ខេត្តសៀមរាប ៖ ជាការណ៍ពិតណាស់ ដែលទ្រឹស្តីអប់រំមួយបានលើកឡើងថា ល្បែងតែងវិនាស ល្បែងស៊ីសងបង្កឲ្យ មានអំពើហិង្សាក្នុងគ្រួសារនិងអំពើអសន្តិសុខក្នុងមូលដ្ឋាន។ យ៉ាងណាមិញដូចជា ករណីមួយនេះ កំពុងធ្វើឲ្យពលរដ្ឋក្នុង សង្កាត់ស្លក្រាម ខេត្តសៀមរាប មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារឃើញរូបភាពក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ត្រូវម្តាយ ដែលចាញ់ល្បែងស៊ីសង វាយធ្វើបាប បណ្តាលឲ្យរងរបួសពេញខ្លួន ហើយរូប ភាពនេះត្រូវបានគេយកមកបង្ហោះក្នុង បណ្តាញសង្គមហ្វេសប៊ុកឲ្យល្បីរន្ទឺ និង មានការរិះគន់យ៉ាងខ្លាំងថានេះជាការ រំលោភសិទ្ធិកុមារពេញបន្ទុក។
ក្នុងអាក់ខោនហ្វេសប៊ុកមួយឈ្មោះថា Zee Domបានបង្ហាញរូបថតធ្វើទារុណកម្មលើក្មេងស្រីអាយុ៣ឆ្នាំ និងបានសរសេរថា ម្តាយចាញ់បៀអស់លុយ ខឹងកូនចាក់អង្ករលេងចាប់កូនអាយុ៣ឆ្នាំវាយជាំខ្លួន ខ្ញុំសូមឲ្យអង្គការប្រឆាំងអំពើហិង្សា លើកុមារ ជួយព្រមានម្តាយក្មេងស្រីម្នាក់នេះផង ។
បើទោះបីគេមិនបានបញ្ជាក់ថា កើតឡើងពីថ្ងៃណា នៅកន្លែងណាជាក់លាក់ក៏ដោយក៏ម្ចាស់អាក់ខោនមួយនេះ បានបញ្ជាក់ឲ្យដឹងថា ក្មេងស្រីរូបនេះរស់នៅខេត្តសៀមរាប ក្រុម៥ ភូមិទ្រាំង សង្កាត់-ក្រុងសៀមរាប ។
ការបញ្ជាក់បែបនេះធ្វើឲ្យគេមើល ឃើញថា មួយរយៈនេះគេតែងសង្កេត ឃើញក្នុងដែនដីសង្កាត់ស្លក្រាមខេត្ត សៀមរាបមានករណីបើកលេងល្បែងស៊ីសងក្នុងមូលដ្ឋានច្រើនណាស់ជាពិសេសល្បែងកន្ទុយលេខ ដោយបេីកចំហគ្មាន សមត្ថកិច្ចណាទៅបង្រ្កាបនោះទេ។
យ៉ាងណាក្នុងករណីនេះ សមត្ថកិច្ចនគរ បាលក្រុងសៀមរាបបានឲ្យដឹងនៅរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ថា ក្មេងស្រីរងគ្រោះឈ្មោះ យឹម រក្សា អាយុ៣ឆ្នាំ មាន ម្តាយឈ្មោះ មុី រ៉ាវី អាយុ២៩ឆ្នាំ មុខរបរស៊ី ឈ្នួលលាងចានឲ្យគេ មានឪពុកឈ្មោះ យឺន យន អាយុ៤០ឆ្នាំ មុខរបរកម្មករ សំណង់។ ស្ត្រីជាម្តាយត្រូវបានសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរ និងធ្វើកិច្ចសន្យា ឲ្យឈប់ធ្វើទារុណកម្ម វាយធ្វើបាបកូនតូច តទៅទៀត ខណៈដែលពេលនេះស្រ្តីជា ម្តាយប្រាប់សមត្ថកិច្ចថា គាត់ខឹងកូនស្រី លេងអង្ករទម្ងន់៧គីឡូក្រាមឲ្យទទឹកអស់៕ប៊ុន រិទ្ធី