មា​ឯណោះ​ ហើយ​មិន​ទាន់​បាន​ទទួល​ដំណឹង​អំពី​ការ​រៀប​ការ​នៅឡើយ​។​ ថ្នាក់លើ​នៅ​ចិត្តធម៌​គ្រាន់បើ​ ដោយ​សុខចិត្ត​ពន្យារពេល​រៀប​ការ​ពី​ថ្ងៃ​ទី​ ៣​ មក​រា​ ទៅ​ថ្ងៃ​ទី​ ៥​ ខែ​ មក​រា​វិញ​ និង​ចាត់​ឱ្យ​ប្រធាន​មន្ទីរ​តំបន់​ទៅ​ទទួលយក​រ៉ា​នី​ ពី​ស្រុក​ក្រូចឆ្មា​មក​កាន់​ស្រុក​តំបែរ​។​ រ៉ា​នី​អត់​បាន​ផ្តាំផ្ញើ​អ្វី​ទៅ​ឪពុក​ម្តាយ​ បងប្អូន​ហើយ​ក៏​គ្មាន​មិត្ត​ភ័​ក្រ​មក​កំដរ​ដែរ​ គឺ​ក្បាល​តែ​មួយ​ត្រ​ម៉​ង់​ត្រ​ម៉ោ​ច​ម្នាក់ឯង​។​ រីឯ​ចំណែក​រូប​ខ្ញុំ​វិញ​ក៏​មិន​មាន​ឪពុក​ម្តាយ​ ឬ​បងប្អូន​ចូលរួម​រៀប​ការ​ដូច​រ៉ា​នី​ដែរ​ គឺ​ក្បាល​តែ​២​នាក់​ប្តី​ប្រ​ពន្ទ​។​ តែ​ខ្ញុំ​គ្រាន់បើ​ជាង​រ៉ា​នី​បន្តិច​ ដោយ​មាន​មិត្ត​រួម​អាវុធ​ត្រូវ​បាន​គណៈ​តំបន់​អញ្ជើញ​ឱ្យមក​ចូលរួម​ជា​ភ្ញៀវ​។​ រ៉ា​នី​បាន​មក​ដល់​ស្រុក​តំបែរ​នៅ​ល្ងាច​ថ្ងៃ​៣​មក​រា​។​ នៅ​ថ្ងៃ​ទី​ ៤​ ខែ​ មក​រា​ ខ្ញុំ​ប្រ​ញ៉ាប់​ទៅ​ជួប​រ៉ា​នី​។​ នៅ​ពេល​នោះ​រ៉ា​នី​កំពុង​ស្ថិត​នៅ​ជុំ​គ្នា​ជាមួយ​នារី​១២​នាក់​ផ្សេង​ទៀត​ និង​យុ​ទ្ឋ​ជន​ពិការ​១២​នាក់​ដែរ​។​ ពេល​នោះ​ហើយ​ទើប​ខ្ញុំ​ដឹង​ថា​ការ​រៀប​ការ​ត្រូវធ្វើ​ជាមួយ​គ្នា​ជា​ក្រុម​ក្នុង​ពេល​តែ​មួយ​គឺ​មាន​ចំនួន​ ១៣​គូ​ ។​ ចំពោះ​គូ​ខ្ញុំ​គឺ​មាន​លេខ​រៀង​ទី​១៣​។​ នៅ​ល្ងាច​ថ្ងៃ​ទី​ ៤​ ខែ​ មក​រា​ ឆ្នាំ​ ១៩៧៦​ខ្ញុំ​ត្រូវ​ចេញដំណើរ​រួម​គ្នា​ទាំង​ហ្វូង​ពី​មន្ទីរ​តំបន់​នៅ​ស្រុក​តំបែរ​មក​កាន់​ ភូមិ​ច្រាប​ នៃ​ស្រុក​ត្បូងឃ្មុំ​ដែល​ជា​កន្លែង​ត្រូវ​រៀប​ការ​។​ នៅ​ថ្ងៃ​ទី​ ៥​ ខែ​ មក​រា​ឆ្នាំ​១៩៧៦​ ត្រូវ​និង​ ថ្ងៃ​ច័ន្ទ​ ៤​ កើត​ ខែបុស្ស​ ឆ្នាំ​ រោង​ អដ្ឋស័ក​ ពុ​ទ្ឋ​សករាជ​ ២៥១៩​ គឺជា​ថ្ងៃ​ដែល​ខ្ញុំ​និង​ភរិយា​ខ្ញុំ​បាន​រៀប​ការ​ជាមួយ​បងប្អូន​១២​គូរ​ផ្សេង​ទៀត​ ដែល​មាន​ខ្ញុំ​ និង​ភរិយា​ខ្ញុំ​ជា​គូរ​ទី​១៣​។​ នៅ​ម៉ោង​ប្រមាណ​ ៨:00​ ព្រឹក​ ពិធី​បាន​ចាប់ផ្តើម​ជាមួយ​គណៈអធិបតី​១​រូប​ គណៈ​ចាត់តាំង​១​រូប​។​

(​សូម​រង់​ចាំង​អាន​វគ្គ​៣​ថ្ងៃស្អែក​ ដែល​ជា​វគ្គ​បញ្ចប់​)

***​សូម​ជនរួមជាតិ​ ជា​ពិសេស​យុវជន​ តាមដាន​រឿង​ភាគនិទាន​ “​កូនប្រុស​ក្រោម​ពន្លឺព្រះច័ន្ទ​ពេញ​បូ​ណ៍​មី​”​ នៅ​ក្នុង​បណ្តុំ​ Video​ Clips​ តាម​លេខ​រៀង​ (V3D3-​ V3-D18)​ ។​ សង្ឃឹមថានឹង​បានជា​ប្រយោជន៍​ចែកចាយ​សម្រាប់​ការ​ស្វែង​យល់​បន្ថែម​អំពី​ប្រវត្តិ​របស់ខ្ញុំ​។​ សូម​អរគុណ​។​

1

2

...

3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print