ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហាញ ផែនទីសម្រាប់រត់ក្នុងព្រឹត្តិការណ៍កីឡាថ្មីមួយទៀត នៅលើទឹកដីខេត្តសៀមរាបដែលមិនធ្លាប់មាន ពីមុនមក គឺ Ultra Trail Angkor 2016 ដោយមានអត្តពលិកសរុប៤០០នាក់មកពី២៩ប្រទេសលើ វិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រ ចាប់ពីវេលាម៉ោង៤ទៀបភ្លឺព្រឹកថ្ងៃទី២៣ ខែមករារហូតដល់វេលាម៉ោង៨ព្រឹកថ្ងៃ ទី២៤ខែមករាឆ្នាំ២០១៦ខាងមុខ។
យោងតាមរូបភាពផែនទីសម្រាប់ឲ្យកីឡាករកីឡាការិនីរត់ប្រណាំងក្នុងព្រឹត្តិការណ៍ Ultra Trail Angkor 2016 ធ្វើឡើងនៅលើទឹកដីខេត្តសៀមរាបតំបន់អង្គរវត្ត ក្នុងន័យបង្កើនការ ចាប់អារម្មណ៍និងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ហើយក៏ជាព្រឹត្តិការណ៍ដំបូងគេសម្រាប់ឆ្នាំ២០១៦នេះដែរ។
លោកវ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺNOCC បើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ការប្រកួតកីឡាបែបទេសចរណ៍ក្នុងប្រទេសកម្ពុជា ។ ចំពោះការរត់ប្រណាំងចម្ងាយផ្លូវ១២៨គីឡួម៉ែត្រនេះដែរ គឺធ្វើឡើងជា៣ដំណាកកាល ក្នុងនោះចាប់ចេញដំណើរលើកទី១គណៈកម្មការបច្ចេកទេសតម្រូវឲ្យកី ឡាករកីឡាការិនី រត់ចម្ងាយផ្លូវ៤៦គីឡូម៉ែត្រ ។ ដំណាក់កាលទី២ត្រូវរត់ចម្ងាយ៣២គីឡូ ម៉ែត្រនិងដំណាក់កាលទី៣រត់ចម្ងាយ៣២គីឡូម៉ែត្រដើម្បីមកដល់ទីផ្តាច់ព្រ័ត្រយកជ័យ លាភីប្រចាំឆ្នាំ២០១៦នេះ។
លោកបានពន្យល់បន្ថែមទៀតថា ការរត់ប្រណាំងចម្ងាយផ្លូវដ៏សែនឆ្ងាយបែបនេះ គណៈកម្មការរៀបចំការប្រកួត ក៏អាចអនុញ្ញាតឲ្យកីឡាករកីឡាការិនីសម្រាកដើម្បី សម្រួលកម្លាំងបន្តិច ហើយក៏អាចហូបអាហារប្ញភេសជ្ជៈផ្សេងៗបានដែរ។ ប៉ុន្តែមិនច្រើនពេកនោះទេ រួចហើយទើបបន្តការ រត់របស់ពួកគាត់ទៅមុខបន្តទៀតដោយមិនគិតយប់ឬក៏ថ្ងៃឡើយ សំខាន់ត្រូវទៅដល់ទីផ្តាច់ព្រ័ត្រទៅចន្លោះម៉ោង៨ព្រឹកថ្ងៃទី២នៃកម្មវិធីប្រកួតខាងលើនោះ។
លោកបានបញ្ជាក់ថា តួលេខរបស់អ្នកចូលរួមរត់ប្រណាំងអាចនឹងមានការថយចុះពីព្រោះការរត់ចម្ងាយឆ្ងាយបែបនេះអ្នកចុះឈ្មោះខ្លះអាចបោះបង់ចោលវិញ ហើយកីឡាករកីឡាការិនី ដែលហ៊ានរត់ក្នុងព្រឹត្តិការណ៍នេះសុទ្ធតែជាក្រុមមនុស្សដែកទាំងអស់គ្នា ទើបអាចតស៊ូដោយ ភាពអំណត់លើផ្លូវដ៏វែងឆ្ងាយទទួលបានជោគជ័យ។
កីឡាករកីឡាការិនីទាំង៤៣៥នាក់នោះមានដូចជា អូស្ត្រាលី១៥នាក់ បែលហ្ស៊ិក១០នាក់ ប្រេស៊ីល៥នាក់ កាណាដា៥នាក់ ចិន១៥នាក់ កូឡុំប៊ី៥នាក់ អេស្ប៉ាញ៥នាក់ អាមេរិក២៥នាក់បារាំង៨០នាក់ អាល្លឺម៉ង់២៥នាក់ ឥណ្ឌា១០នាក់ ឥណ្ឌូនេស៊ី៥នាក់ អៀរឡង់៥នាក់ អ៊ីស្រាអែល៥នាក់ អ៊ីតាលី១០នាក់ ជប៉ុន១០នាក់ ម៉ាឡេស៊ី១០នាក់ ម៉ិចស៊ីកូ៥នាក់ ហូឡង់១០នាក់ ព័រទុយហ្គាល់៥នាក់ អង់គ្លេស ១៥នាក់ រុស្ស៊ី១០នាក់ សិង្ហបុរី១០នាក់ អាហ្វិចខាងត្បូង១០នាក់ កូរ៉េខាងត្បូង៥នាក់ ស្វីស១០នាក់ ថៃ៣០នាក់វៀតណាម៣០នាក់និងម្ចាស់ផ្ទះកម្ពុជា ៣៥នាក់សរុប៤៣៥នាក់ក្នុងនោះជនបរទេស៤០០នាក់៕
ដោយ៖ សារីម