ខេត្តបន្ទាយមានជ័យ៖ ជនរងគ្រោះ៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Camary បុកជាមួយរថយន្ត Camary កាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ខាងលិចរោងម៉ាស៊ីនកិនស្រូវឈ្នួរ៤០០ម៉ែត្រ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
តាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខេត្តបានឲ្យដឹងថា៖ ជនរងគ្រោះទាំង៥នាក់ ពុំទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។តាមការឲ្យដឹងពីកន្លែងកើតហេតុ ដំបូងមានរថយន្ត១គ្រឿងម៉ាកកាមារីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J.7269 បើកបរម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត និងរថយន្តម៉ាកកាមារី១គ្រឿងទៀត ពណ៌ទឹកប្រាក់ដូចគ្នាពាក់ស្លាកលេខ ភ្នំពេញ. 2l.6294 មានអ្នករួមដំណើរចំនួន៤នាក់ បានធ្វើដំណើរពីទិសខាងកើតទៅលិច ។
ប្រភពដដែលបានបញ្ជាក់ថា៖ ពេលមកដល់ចំណុចកន្លែងកើតហេតុ ខាងលិចរោងម៉ាស៊ីនកិនស្រូវឈ្នួរ៤០០ម៉ែត្រ ស្ថិតក្នុងភូមិឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ រថយន្តដែលបើកបរម្នាក់ឯងបានវ៉ាជែងរថយន្ត១គ្រឿងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ ក៏បានជ្រុលទៅបុករថយន្ត ដែលមកពីទិសផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរទាំងសងខាងស្លាប់ និងទារកស្រីអាយុ៨ខែម្នាក់ ក៏ស្លាប់នៅកន្លែងកើតហេតុ មនុស្សស្រី២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសង្គ្រោះដឹកទៅមន្ទីរពេទ្យ ។ ចំណែករថយន្តខូចខាតធ្ងន់ទាំង២គ្រឿង។ករណីគ្រោះថ្នាក់ចរាចរណ៍នេះជនរងគ្រោះទាំងអស់ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕
ដោយ៖ វណ្ណា