ខេត្តកណ្តាល៖ បុរសម្នាក់ព្រោះតែអត់លុយតាមស្វែង រកប្រពន្ធដែលចុះចោលផ្ទះ បានបែកគំនិតខ្ចីម៉ូតូ អ្នកជិតខាងយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ហើយត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចនគរបាលឃាត់ខ្លួនចាត់ការតាមច្បាប់ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ តាមបញ្ជារបស់លោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្tកណ្តាល ហើយបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៤ ខែឆ្នាំដដែល ។
ករណីរំលោភលើទំនុកចិត្តនេះកើតឡើងកាល ពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ។ ជនសង្ស័យមានឈ្មោះ យ៉ឺម ប៊ុនថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជា ជាងពិតាន មានទីលំនៅក្នុងភូមិព្រែកថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ ប៉ុន ស៊ីនួន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជា គ្រូបង្រៀន មានទីលំនៅក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាម្ចាស់ម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខកណ្តាល1A-1047 ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះ ដោយប្រាប់ថាជិះទៅមើលជាងជួសជុលកងរបស់ខ្លួន ។ បន្ទាប់ពីជនរងគ្រោះប្រគល់ម៉ូតូឲ្យខ្ចីជនសង្ស័យបានជិះម៉ូតូជនរងគ្រោះយកទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ ក្នុងរាជធានីភ្នំពេញតម្លៃ២០០ដុល្លារ ។ ក្រោយពីដើរស៊ីចាយលុយអស់ពីខ្លួន ជនសង្ស័យបានវិញត្រឡប់ទៅស្រុកវិញ ហើយក៏ត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចនគរបាលឃាត់ខ្លួនតែម្តង ។
ជនសង្ស័យបានសារភាពថា មូលហេតុដែលនាំឲ្យខ្លួនខ្ចីម៉ូតូជនរងគ្រោះយកទៅបញ្ចាំ ក៏ព្រោះតែខ្លួនគ្មានលុយធ្វើសោហ៊ុយតាមស្វែងរកប្រពន្ធដែលចុះចោលផ្ទះ ៕
...
ដោយ៖ ស្អាងជ័យ