ចិនដាក់ឲ្យប្រើប្រាស់នាវាផ្ទុកយន្តហោះផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ជាលើកដំបូង

ចែករំលែក៖

ក្រោយការសាកល្បងទទួលបានជោគជ័យ ចិនបានដាក់ឲ្យដំណើរការនាវាផ្ទុកយន្តហោះផលិតដោយបច្ចេក​វិទ្យាចិនផ្ទាល់លើកដំបូង​បង្អស់ ក្នុងប្រវត្តិសាស្ត្រ ។នេះជាការប្រកាសដាក់​ឲ្យប្រើប្រាស់​នាវាផ្ទុកយន្តហោះទីពីរ ដែលផលិតឡើង ដោយបច្ចេកវិទ្យាក្នុងស្រុក ដំបូងគេបំផុត​​ ។ នាវាផ្ទុកយន្តហោះនេះ​​ ​អាចផ្ទុកនាវា​ចម្បាំង​ពី៣៨គ្រឿង​ រហូតដល់​៤០គ្រឿង ដើរដោយ​ប្រព័ន្ធ​​ថាមពលរុញច្រានធម្មតា ។ 

រដ្ឋាភិបាលចិន ​បានសម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​នាវាផ្ទុកយន្តហោះ​​ទីពីរ ដែលផលិតដោយបច្ចេកវិទ្យាក្នុងស្រុកដំបូង​គេបំផុត ​ឲ្យដល់​កងកម្លាំង​ទាហានជើងទឹក​ ។ ពិធី​ដាក់ឲ្យប្រើប្រាស់នេះ បាន​ធ្វើឡើង​យ៉ាងឱឡារិក អធិកអធម ក្រោម​អធិបតី​ប្រធានាធិបតីដ៏មានឥទ្ធិពល​បំផុត លោក ស៊ី ជីនពីង នៅឯខេត្ត​ Shandong នាភាគខាងកើត​របស់ប្រទេសចិន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ។ 

នាវាផ្ទុកយន្តហោះទីពីរនេះ ​ត្រូវបានដាក់ឈ្មោះ នាវាផ្ទុកយន្តហោះ «Shandong » គឺយកឈ្មោះខេត្ត​ចិន​ដាក់​តែម្តង។ នាវានេះអាចផ្ទុកយន្តហោះចម្បាំង ចន្លោះពី៣៨គ្រឿងដល់៤០គ្រឿង។ រីឯនាវាផ្ទុកយន្តហោះរបស់​ចិន​ទីមួយ​ ​ឈ្មោះ Liaoning ។ នាវានេះ មានប្រវត្តិដើម ផលិតឡើង តាំងពីសម័យសូវៀត​ដែលចិនទិញពីប្រទេសអ៊ុយក្រែន ហើយត្រូវបានជួសជុល ហើយដាក់ឲ្យប្រើប្រាស់ ​កាលពីឆ្នាំ២០១២ ។ នាវា Liaoning ផ្ទុកយន្តហោះចម្បាំងចំនួន​៤០គ្រឿង ។  

គួររំឭកថា កាលពី​ខែ​កក្កដា​ ឆ្នាំ២០១៩ ប្រទេស​ចិន​បាន​បង្ហាញ​ផែនការ​កសាង ធ្វើ​ទំនើបឧបនីកម្ម​បច្ចេក​វិទ្យាជាន់ខ្ពស់ដល់​កងទ័ព​របស់ខ្លួន ។ ចិន​ជា​មហាអំណាច​យោធា​ធំ​ទី​២ ក្នុង​លោក ដែល​បាន​ចំណាយ​ថវិកាការពារជាតិ ប្រមាណ១៧ម៉ឺនលាន​ដុល្លារ សម្រាប់​វិស័យកងទ័ព នាឆ្នាំ ២០១៩។

អ្នកវិភាគបាន​លើកឡើងថា ចិន​ទើបតែមាន​នាវាផ្ទុកយន្តហោះ​២គ្រឿងប៉ុណ្ណោះ ហើយបើទោះជា​មានគម្រោង​​បង្កើត​​នាវាផ្ទុកយន្តហោះទី៣ក៏ដោយ ប៉ុន្តែនៅតែមិនទាន់អាចប្រកួតប្រជែង​ជាមួយ​មហាអំណាចយោធា​ទីមួយ គឺសហរដ្ឋអាមេរិកបានឡើយ ដោយសារពេលបច្ចុប្បន្ននេះះ អាមេរិក​មាននាវាផ្ទុកយន្តហោះចម្បាំងទំនើបៗ រហូតដល់​ទៅ១២គ្រឿងឯណោះ ។ 

សម្រាប់​អ្នកវិភាគ អះអាងថា ចិន​នៅមិនទាន់​អាច​ប្រកួតប្រជែង​ជាមួយ​អាមេរិកបាននៅឡើយ ទាំង​ផ្នែក​ចំនួន និង សមត្ថភាពបច្ចេកវិទ្យា ។ នាវាផ្ទុកយន្តហោះ​ចម្បាំង​ទី២ ដែល​ចិនទើបនឹង​ឡើង ​ដោយបច្ចេកវិទ្យា​ចិន សុទ្ធសាធ ដើរដោយ​ប្រព័ន្ធ​ថាមពល​រុញច្រាន​ធម្មតា ប៉ុន្តែវាមិន​មែន ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​ ដូច​នាវាផ្ទុកយន្តហោះចម្បាំង​របស់​ប្រទេស​ដទៃ​នោះឡើយ។ នាវានេះ​អាច​ងាយ​នឹង​រង​ការវាយប្រហារ ដោយ​មីស៊ីល​របស់​នាវាមុជទឹក​របស់​សត្រូវ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print