អាមេរិកចំណាយប្រាក់ការពារជាតិច្រើន គឺជាក្តីបារម្ភចំពើពិភពលោក ដោយរាល់ឆ្នាំ ការចំណាយច្រើន លើស ពីធម្មតា គឺអាមេរិកតែងតែធ្វើសង្គ្រាម ទៅលើប្រទេសណាមួយនៅលើពិភពលោក ។
នៅពេលនេះ ព្រឺទ្ធសភាអាមេរិក កាលពីថ្ងៃទី១៧ ខែធ្នូ បានប្រកាសអនុម័តថវិកាចំណាយសម្រាប់ការពារជាតិ ឆ្នាំ២០២០ មានរហូតដល់ទៅ៧៣៨ពាន់លានដុល្លារ ហើយពេលនេះរង់ចំាតែលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាតែប៉ុណ្ណោះ។
ព្រឹទ្ធសភាអាមេរិក បានបោះឆ្នោតអនុម័តច្បាប់ផ្តល់សិទ្ធិការពារជាតិ (NDAA) ជាមួយនឹងមូលនិធិការពារជាតិ ឆ្នាំ២០២០ មានទឹកប្រាក់៧៣៨ពាន់លានដុល្លារ។ ក្រៅពីនេះ NDAA ក៏បានស្នើដាក់ទណ្ឌកម្មដល់គម្រោង Nord Stream 2 និង Turkstream ក៏ដូចជា រារាំងកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី ផងដែរ។ ច្បាប់ថ្មីនេះក៏បានដាក់ទណ្ឌកម្មទៅលើតួកគីដែលទិញមីស៊ីលការពារ S-400 ពីរុស្ស៊ី ហើយហាមអាមេរិកលក់យន្តហោះចម្បាំង F-35 ដល់ប្រទេសតួកគី ផងដែរ។
ច្បាប់ការពារជាតិ ក៏មានយុទ្ធសាស្ត្រទប់ស្កាត់រាល់ការគំរាមកំហែងពីចិន ក៏ដូចជា ការវិនិយោគបរទេស ពិសេសគឺពីប្រទេសចិន ថែមទៀតផង។ ក្រៅពីនេះក៏នៅមានទំនាក់ទំនងយោធា ចិន និងរុស្ស៊ី។
ច្បាប់ការពារជាតិឆ្នាំ២០២០ ត្រូវបានសភាអាមេរិក អនុម័ត កាលពីថ្ងៃទី១១ ខែធ្នូ ហើយនៅថ្ងៃទី១៧ ខែធ្នូ ព្រឺទ្ធសភាក៏បានអនុម័ត រួចបញ្ជូនទៅឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថខា ដើម្បីធ្វើឲ្យច្បាប់នេះចូលជាធរមាន។ ក្រុមអ្នកឯកទេសវិភាគលើកឡើងថា ការចំណាយប្រាក់យ៉ាងច្រើនបែបនេះ គឺដោយសារតែ ចិន និងរុស្ស៊ី បង្កើនឥទ្ធិពលយោធា នៅលើពិភពលោក៕