សហរដ្ឋអាមេរិក៖ នាវាផ្ទុកយន្តហោះដើរតួនាទីយ៉ាងសំខាន់បំផុត ដូចជាទីតាំងទ័ពអាកាសចល័ត នៅលើមហាសមុទ្រ។ យន្តហោះចម្បាំងរាប់រយគ្រឿងអាចហោះហើរនឹងចុះចតនៅលើនាវាផ្ទុកយន្តហោះ។
អាមេរិកជាប្រទេសដែលមាននាវាផ្ទុកយន្តហោះច្រើនជាងគេបំផុតលើពិភពលោក ។ បច្ចុប្បន្នទាហានអាមេរិក មាននាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោក ចំនួន១០គ្រឿង ប្រភេទ Nimitz និង១គ្រឿងប្រភេទ Gerald R.Ford កំពុងដំណើរការនៅលើមហាសមុទ្រ ។ ជាមួយគ្នានេះអាមេរិក ក៏មានគម្រោងផលិតនាវាផ្ទុកយន្តហោះជាច្រើនគ្រឿងបន្ថែមទៀត ហើយនៅឆ្នាំ២០២០នេះនឹងដំណើរការនាវាផ្ទុកយន្តហោះថ្មី មានតម្លៃជិត១២ពាន់លានដុល្លារ។
នៅក្នុងកំពង់ផែ Newport News រដ្ឋ Virginia កម្លាំងទាហានជើងទឹកអាមេរិក បានប្រារព្ធពិធី ដាក់ឈ្មោះឲ្យនាវាផ្ទុកយន្តហោះថ្មី ដែលជានាវាមានតម្លៃខ្ពស់ជាងគេបំផុត ។ នាវាផ្ទុកយន្តហោះនោះត្រូវបានដាក់ឈ្មោះថា USS John F. Kennedy ជាឈ្មោះអតីតប្រធានាធិបតីអាមេរិកដែលរងការធ្វើឃាត។ នៅក្នុងពេលពិធីនោះមានការចូលរួមពី កូនស្រី លោក John F. Kennedy គឺលោកស្រី Caroline Kennedy ។
នេះជានាវាផ្ទុកយន្តហោះទីពីរហើយដែលមានឈ្មោះលោក John F. Kennedy នាវាផ្ទុកយន្តហោះទីមួយមានលេខសម្គាល់ CV-67 បានដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៦៧ ហើយពេលនោះក៏មាន លោកស្រី Caroline Kennedy ចូលរួមផងដែរ ប៉ុន្តែទើបតែមានអាយុ៩ឆ្នាំប៉ុណ្ណោះ។
នាវាផ្ទុកយន្តហោះ USS John F. Kennedy ចាស់បានឲ្យចូលនិវត្តន៍តាមពីឆ្នាំ២០០៧ ហើយជំនួសវិញដោយនាវាផ្ទុកយន្តហោះមាន លេខCVN-79 នៅក្នុងឆ្នាំ២០១១ ។ ចំណែកនាវាផ្ទុកយន្តហោះថ្មី USS John F. Kennedy នេះ នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២០ ដើម្បីជំនួសនាវាផ្ទុកយន្តហោះ USS Nimitz ហៅកាត់(CVN-68)។
នាវាផ្ទុកយន្តហោះ USS John F. Kennedy មានប្រវែង៣៣៣ម៉ែត្រ មានចំណុះ១សែនតោន ដោយបានបំបាក់បច្ចេកវិទ្យាទំនើប ៗបំផុត ក៏ដូចជាប្រព័ន្ធការពារ ការវាយប្រហារនៅលើនាវាផ្ទុកយន្តហោះនោះ ។ នាវាផ្ទុកយន្តហោះ USS John F. Kennedy ចំណាយប្រាក់អស់១១,៤ពាន់លានដុល្លារ៕
ដោយ៖ មែវ សាធី