ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានម្ចាស់ផ្ទះអះអាងថាបានធ្វើសកម្មភាពដឹកបក្ខពួក២នាក់ទៅធ្វើសកម្មភាពលួចម៉ូតូនៅខាងមុខផ្ទះរបស់គាត់ចំនួន២គ្រឿង កាលពីវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ នៅភូមិអូលរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ។ បុរសខាងលើនេះមិនបានឆ្លើយសារភាពដូចការចោទប្រកាន់ខាងលើនេះទេ តែទោះបីជាបែបណាលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបុរសរូបនេះនៅវេលាម៉ោង១៨និង២០នាទី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ប៊ុនថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ ហុក លីឃៀង ហៅសៀង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់សាច់ជ្រូក មានទីលំនៅក្នុងភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ជាម្ចាសម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៦ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ លេខតួ-លេខម៉ាស៊ីន៩៤៤៣២១៩ គ្មានស្លាកលេខ ។ ទី២-ឈ្មោះ អ៊ុំ ចាន់បូរិន ហៅព្រឹម ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុរបរកសិករ មានទីលំនៅក្នុងភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FK-8923 ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូយកទៅផ្ញើនៅខាងមុខផ្ទះរបស់ឈ្មោះ គុយ គួន ភេទប្រុស អាយុ៥០ឆ្នាំ រួចក៏បាននាំគ្នាទៅមើលគេជល់មាន់បាត់ទៅ ។ ពេលត្រឡប់មកវិញមិនឃើញម៉ូតូក៏ជជីកសួរនាំម្ចាស់ផ្ទះ ទើបដឹងថាជនសង្ស័យបានឌុបបក្ខពួក២នាក់ទៀតមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ។
ក្រោយមកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុក រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យនិងម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AY-0474 (ក្លែងក្លាយ) ដើម្បីយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្អាងកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ