បាតុកម្មនៅហុងកុងមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ច ការរស់នៅរបស់ពលរដ្ឋប៉ុណ្ណោះទេ រដ្ឋាភិបាលក៏បានចំណាយប្រាក់ជាច្រើន ដើម្បីបង់ថ្លៃថែមម៉ោងដល់កម្លាំងប៉ូលិស ។
បាតុកម្មនៅកោះហុងកុងតាំងពីខែមិថុនាឆ្នាំ២០១៩មក បង្ខំឲ្យកម្លាំងសន្តិសុខ ប៉ូលិស ត្រូវតែធ្វើការថែមម៉ោងដើម្បីការពារទីតាំងសំខាន់ៗ រក្សាសន្តិសុខទប់ស្កាត់ក្រុមបាតុករ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ។ រដ្ឋាភិបាលកោះហុងកុង ត្រូវចំណាយប្រាក់បន្ថែមរហូតដល់ទៅ១២៨លានដុល្លារ សម្រាប់ប៉ូលិសធ្វើការថែមម៉ោង។
សារព័ត៌មាន South China morning Post បានផ្សាយថា ប៉ូលិសហុងកុងត្រូវទទួលបានប្រាក់ ធ្វើការថែមម៉ោងដល់ទៅជិត១ពាន់លានដុល្លារ ហុងកុង(ប្រមាណ១២៨លានដុល្លារអាមេរិក) ចាប់តាំងពីខែមិថុនាកន្លងមក ពេលបាតុកម្មផ្ទុះឡើង។
ប្រាក់ចំណាយបន្ថែមលើកម្លាំងសន្តិសុខត្រូវបានរដ្ឋាភិបាលហុងកុងប្រកាសជាសាធារណៈ នៅថ្ងៃទី១៣ខែធ្នូ ក្រោយពេលផ្តល់របាយការណ៍ដល់ នាយកដ្ឋានសន្តិសុខហុងកុង។ជាមួយគ្នានេះរដ្ឋាភិបាលហុងកុងក៏បានស្នើដំឡើងប្រាក់ខែ ដល់បុគ្គលិកមន្ត្រីរដ្ឋការផងដែរ។
ប៉ុន្តែគម្រោង ដំឡើងប្រាកខែ ត្រូវបានគណបក្សប្រឆាំង បដិសេធដោយស្នើឲ្យរដ្ឋាភិបាលកោះហុងកុង លុបបញ្ជីឈ្មោះ ប៉ូលិស ចេញពីគម្រោងដំឡើងប្រាក់ខែសិន។ ការដំឡើងប្រាក់ខែសម្រាប់ប៉ូលិស សន្តិសុខគឺត្រូវពិភាក្សាដាច់ដោយឡែក។ ហុងកុង មានប៉ូលិស ប្រមាណ៣ម៉ឺននាក់។ ប៉ូលិសហុងកុងរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ក្នុងរយៈពេល៦ខែកន្លងមកដោយសារតែប្រើអំពើហិង្សាទៅលើបាតុករ៕