ភ្នំពេញ៖ប្រជាពលរដ្ឋម្នាក់ ទំនងជាអត់ទ្រាំលែងបាន ដោយបង្ហាញជាសាធារណៈ ថា ក្រុមហ៊ុនមួយឈ្មោះ ហាវេស ផេរភើរ កំពុងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ ទាំងបញ្ហាចតឡានស្ទះពេញផ្លូវ និង បញ្ហាកាកសំណល់គ្មានអនាម័យបំពុលបរិស្ថាន ។
គណនីហ្វេសប៊ុកមួយឈ្មោះ Phoumea Chhin សរសេរថា “កំពូលក្រុមហ៊ុនឡានដែលគ្មាន២លើលោកចតមិនខ្វលពីអ្នកផ្សេងដែលនៅខាងក្នុង ប្រាប់ចង់១០ដង នៅតែមិនខ្វល់” ។
ប្រជាពលរដ្ឋ រូបនេះ រង់ចាំមើលថាតើលោកចៅសង្កាត់ និង ប៉ូលិស លោកនឹងមានវិធានការបែបណាចំពោះក្រុមហ៊ុន ឬ ឃ្លាំង មួយនេះ ពីបញ្ហាចតឡាននិងការចាក់ចោលកាកសំណល់គ្មានអនាម័យបំពុលបរិស្ថាន ។
ទីតាំងដែលកំពុងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋនេះ គឺ ស្ថិតនៅភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ទល់មុខមណ្ឌលសុខភាពសាមគ្គី ឈាងជើង ។
ជុំវិញបញ្ហានេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែន ថ្លែងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ តាមបណ្តាញសង្គម Telegram ថា លោកនឹងមានវិធានការចំពោះក្រុមហ៊ុននេះ ដោយអោយកម្លាំងចុះត្រួតពិនិត្យ ។
លោកអភិបាលខណ្ឌពោធិ៍សែនជ័យ អាជ្ញាធរនឹងចុះណែនាំពីបញ្ហាចតឡាន និង បញ្ហាសំរាម ។ ប៉ុន្តែ បើមិនស្តាប់ទេ លោកនឹងមានវិធានការ ចាប់ឡានយកមកទុករយៈពេល១សប្តាហ៍ ៕